រាជធានីភ្នំពេញ ៖ រថយន្តមែរសឺដេស ស៊េរី S320 ពណ៌ស មួយគ្រឿង ពុំមានស្លាកលេខ បានឆេះខ្ទេចខ្ទី និងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ឧសភា ២០១១ ក្រោយពីរថយន្តនោះបុកដើមគគីរនៅលើចិញ្ចើមមហាវិថីព្រះនរោត្តម មុខស្ថានទូតសិង្ហបុរី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ មន្ត្រីនគរបាលមូលដ្ឋានបានអះអាងថា នៅក្នុងហេតុការណ៍រថយន្តបុកដើមគគីរមុខស្ថានទូតសិង្ហបុរី រហូតដល់ឆេះខ្ទេចខ្លួនឯងនោះ មិនមែនជារឿងភេរវកម្មទេ គឺជារឿងគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធ ហើយក្នុងហេតុការណ៍នេះបណ្តាលឱ្យអ្នកបើកបររថយន្តរបួសបែកក្បាល និងដាច់ស្លឹកត្រចៀកអស់ពាក់កណ្តាលខាងឆ្វេង ។
តាមព័ត៌មានពីមន្ត្រីសមត្ថកិច្ចមួយរូបដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញរថយន្តមួយគ្រឿងម៉ាកមែរសឺដេស ពណ៌ស គ្មានស្លាកលេខ បើករេពេញផ្លូវតាមបណ្តោយមហាវិថីព្រះនរោត្តម ឆ្ពោះទៅវិមានឯករាជ្យ ក្នុងល្បឿនលឿន ទំនងជាអ្នកបើកបររថយន្តនោះស្រវឹងធ្លាក់ភ្នែកលុះមកដល់កែងផ្លូវលេខ២៤២ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ស្រាប់តែរថយន្តនោះរេចង្កូតមកខាងស្តាំ ហើយជ្រុលទៅបុកដើមគគីរ ក្បែរច្រកទ្វារចូលស្ថានទូតសិង្ហបុរី លាន់កក្រើកដូចផ្ទុះគ្រាប់បែក និងបង្កការភ្ញាក់ផ្អើលដល់កងសន្តិសុខដែលកំពុងយាមក្នុងប៉ុស្តិ៍នោះ ។
ក្រោយពីបុកដើមគគីរធ្លាក់កាងស្លាកលេខហើយ រថយន្តត្រឡប់ក្បាលបែរទៅទិសខាងកើត (ទទឹងថ្នល់) ស្រាប់តែមានផ្កាភ្លើងខ្ទាតចេញពីក្នុងម៉ាស៊ីនរថយន្ត ស្របពេលអ្នកបើករថយន្តនោះបើកទ្វារចេញមកខាងក្រៅ និងមានឈាមហូរពេញផ្ទៃមុខហើយគេចខ្លួនបាត់។ បន្ទាប់មកទើបមានអណ្តាតភ្លើងឆាបឆេះម៉ាស៊ីនរថយន្តយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះ កម្លាំងនគរបាលមូលដ្ឋានបានមកដល់ចំណុចកើតហេតុទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍បាញ់ទឹកអស់៣រថយន្ត ទើបរលត់នៅសល់តែឆ្អឹងប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ