ខេត្តកំពង់ឆ្នាំង ៖ បុរសមុខរបរឡើងត្នោតរំងាស់យកស្ករម្នាក់បានរងរបួសធ្លាក់ពីលើចុងត្នោតធ្វើឱ្យមនុស្សម្នាក្នុងភូមិផ្អើលឆោឡោឡើង ហើយប្រញាប់ប្រញាល់ដឹកមកផ្ទះដោយហៅគ្រូពេទ្យឯកជនមកព្យាបាល ។ ហេតុការណ៍នោះកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៥ ឧសភា នៅចម្ងាយប្រមាណ១០០ម៉ែត្រ ពីក្រោយផ្ទះជនរងគ្រោះស្ថិតនៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ។ បុរសរងគ្រោះនោះឈ្មោះ ចន ចាន់ អាយុ៤៨ឆ្នាំ ។
តាមព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ក្រោយពីដឹងខ្លួនឡើងវិញ បុរសរងគ្រោះបានប្រឹងនិយាយថា ពេលគាត់ឡើងដើមត្នោតខាងក្រោយផ្ទះដើម្បីដាក់ទឹកត្នោត ឡើងដល់.កត្នោត ពេលគាត់តោងបង្អោងក៏បានបាក់.កបង្អោងធ្វើឱ្យគាត់ផ្ងារមកក្រោយហើយដោយមានស្មារតីមិនតក់ស្លុតគាត់បានធាក់ដើមត្នោតបន្ថែមដើម្បីឱ្យខ្លួនខ្ទាតចេញឆ្ងាយពីគល់ត្នោតខ្លាចបោកក្បាលត្រូវគល់ត្នោត ព្រោះដើមត្នោតនោះទ្រេតផង បើមិនអ៊ីចឹងរងពិតជាធ្លាក់ចំគល់ត្នោតដែលទ្រេតនោះជាមិនខាន ហើយរូបគាត់ក៏ធ្លាក់ត្រូវដីស្រែដែលទើបភ្លៀងហើយដីក៏នៅជ្រាយធ្វើឱ្យគាត់របួសមធ្យមប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណាត្នោតនេះមានកម្ពស់៨ម៉ែត្រ បានធ្វើឱ្យគាត់ស្រុញចង្កេះរបួសរយះដៃខាងឆ្វេង និងក.ជើងខាងឆ្វេងផងដែរ ។
គាត់មិនហ៊ានសន្និដ្ឋានថា នឹងមានអ្វីកើតឡើងលើរូបគាត់ច្បាស់លាស់នោះទេ ព្រោះធ្លាក់កម្ពស់៨ម៉ែត្រទៅហើយ មួយរយៈពេលទៀត ទើបអាចបញ្ជាក់បាន។ ជីវិតអ្នកឡើងត្នោតពិតជាផ្សងព្រេងណាស់៕
ចែករំលែកព័តមាននេះ