រាជធានីភ្នំពេញ ៖ បន្ទាប់ពីស្រាវជ្រាវតាមរកបុរសម្នាក់បើករថយន្តបុកស្ត្រីម្នាក់ធ្លាក់ពីម៉ូតូ រួចហើយកិនចំក្បាលស្លាប់ ហើយជននេះប្លុងរថយន្តចោលហៅម៉ូតូកង់៣ជិះគេច គឺបានដឹងអត្តសញ្ញាណហើយថា ការពិត គឺជាប្តីរបស់ស្ត្រីរងគ្រោះដែលស្លាប់យ៉ាងអាណោចអាធ័មនោះ ។

យោងតាមផេកស្នងការរាជធានីភ្នំពេញបានឱ្យដឹងថា សមត្ថកិច្ចបានចាប់ឃាត់ខ្លួនបុរសម្នាក់ ក្រោយពីបានបើករថយន្តបុកស្ត្រីជាប្រពន្ធធ្លាក់ពីលើម៉ូតូ រួចបន្ដបើកកិនបណ្តាលឲ្យស្លាប់នៅខណ្ឌច្បារអំពៅ ។

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំឱពេញ លោកវរសេនីយ៍ឯក ម៉ៅ សឿង អធិការនគរបាលខណ្ឌច្បារអំពៅបានស្រាវជ្រាវមន្ត្រីសមត្ថកិច្ចម្នាក់ ដែលបានបើករថយន្តមកបុកជនរងគ្រោះឲ្យធ្លាក់ពីលើម៉ូតូលើចិញ្ចើមផ្លូវ រួចជនសង្ស័យបើករថយន្តកិនជនរងគ្រោះចំក្បាលបណ្តាលឲ្យស្លាប់ ស្ថិតនៅមុខវត្តឫស្សីស្រស់ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ព្រុំ អ៊ាង អាយុ៦៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ដោយឡែក ជនសង្ស័យឈ្មោះ សូត្រ សិទ្ធី អាយុ៥៣ឆ្នាំ ស្នាក់នៅផ្ទះលេខ15F8 ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងកូនស្រីជិះម៉ូតូទៅផ្សារទិញអីវ៉ាន់។ ពេលនោះ ជនសង្ស័យក៏បានបើករថយន្តម៉ាក Toyota Highlander ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AB-4983 តាមពីក្រោយ។ ពេលជនរងគ្រោះឃើញរថយន្ត ក៏ប្រាប់ឲ្យកូនស្រីជិះអែបកៀន ដើម្បីឲ្យរថយន្តបើកទៅមុន តែជនសង្ស័យមិនបើកវ៉ាទៅមុខទេ។ ជនរងគ្រោះក៏ជិះម៉ូតូបន្តទៅមុខទៀត មកដល់ចំណុចកើតហេតុ ជនសង្ស័យក៏បើករថយន្ត មកបុកជនរងគ្រោះឲ្យធ្លាក់ពីលើម៉ូតូលើចិញ្ចើមផ្លូវ រួចបើករថយន្តកិនជនរងគ្រោះចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

ក្រោយបើកកិនជនរងគ្រោះ ជនសង្ស័យបើករថយន្តគេចខ្លួនមកទុកចោលនៅមុខដីឡូត៍គ្មានលេខ ជាប់របងវិទ្យាល័យច្បារអំពៅ ដោះផ្លាកលេខរថយន្តលាក់គុម្ភស្មៅក្បែរនោះ រួចដើរឡើងមកផ្លូវជាតិលេខ១ ជិះម៉ូតូកង់បី (ផាស់អាប់) គេចខ្លួន។

សមត្ថកិច្ចបានបញ្ជាក់ចំពោះហេតុដែលបុរសជនសង្ស័យជាប្តី បានបើករថយន្តបុកប្រពន្ធខ្លួនបណ្តាលអោយស្លាប់នេះ គឺបណ្តាលមកពីការរស់នៅមិនចុះសម្រុងគ្នា និងបញ្ហាទ្រព្យសម្បត្តិ។បន្ទាប់មក សមត្ថកិច្ច ស្រាវជ្រាវ ប្រមូលភស្តុតាងនៅកន្លែងកើតហេតុសង្ស័យ គឺជាមនុស្សតែមួយ។ លុះដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរ។

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងរថយន្តបង្ក បានកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ