ស្ត្រីអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោកស្រីយ៉ាងយូ ថ្លែងកាលពីថ្ងៃទី១៥ ឧសភា ថា នាយករដ្ឋមន្ត្រីចិន លោកវេន ជាបាវ នឹងទៅចូលរួមក្នុងកិច្ចប្រជុំត្រីភាគីលើកទី៤របស់មេដឹកនាំចិន ជប៉ុន និងកូរ៉េខាងត្បូង នៅទីក្រុងតូក្យូនាថ្ងៃទី២១ និង២២ ឧសភា ខាងមុខនេះ ។
លោកស្រីយ៉ាងយូ បញ្ជាក់ថា មេដឹកនាំរបស់ប្រទេសទាំង៣នឹងធ្វើការពិភាក្សាគ្នាដោយស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការ ព្រមទាំងលើបញ្ហាតំបន់ និងអន្តរជាតិទាំងឡាយដែលមានផលប្រយោជន៍រួម ។ លោកវេន ជាបាវ ក៏នឹងជួបប្រជុំទ្វេភាគីផងដែរជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកណាអូតូ កាន និងប្រធានាធិបតីកូរ៉េខាងត្បូងលោកលី ម្យុងបាក់ ។ ម្យ៉ាងវិញទៀត នាយករដ្ឋមន្ត្រីចិននឹងទៅកាន់ទីក្រុងហ្វូគូស៊ីម៉ា និងតំបន់ដទៃៗទៀតដែលរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយការរញ្ជួយដី និងស៊ូណាមី កាលពីថ្ងៃទី១១ មីនា កន្លងមកនេះ នៅជប៉ុន ៕
ចែករំលែកព័តមាននេះ