ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ប្រកាស​ផ្អាក​បំណុលដំណាក់​កាល​ដំបូង​​ ដើម្បី​ជួយ​ដោះ​បន្ទុក​កសិករ​​៤​លាន​នាក់

11 ខែ មុន

ថៃ ៖ លោក Julapun Amornvivat អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ថៃ បាន​ប្រកាស​ថា កសិករ

ថៃ ៖ លោក Julapun Amornvivat អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ថៃ បាន​ប្រកាស​ថា កសិករ និង​សហគ្រាស​ធុន​តូច និង​មធ្យម មិន​លើស​ពី​៧​លាន​នាក់​/​សហគ្រាស នឹង​ទទួល​បានការ​សម្រាល​បន្ទុក ឬ​ភាព​គ្រប់គ្រាន់ សម្រាប់​ដំណាក់កាល​ដំបូង នៃ​ការ​ផ្អាក​បំណុល ដែល​ជា​វិធានការ​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​។ ការ​បំបែក​តួលេខ​នេះ ត្រូវ​បាន​រំពឹង​ថា នឹង​មាន​កសិករ​ខ្នាត​តូច​ប្រហែល​៤​លាន​នាក់ និង​សហគ្រាស​ធុន​តូច និង​មធ្យម ៣​លាន​សហគ្រាស​។ នេះ​បើ​យោង​តាម​សារព័ត៌មាន The Thaiger ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣​។

យ៉ាងណាមិញ អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​ជាក់លាក់​អំពី​វិសាលភាព និង​ដែន​កំណត់ នៃ​ការ​ផ្អាក​បំណុល​នោះ​ទេ ដោយ​ព័ត៌មាន​លម្អិត​ទាំងនេះ ត្រូវ​បាន​កំណត់​ដោយ​ការ​ទទួលខុសត្រូវ​សារពើពន្ធ​របស់​រដ្ឋាភិបាល ទាក់ទង​នឹង​ការ​ទូទាត់​ការ​ប្រាក់​ដល់​ស្ថាប័នហិរញ្ញវត្ថុ​រដ្ឋ​។

លោក Julapun បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ការ​ផ្អាក​បំណុល នឹង​ត្រូវ​ផ្តល់​ជូន​ដល់​កសិករ​ខ្នាត​តូច និង​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​មិន​ចាំបាច់​មានការ​លំបាក​អ្វី​ឡើយ​។ ព័ត៌មាន​លម្អិត​បន្ថែម​អំពី​គម្រោង​នេះ កំពុង​រង់ចាំ​នៅ​ស​ប្តា​ហ៍​ខាង​មុខ ហើយ​គ្រោង​នឹង​បញ្ជូន​ទៅ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ពេល​ចាប់ផ្តើម​ខែ​ក្រោយ​»​។

ក្រោយ​ការ​អនុវត្ត​ដំណាក់កាល​ទី​១ រដ្ឋាភិបាល​មាន​បំណង​ស៊ើបអង្កេត​បញ្ហា​បំណុល​របស់​អ្នក​ខ្ចី​ប្រភេទ​ផ្សេង​ទៀត រួម​មាន សហករណ៍​កសិកម្ម គ្រូបង្រៀន មន្ត្រី​នគរបាល និង​អ្នក​ខ្ចី​បំណុល​ក្រៅ​ប្រព័ន្ធ ខណៈ​ក្រសួង​ហិរញ្ញវត្ថុ ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ថៃ ស្រេ​ត​ថា ថា​វី​ស៊ី​ន (Srettha Thavisin) បញ្ជា​ឱ្យ​ព​ន្លឿ​ន​ការ​ផ្អាក​បំណុល​សម្រាប់​ប្រភេទ​ដំបូង និង​កាត់​បន្ថយ​បន្ទុក​បំណុល​របស់​ប្រជាជន​ទាំងមូល​។

លោក Chatchai Sirilai ប្រធាន​ធនាគារ​កសិកម្ម និង​សហករណ៍​កសិកម្ម ដែល​ហៅ​កាត់​ថា BAAC បាន​ធានា​ជា​ថ្មី​ថា គម្រោង​ផ្អាក​បំណុល​កសិករ នឹង​មិន​ប៉ះពាល់​ដល់​សាច់ប្រាក់​ងាយស្រួល​របស់​ធនាគារ​នោះ​ទេ​។

យោង​តាម​របាយការណ៍​ពី​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ បានឱ្យ​ដឹង​ថា ធនាគារ BAAC ដែល​បម្រើ​អតិថិជន​ចំនួន ៤.២​លាន​នាក់ បាន​ស្នើ​សុំ​ជម្រើស​ផ្សេង​ៗ​ដល់​រដ្ឋាភិបាល​សម្រាប់​ដែន​កំណត់​ប្រាក់​កម្ចី ដែល​មិន​ទាន់​មាន​ក្នុង​កម្មវិធី​នេះ​។ ប្រហែល ៣០% នៃ​អតិថិជន​របស់​ធនាគារ​មាន​បំណុល​តិច​ជាង ១០​ម៉ឺន​បាត ស្មើនឹង ២,៨០០​ដុល្លារ​។

លោក Chatchai សង្កត់ធ្ងន់​ថា វិធានការ​បន្ធូរបន្ថយ​បំណុល​នេះ នឹង​មិន​បង្ក​គ្រោះថ្នាក់​ខាង​សីលធម៌​នោះ​ទេ ដោយសារ​តែ​គម្រោង​នេះ នឹង​ដំណើរការ​ក្នុង​ពេល​ដំណាលគ្នា​ជាមួយនឹង​កម្មវិធី​លើកទឹកចិត្ត ដើម្បី​អប់រំ​កសិករ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ