កម្មវិធីរៀបអាពាហ៍ពិពាហ៍ជាទូទៅ គឺចំណាយពេលត្រឹមតែ១ថ្ងៃទេ ប៉ុន្តែសម្រាប់អ្នកដែលមានធនធានខ្លះ គឺអាចដល់៣ថ្ងៃ ហើយអាចលើសពីនេះ ដោយឡែកមនុស្សសម័យបច្ចុប្បន្នខ្លះ គឺបានសង្ខេបត្រឹមតែមួយថ្ងៃ ហើយខ្លះរហូតដល់ត្រឹមតែកន្លះថ្ងៃ ដោយកាត់ចោលពិធីមួយចំនួន ។…
កម្មវិធីរៀបអាពាហ៍ពិពាហ៍ជាទូទៅ គឺចំណាយពេលត្រឹមតែ១ថ្ងៃទេ ប៉ុន្តែសម្រាប់អ្នកដែលមានធនធានខ្លះ គឺអាចដល់៣ថ្ងៃ ហើយអាចលើសពីនេះ ដោយឡែកមនុស្សសម័យបច្ចុប្បន្នខ្លះ គឺបានសង្ខេបត្រឹមតែមួយថ្ងៃ ហើយខ្លះរហូតដល់ត្រឹមតែកន្លះថ្ងៃ ដោយកាត់ចោលពិធីមួយចំនួន ។ ប៉ុន្តែពិធីថ្មីខ្លះក៏បានលេចចេញមកដោយនៅក្នុងនោះ គឺមានពិធីព្រីវិដឌីងដែលភាសាអង់គ្លេសដាក់ថា Pre Wedding មួយដែរ ។

តាមក្បូនខ្នាតជាទូទៅ ដើម្បីអោយពិធីរៀបអាពាហ៍ពិពាហ៍មួយបរិបូរណ៍ទៅតាមប្រពៃណី គឺត្រូវឆ្លងកាត់ពិធីជាច្រើនដោយរាប់តាំងពីកិច្ចចូលរោងខាងស្រីដែលរួមទាំងសូត្រមន្ត, កិច្ចសែនក្រុងពាលី, កិច្ចហែរជំនូន, កិច្ចរៀបរាប់បណ្ដាការ, កិច្ចសែនព្រេនមេបា, កិច្ចបំពាក់ចិញ្ចៀន, កិច្ចកាត់សក់បង្កក់សិរី, កិច្ចសំពះផ្ទឹមចងដៃ, កិច្ចបង្វិលពពិល, កិច្ចបាចផ្កាស្លា, កិច្ចព្រះថោងតោងស្បៃនាងនាគ, កិច្ចពិសារភោជនីហារនាពេលល្ងាច, និងផ្សំដំណេកជាដើម ។ ប៉ុន្តែដោយសារតែពេលវេលា និងធនធានពិធីមួយចំនួនត្រូវកាត់ចោល ។

ទោះយ៉ាងនេះក្តី ពិធីថ្មីដែលយុវវ័យសម័យនេះចូលចិត្តយកមកបញ្ចូលនៅក្នុងពិធីមង្គលរបស់គេ គឺព្រីវិដឌីងនេះឯង ។
ព្រីវិដឌីង ជាកម្មវិធីថ្មីដែលបានលេចចេញនៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់ពលរដ្ឋកម្ពុជានៅសម័យប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយកម្មវិធីនេះក៏កំពុងតែពេញនិយមសម្រាប់យុវវ័យសម័យនិយម ។

ដូចដែលបញ្ជាក់ខាងលើកម្មវិធីនេះមិនមែនជាកម្មវិធីប្រពៃណីនៅក្នុងបែបបទនៃការរៀបចំអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរពីបុរាណកាលឡើយ ប៉ុន្តែវាបានកំពុងតែពេញនិយមនៅក្នុងចំណោមយុវវ័យដែលទាន់សម័យ ។
កម្មវិធីនេះ គឺជាកម្មវិធីមុនពេលកូនក្រមុំ និងកូនកម្លោះពួកគេដឹកដៃគ្នាចូលរោងការ ។ តាមកម្មវិធីនេះពួកគេនាំគ្នាទៅថតរូបនៅតាមទីកន្លែងនានា ដែលពួកគេចង់ទៅដោយកម្មវិធីនេះ ចំណាយមិនតិចនោះឡើយ ។ សម្រាប់អ្នកដែលមានធនធានគ្រាន់តែកម្មវិធីព្រីវិដឌីងនេះ គេចំណាយមានខ្ទង់ពាន់រហូតដល់ខ្ទង់ម៉ឺនដុល្លារដោយអាស្រ័យលើលទ្ធភាពរបស់កូនក្រមុំ និងកូនកម្លោះ ហ៊ានចំណាយ ឬក៏អត់ ដោយមានអ្នកខ្លះអាចចេញទៅថតនៅក្រៅប្រទេស ឬរមណីដ្ឋានឆ្ងាយៗដែលអាចនឹងអស់សោហ៊ុយច្រើន ។

មូលហេតុដែលត្រូវរ៉ាប់រ៉ងការចំណាយដ៏ខ្ពស់បែបនេះ គឺទៅលើការធ្វើដំណើរ ការហូបចុក ការជួលក្រុមការងារថតរូបសម្លៀកបំពាក់ តុបតែងកាយ ទីកន្លែងថត … ជាដើម ។ ផលនៃការរៀបចំកម្មវិធីព្រីវិដឌីងនេះ អាចត្រូវបានគេវា.យតម្លៃខុសៗគ្នា ប៉ុន្តែតាមការសង្កេតរបស់យើង គឺគ្មានអ្វីក្រៅពីកូនក្រមុំ និងកូនកម្លោះពួកគេដឹកដៃគ្នាបង្កើតអនុស្សាវរីយមុនថ្ងៃរៀបការ ហើយក៏ដើម្បីថតរូបទុកសម្រាប់ចាក់នៅក្នុងកម្មវិធីដែលពួកគេរៀបការប៉ុណ្ណោះ ។

ជាទស្សនៈចំពោះកម្មវិធីនេះយើងមិនប្រឆាំងហើយក៏មិនជំទាស់ ប៉ុន្តែគ្រាន់តែចង់ជូនជាយោបល់ថា នៅក្នុងករណីយើងមានធនធានគ្រួសារធូរធាររៀបចំក៏រៀបទៅចុះពីព្រោះ វា គឺជាកម្មវិធីបំពេញ និងបង្ហាញក៏ដូចជា លើកកិត្តិយសរបស់យើង និងគ្រួសារផងដែរ ប៉ុន្តែប្រសិនបើយើងជាគ្រួសារសាមញ្ញជនទេ គួរកុំរៀបចំល្អជាងពីព្រោះវាជាផ្នែកមួយនៃការចំណាយដែលនឹងដាក់បន្ទុកសម្រាប់យើងបន្ថែមទៀតនៅពេលដែលរៀបការរួចហើយ ។
ពិធីរៀបអាពាហ៍ពិពាហ៍ គឺជាពិធីមង្គលសម្រាប់យុវវ័យបង្កើតគ្រួសារតាមគន្លងប្រពៃណី ដូច្នេះនរណាក៏ចង់បានភាពល្អឥតខ្ចោះដែរ ប៉ុន្តែប្រសិនបើវាចំណាយច្រើនពេកវាអាចជាបន្ទុកមួយបន្ថែមដែលយើងត្រូវរែកពន្ធ ខណៈដែលលុយសម័យនេះស្រួលចាយ ប៉ុន្តែពិបាករកហើយសំបូរកម្មវិធី និងកន្លែងត្រូវចាយ ស្របពេលដែលព្រភពដែលរកប្រាក់បានកាន់តែចង្អៀត ។
នៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ ប្រសិនបើគ្មានកម្មវិធីព្រីវិដឌីងក៏មិនជាទាស់ខុសអីដែរ ដោយសារតែវា គឺជាពិធីបន្ថែមល្បោយតែប៉ុណ្ណោះ ប៉ុន្តែប្រសិនបើយើងពិតជាចង់បានដូចគេដូចឯង ហើយចង់អស់ធនធានតិចអាចច្នៃវាទៅជា កម្មវិធីដែលមិនចាំបាច់ចំណាយច្រើនដោយជ្រើសរើសរូបថតដែលខ្លួនអ្នកទាំងពីរចាប់ផ្តើមស្គាល់គ្នាតាមពេលវេលាតាមឆ្នាំទម្រាំដល់ថ្ងៃមង្គលក៏វាម្យ៉ាង។

សរុបមកវិញ សម្រាប់កម្មវិធីព្រីវិដឌីងក្តី ឬក៏ពិធីផ្សេងៗក្តី គឺគ្រាន់តែញាំងអោយពិធីមង្គលរបស់យុវ័យវាមានសភាពឧឡារិកឧត្តុងឧត្តមប៉ុណ្ណោះ ប៉ុន្តែទោះជាមានពិធីទាំងនោះក្តីពិធីទាំងនេះមិនទាន់ស្របច្បាប់នៅឡើយទេ ។ ពិធីដែលឆ្លងកាត់ទាំងអស់ខាងលើ គឺជាពិធីប្រពៃណីដែលគ្រួសារត្រូវរៀបចំ ដើម្បីទទួលបានការទទួលស្គាល់ពីសង្គមប៉ុណ្ណោះ ហើយប្រសិនបើចង់ស្របច្បាប់ គឺត្រូវទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ។ សម្រាប់ព្រីវិដឌីង ប្រសិនបើមានធនធានវាក៏ជាកម្មវិធីលើកកិត្តិយសមួយសម្រាប់គ្រួសារ និងខ្លួនយើង ។
ប៉ុន្តែប្រសិនបើអត់ក៏គ្មាននរណាទៅដាក់ពិន័យ ឬក៏រិះគន់ដែរពីព្រោះវា គឺជាកម្មវិធីបន្ថែមដែលនឹងអាចមានការចំណាយ ។ យើងទាំងអស់គ្នាត្រូវចាំថា ជីវិតជាគូដែលកើតក្រោយអាពាហ៍ពិពាហ៍ មិនមែនមានសុភមង្គលពីព្រោះតែកម្មវិធីនេះទេ ។ ជីវិតគ្រួសារយើងមានសុភមង្គល គឺវាអាស្រ័យនៅលើសេចក្តីស្រលាញ់ ការគោរព និងអោយតម្លៃគ្នា និងចេះយោគយល់ និងដឹងទុក្ខធុរៈគ្នាទៅវិញទៅមកប៉ុណ្ណោះ ៕ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ