ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាក់​គី​អៅ ប្រកាស​ចង់​ឡើង​សង្វៀន​ប្រកួត​តំណាង​ហ្វី​លី​ពី​ន នៅ​អូ​ឡាំ​ពិ​ក​ឆ្នាំ​ក្រោយ

10 ខែ មុន

ហ្វី​លី​ពី​ន ៖ លោក ម៉ា​នី ប៉ាក់​គី​អៅ (Manny Pacquiao) កំពុង​រៀបចំ​ផែន​វិល​ត្រឡប់​ឡើង​សង្វៀន​

ហ្វី​លី​ពី​ន ៖ លោក ម៉ា​នី ប៉ាក់​គី​អៅ (Manny Pacquiao) កំពុង​រៀបចំ​ផែន​វិល​ត្រឡប់​ឡើង​សង្វៀន​ប្រកួត​លក្ខណៈ​ផ្លូវការ​វិញ ដោយ​ស្តេច​ប្រដាល់សកល​ហ្វី​លី​ពី​នរូ​ប​នេះ ចង់​តំណាង​ប្រទេស​កំណើត​របស់​ខ្លួន ចូលរួម​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ បើ​ទោះ​បច្ចុប្បន្ន​ឈាន​ដល់​វ័យ​៤៥​ឆ្នាំ​យ៉ាងណា​ក៏​ដោយ​។

លោក ប៉ាក់​គី​អៅ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ហ្វី​លី​ពី​ន Rappler ថា តាម​ពិត​ទៅ គាត់​ចង់​តំណាង​ហ្វី​លី​ពី​ន​ក្នុង​ការ​ប្រកួត​អន្តរជាតិ មុន​ពេល​ចាប់ផ្តើម​អាជីព​ប្រដាល់សកល ប៉ុន្តែ​មិន​ត្រូវ​បាន​ជ្រើសរើស​នោះ​ទេ​។

កំពូល​អ្នក​ប្រដាល់​មាឌ​ល្អិត​ចិត្តធំ ដែល​កំពុង​ប្រឡូក​ក្នុង​ឆាកនយោបាយ​រូប​នេះ បាន​និយាយ​ថា «​ខ្ញុំ​កំពុង​រង់ចាំ​ឱកាស​នោះ ហើយ​ខ្ញុំ​រំភើបចិត្ត​ចំពោះ​វា​។ តាំងពី​ដើម​មក ខ្ញុំ​បាន​ទៅ​ទីក្រុង​ម៉ានីល ដើម្បី​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​ក្រុម​ជម្រើសជាតិ​ហ្វី​លី​ពី​ន ប៉ុន្តែ​ខ្ញុំ​មិន​ត្រូវ​បាន​ជ្រើសរើស​ទេ ខ្ញុំ​ត្រូវ​បាន​គេ​ច្រានចោល ពីព្រោះ​ពួក​គេ​ថា ខ្ញុំ​មិនល្អ​។ បេះដូង និង​បំណងប្រាថ្នា​របស់ខ្ញុំ គឺ​ចង់បាន​មេដាយមាស នៅ​ក្នុង​កីឡា​អូ​ឡាំ​ពិ​ក​»​។

លោក Abraham Tolentino ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​ហ្វី​លី​ពី​ន បាន​លើក​ឡើង​ថា ការ​កំណត់​អាយុ នៅ​ក្នុង​ការ​ប្រកួត Asian Games ដែល​ជា​វគ្គ​ជម្រុះ នៃ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក គឺ​មាន​អាយុ​ត្រឹម​៤០​ឆ្នាំ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ លោក ប៉ាក់​គី​អៅ ត្រូវ​បាន​គេ​រាយការណ៍​ថា អាច​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​ប្រកួត​នៅ​ឆ្នាំ​ក្រោយ​។

សូម​ជម្រាប​ថា ម៉ា​នី ប៉ាក់​គី​អៅ ឆ្លងកាត់​ការ​ប្រកួត​សរុប​ចំនួន ៧២​ដង ឈ្នះ ៦២​ដង ស្មើ ៨​ដង និង​ចាញ់ ២​ដង និង​បាន​ផ្តួល​គូប្រកួត​ឱ្យ​បោះបង់​ការ​ប្រកួត ៣៩​ដង ហើយ​ក៏​គឺជា​កីឡាករ​ប្រដាល់​សកល​​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក ១២ លើ​៨​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា និង​ជា​កីឡាករ​តែ​ម្នាក់​គត់ កាន់កាប់​ជើងឯក​ពិភពលោក​ក្នុង​ពេល​៤​ទស​វត្ស (១៩៩០, ២០០០, ២០១០ និង ២០២០)​។

ការ​ប្រកួត​អាជីព​ចុង​ក្រោយ​របស់​លោក កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២១ ដោយ​ចាញ់​អ្នក​ប្រដាល់​គុយ​បា Yordenis Ugas ។ ប៉ាក់​គី​អៅ បាន​ប្រកាស​ចូល​និវត្តន៍​ភ្លាម​ៗ​ពី​អាជីព​របស់​ខ្លួន កាលពី​២៩ ខែកញ្ញា ឆ្នាំ​២០២១​។

យ៉ាងណាមិញ បើ​ទោះបីជា​ចូល​និវត្តន៍​ក៏​ពិតមែន ប៉ុន្តែ​អ្នក​ប្រដាល់​រូប​នេះ បាន​បង្ហាញ​វត្តមាន​សម្រាប់​ការ​ប្រកួត​សប្បុរ​ធម៌ ឬ ក្រៅផ្លូវការ ដោយ​បាន​យកឈ្នះ​លើ​គ្រូ​គុន​កូរ៉េ​ខាងត្បូង DK Yoo កាលពី​ខែធ្នូ ឆ្នាំ​មុន​។ ហើយ ប៉ាក់​គី​អៅ ក៏​នឹង​ត្រៀម​ប៉ះ​កំពូល​អ្នក​ប្រដាល់​មួយ​ថៃ ប៊ូ​ខាវ បេន​ឆា​មេ​ក (Buakaw Banchamek) នៅ​ក្នុង​ការ​ប្រកួត​ក្រៅផ្លូវការ​មួយទៀត នៅ​ដើមឆ្នាំ​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ