ក្រុមសកម្មជនរាយការណ៍ថា ជនស៊ីវិលយ៉ាងតិច៧នាក់បានត្រូវស្លាប់កាលពីថ្ងៃទី១៥ ឧសភា ក្នុងការវាយប្រហាររបស់កងទ័ពស៊ីរីនៅ TEL KELAKH ជិតព្រំដែនលីបង់ដើម្បីបង្ក្រាបការបះបោរទាមទារលទ្ធិប្រជាធិបតេយ្យ ។ ការវាយប្រហារនានាប្រមូលផ្តុំក្នុងសង្កាត់ AL BOURDJ សង្កាត់ GHALIOUN សង្កាត់ SOUK និងសង្កាត់ MAHATA ។ ក្រុមការពារសិទ្ធិមនុស្សនិយាយថា ពួកអ្នកត្រូវរបួសត្រូវរារាំងមិនឱ្យចូលទៅព្យាបាលក្នុងមន្ទីរពេទ្យសំខាន់នៃទីក្រុងនោះ ដែលហ៊ុមព័ទ្ធដោយកងកម្លាំងសន្តិសុខ និងថា ផ្លូវសំខាន់ទៅកាន់លីបង់ត្រូវរាំងខ្ទប់។
អាជ្ញាធរលីបង់បានពង្រឹងវិធានការសន្តិសុខនៅតាមព្រំដែន ដើម្បីបង្ការចំពោះការហូរចូលយ៉ាងច្រើននៃពួកជនភៀសខ្លួនដោយសារអំពើហិង្សានៅស៊ីរី ។ ប្រឈមមុខចំពោះការបន្តការតវ៉ាប្រឆាំងរបបរបស់លោកប្រធានាធិបតីបាចា អែល អាសាដ ដែលចាប់ផ្តើមពីពាក់កណ្តាលខែមីនាមក កងទាហាន និងរថក្រោះស៊ីរីត្រូវបានដាក់ពង្រាយក្នុងមូលដ្ឋានជាច្រើននៃតំបន់ HAURAN ភាគខាងត្បូងប្រទេស ក្នុងខេត្ត HOMS ភាគកណ្តាលប្រទេស និងតាមបណ្តោយឆ្នេរសមុទ្រមេឌីទែររ៉ាណេ ។ រថក្រោះរបស់កងទ័ពបានបាញ់គ្រាប់ផ្លោងយ៉ាងតិច៨៥គ្រាប់ នៅក្រុង TEL KELAKH ចាប់ពីថ្ងៃទី១៤ ឧសភា មក ៕
ចែករំលែកព័តមាននេះ