កីឡាករប្រដាល់អ៊ុយក្រែនវ្ល៉ាឌីមៀ ឃ្លីតស្កូនៅក្នុងពេលធ្វើសន្និសីទកាសែតដើមសប្តាហ៍នេះបានប្រាប់អ្នកយកព័ត៌មានថា ខ្លួនគេកំពុងតែរង់ចាំដល់ថ្ងៃប្រកួតឆាប់ៗ(ថ្ងៃទី២ខែកក្កដា) ដើម្បីបំបិទមាត់កីឡាករដេវីដ ហេ។
នៅក្នុងពេលធ្វើសន្និសីទកាសែតជាលើកដំបូងរបស់ពួកគេមុនពេលថ្ងៃប្រកួតមកដល់ វ្ល៉ាឌីមៀវ័យ៣៥ឆ្នាំបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនបានទទួលការជេរប្រមាថគ្រប់គ្រាន់ ហើយពីសំណាក់កីឡាករអង់គ្លេសដេវីដ ហេ។ ម្ចាស់ជើងឯកទម្ងន់ធ្ងន់ពិភពលោកស្ថាប័នIBFនិងWBOរូបនេះដោយបាននិយាយថា៖«ការនិយាយឃោសនាបំផ្លឺសហើយនិងការធ្វើឲ្យចាប់អារម្មណ៍ទាំងអស់នេះគឺជារឿងមួយអស្ចារ្យសម្រាប់ប្រភេទទម្ងន់នេះ។ តែដល់ពេលមួយនោះ ការនិយាយទាំងនេះនឹងត្រូវបញ្ចប់ហើយ។ ពេលនោះយើងនឹងរកឃើញជើងឯកពិតប្រាកដ។ យើងឃើញបុរសម្នាក់ដែលកំពុងលើកដំកើងនិងឃោសនាខ្លួនឯងហើយនិងកំពុងប្រើពាក្យប្រមាថមកលើបងប្អូនត្រកូលឃ្លីតស្កូ។ ការប្រកួតលើកនេះគឺធ្វើឱ្យមានភាពរំជើបរំជួលបំផុតជាពិសេសក្នុងប្រភេទទម្ងន់ធ្ងន់ពិភពលោកហើយខ្ញុំកំពុងតែរង់ចាំយ៉ាងអន្ទះសា។ យ៉ាងណាខ្ញុំនៅតែសម្តែងការគោរពយ៉ាងជ្រាលជ្រៅដល់កីឡាករដេវីដ ហេ។ គេជាកីឡាករដែលធ្វើឱ្យមានភាពរំជើបរំជួលយ៉ាងពិតប្រាកដ ជាអ្នកពូកែប្រើកណ្តាប់ដៃនិងមានល្បឿនវាយចេញយ៉ាងរហ័ស។ ការប្រកួតលើកនេះមិនមែនជាការងាយស្រួលឡើយសម្រាប់ខ្ញុំ តែខ្ញុំដឹងថាត្រូវធ្វើយ៉ាងម៉េចហើយ។ ការប្រកួតនោះនឹងចំណាយពេលដល់ទៅ១២ទឹកដ្បិតដេវីដ ហេមិនងាយនឹងបោះបង់ឬក៏សន្លប់ឡើយ។ ផែនការរបស់ខ្ញុំគឺបណ្តែតដល់ទឹកចុងក្រោយ ហើយបន្ទាប់មកវាយឱ្យគេសន្លប់នៅទឹកចុងក្រោយតែម្តង»។
ចំណែកកីឡាករដេវីដ ហេដែលគ្រងខ្សែក្រវាត់ស្ថាប័ន WBAបានបន្តវាយប្រហារពាក្យសម្តីបន្ថែមទៀតលើវ្ល៉ាឌីមៀដោយនិយាយថា៖«ខ្ញុំជឿជាក់ថា គេគឺជាមនុស្សមិនសុចរិតទេចូលចិត្តការលួចបន្លំហើយគេជ្រើសរើសយកគូប្រកួតណាដែលគេយល់ថាអាចយកឈ្នះបាន»។ ដេវីដ ហេ បានបន្ថែមទៀតថា៖«ខ្ញុំជាកីឡាករដែលជំនាញខាងលុបបំបាត់ចោលនូវការលួចបន្លំ។ ខ្ញុំនឹងធ្វើឱ្យការប្រកួតកាន់តែមានភាពរំជើបរំជួលបន្ថែមទៀត »។
សូមបញ្ជាក់ថាបន្ទាប់ពីកាលបរិច្ឆេទនិងទីកន្លែងប្រកួតត្រូវបានកំណត់រួចរាល់នោះ ដេវីដ ហេបានអះអាងថាកីឡាករអ៊ុយក្រែន វ្ល៉ាឌីមៀ ឃ្លីតស្កូនៅថ្ងៃទី២ កក្កដា នឹងរឹងខ្លួនកកដូចជាផ្ទាំងទឹកកកអណ្តែតក្នុងសមុទ្រហៅ«អាយស្ប៊ែរ»។
ការប្រកួតរវាងដេវីដ ហេ ជាមួយកីឡាករវ្ល៉ាឌីមៀនៅសង្វៀន Imtech Arena ប្រទេសអាល្លឺម៉ង់គឺជាការប្រកួតមួយដើម្បីឯកភាពខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក ។ សង្វៀនImtech Arenaដែលអាចដាក់មនុស្សបានប្រមាណ៥៧.០០០នាក់ស្ថិតនៅក្នុងទីក្រុងហាំបឺក។ វាជាទីក្រុងកំណើតរបស់កីឡាករវ្ល៉ាឌីមៀនិងបងប្រុុសរបស់គេវីតាលី ។ ការប្រកួតនេះសម្រាប់ដេវីដ ហេគឺជាការសមនឹងបំណងមួយខណៈកីឡាករ រូបនេះគ្រោងនឹងចូលនិវត្តក្នុងខែតុលា។
តាមរយៈគេហទំព័រផ្ទាល់ខ្លួនដេវីដ ហេបានបញ្ជាក់កាលពីពេលថ្មីៗកន្លងទៅនេះថា៖«ជារឿងដ៏អស្ចារ្យបំផុតដែលនៅទីបំផុតយើងអាចកំណត់បាននូវពេលវេលានិងទីកន្លែងប្រកួត។ ខ្ញុំបានហ្វឹកហាត់សម្រាប់ការប្រកួតនេះតាំងពីចុងឆ្នាំ២០១០មកម៉្លេះ។ ហើយវាជាការល្អប្រពៃដែលឥឡូវនេះយើងមានពេលវេលាពិតប្រាកដមួយ។ ហាំបឺក ជាទីក្រុងស្ថិតនៅជិតងាយឱ្យបណ្តាអ្នកគាំទ្រជនជាតិអង់គ្លេសទៅដល់។ ដូច្នេះខ្ញុំសង្ឃឹមថាហ្វូងមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់នឹងមកចូលរួមក្នុងព្រឹត្តិការណ៍ប្រដាល់ដ៏ធំបំផុតប្រចាំឆ្នាំនេះ។ យើងនឹងបានឃើញប្រជាជនអង់គ្លេសនាំគ្នាសម្រុកចូលប្រទេសអាល្លឺម៉ង់នៅថ្ងៃទី២កក្កដា»។
ដេវីដ ហេធ្លាប់បានចំអកឲ្យកីឡាករគុយបាសូលីសថាជាជ្រូកកន្ធាត់បន្ទាប់ពីចាញ់វីតាលីគួរឲ្យចង់សើច ។ ការផ្គូរផ្គងឱ្យមានការជួបគ្នារវាងកំពូលជើងខ្លាំងពិភពលោកទាំង២បានចាប់ផ្តើមតាំងពីដេវីដ ហេ បានឈានជើងចូលប្រភេទទម្ងន់ធ្ងន់មក ម៉្លេះ។ តែនៅឆ្នាំ២០០៩ ដេវីដ ហេបានដកខ្លួនពីការប្រកួតជាមួយវ្ល៉ាឌីមៀដោយអះអាងថាមានរបួសខ្នង។ សង្គ្រាមពាក្យសម្តីនិងភាពតានតឹងរវាងជំរំហ្វឹកហាត់កីឡាករទាំង២បានផ្ទុះឡើងបន្ទាប់ពីវ្ល៉ាឌីមៀ យល់ព្រមប្រកួតជាមួយកីឡាករមិត្តរួមជាតិថ្នាក់ទាបរបស់ដេវីដ ហេឈ្មោះឌីរ៉េក ស៊ីសូរ៉ា នៅខែធ្នូ ឆ្នាំ២០១០។
សម្រាប់បណ្តាអ្នកគាំទ្រកីឡាប្រដាល់ការជួបគ្នារវាងវ្ល៉ាឌីមៀ និងស៊ីសូរ៉ា មិនមែនជាអ្វីដែលពួកគេចង់បាននោះទេ។ ពួកគេត្រូវការជាចាំបាច់គឺការជួបគ្នារវាងវ្ល៉ាឌីមៀ និងដេវីដ ហេ។
វ្ល៉ាឌីមៀក្រោយមកក៏បានដកខ្លួនពីការប្រកួតនោះតែបន្ទាប់ពីការដកខ្លួនលើកទី១ គេ(វ្ល៉ាឌីមៀ) ក៏ប្រកាសណាត់ជួបគ្នាជាថ្មីទៀតជាមួយស៊ីសូរ៉ា។ ដេវីដ ហេ ពិតជាខឹងចំពោះទង្វើនេះ។ សម្រាប់ការជួបគ្នានៅខែកក្កដាខាងមុខនេះ ដេវីដ ហេបានអួតក្តែងៗជាមុនថា៖«វ្ល៉ាឌីមៀធ្លាប់មានប្រវត្តិសន្លប់ក្រោមកីឡាករដែលមានកណ្តាប់ដៃរហ័ស ហើយខ្ញុំគឺជាជនដែលមានល្បឿនវាយចេញរហ័សជាងគេបំផុតក្នុងចំណោមជើងឯកទម្ងន់ធ្ងន់ពិភពលោក។ មិនចាំ បាច់សង្ស័យនោះទេ វ្ល៉ាឌីមៀនឹងកករឹងខ្លួនដូចជាផ្ទាំងទឹកកកអាយស្បែ៊រនៅពេលដែលរងកណ្តាប់ដៃខ្ញុំនៅក្រុងហាំបឺក។ គេនឹងមិនដឹងថាត្រូវតបតយ៉ាងម៉េចនោះទេ ហើយការឈឺចាប់នឹងធ្វើឱ្យគេរត់រកជំនួយ បន្ទាប់មកដើរទៅរកបងប្រុសរបស់គេវីតាលីដែលកំពុងឈរនៅក្បែររេញយកកន្សែងជូតទឹកភ្នែក» ៕
ចែករំលែកព័តមាននេះ