ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានាំចេញ «បង្កងកណ្តូប» រស់ រសជាតិឆ្ងាញ់ទៅកាន់ទីផ្សារចិនជាលើកដំបូង

10 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជាលើកដំបូងកម្ពុជាបាននាំចេញ «បង្កងកណ្តូប» រស់ ដែលជាធនធានជលផលសមុទ្រទៅកាន់ទីផ្សារប្រទេសចិន ក្នុងចំនួន ៤៥ គីឡូក្រាម បន្ទាប់ពីមានការអនុញ្ញាតពីគយចិន…

រាជធានីភ្នំពេញ ៖ ជាលើកដំបូងកម្ពុជាបាននាំចេញ «បង្កងកណ្តូប» រស់ ដែលជាធនធានជលផលសមុទ្រទៅកាន់ទីផ្សារប្រទេសចិន ក្នុងចំនួន ៤៥ គីឡូក្រាម បន្ទាប់ពីមានការអនុញ្ញាតពីគយចិន ។

កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ មកនេះ កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងថា កម្ពុជាបាននាំចេញ «បង្កងកណ្តូប» រស់ ចំនួន ៤៥ គីឡូក្រាមទៅកាន់ទីផ្សារប្រទេសចិន កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣ បន្ទាប់ពីបានចុះកិច្ចព្រព្រៀងជាមួយចិន ។ ការនាំចេញនេះត្រូវបានវេចខ្ចប់យ៉ាងត្រឹមត្រូវ គឺខ្ចប់ដោយផ្លាស្ទិកមួយៗតែម្តង ព្រមទាំងមានដាក់ឧកស៊ីហ៊្សែនបញ្ចូលផងដែរ ។

លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផល បានឱ្យដឹងដែរថា «បង្កងកណ្តូប» ធម្មជាតិមានរសជាតិឆ្ងាញ់ ។ បង្កងកណ្តូប ជាផលិតផលសមុទ្រ មួយដែលពិបាករក ព្រោះវាជាផលិតផលធម្មជាតិដែលមិនសូវជាសម្បូរឡើយ ហើយក៏មិនទាន់មានប្រទេសលើពិភពលោកណាអាចចិញ្ចឹមបានដែរ ។

លោកបញ្ជាក់ទៀតថា ពីមុន បង្កងកណ្តូប នេះមិនមានតម្រូវការទេ ហើយអ្នកនេសាទតែងតែបោះវាចូលទៅក្នុងសមុទ្រវិញពេលជាប់មងរបស់គាត់ ប៉ុន្តែចាប់តាំងពីចិនចូលមកស្រុកខ្មែរស្រាប់តែ បង្កងកណ្តូប នេះមានអ្នកចាប់អារម្មណ៍ និងមានតម្រូវការទាំងក្នុងស្រុក និងចិន ។

ជាមួយគ្នានេះ កញ្ញា អ៉ឹម រចនា បានបញ្ជាក់បន្ថែមថា បង្កងកណ្តូប ដោយសារតែមរិមាណនៅក្នុងធម្មជាតិមានចំនួនតិច ហើយតម្រូវការនៅខាងចិនមានច្រើន ដូច្នេះយើងត្រូវថ្លឹងថ្លែងថា តើយើងត្រូវនាំក្នុងបរិមាណកម្រិតណា ដើម្បីធានាថា ធនធានធម្មជាតិដែលកម្រក្នុងសមុទ្រនៅតែអាចរក្សាបាននូវតុល្យភាព និងមិនដាច់ពូជ ។ ដូច្នេះហើយបាជាយើងនាំចេញលើកដំបូងតែ ៤៥ គីឡូក្រាម ។

សូមរំលឹកផងដែរថា ផលិតផលជលផលកន្លងមកកម្ពុជាបាននាំចេញទៅកាន់ប្រទេសចិន មានដូចជា ៖ ត្រីប្រាចិញ្ចឹមចំនួន ១៤ តោន និងត្រីប្រាធម្មជាតិចំនួន ១១ តោន ។ ហើយកាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះដែរបាននាំចេញ កំពឹសទឹកសាបបង្កក និងអន្ទង់បង្កក ចំនួន ១០ តោន ។ អ្វីដែលកម្ពុជាអាចនាំចេញទៅចិនបាន គឺគ្រប់ផលិតផលទាំងអស់ក្រសួងកសិកម្ម ត្រូវចុះកិច្ចព្រមព្រៀងជាមួយខាងគយចិន ៕