រាជធានីភ្នំពេញ ៖ កូនសិស្សដែលកំពុងរៀននៅវិទ្យាល័យទួលទំពូង វេនល្ងាច ពេលចេញពីរៀនត្រឡប់មកផ្ទះវិញ នាំគ្នារអ៊ូរទាំឪពុកម្តាយប្រាប់ថា ត្រូវគ្រូបង្ខំទារលុយម្នាក់ៗ ចំនួន២០,០០០រៀល អោយជួយចេញថ្លៃទឹកភ្លើងរបស់សាលា និងគំរាមថា បើមិនជួយបង់ទេ នាំគ្នាទៅរៀនក្រោមដើមឈើទៅ ។
កូនសិស្សរៀនថ្នាក់ទី១១ វេនល្ងាច សម្រាប់ខែកញ្ញានេះ នៅពេលចេញពីរៀន នៅរសៀលថ្ងៃទី១៤ ខែកញ្ញានេះ មានកូនសិស្សខ្លះដើរ ខ្លះជិះកង់ និងខ្លះទៀតជិះម៉ូតូ បាននាំគ្នារអ៊ូរទាំតាមផ្លូវថា កំពុងតែអត់លុយចាយផង ត្រូវគ្រូបង្ខំទារលុយទៀត ម្នាក់ ២ម៉ឺនរៀល គ្រូថា បើមិនបង់លុយអោយទេ ទៅរៀននៅក្រោមដើមឈើទៅ ។
កូនសិស្សទាំងនោះ បានបញ្ជាក់ថា គ្រូបានប្រាប់ពួកគេថា ខែនេះ សាលាអស់ថ្លៃទឺកនិងភ្លើងប្រមាណ ៤លានរៀល ដូច្នេះសាលាតម្រូវអោយជួយបង់ម្នាក់ ២ម៉ឺនរៀល បើមិនបង់ទេ នាំគ្នាទៅរៀន ក្រោមដើមឈើទៅ ។
ពាន់ព័ន្ធបញ្ហាការចោទប្រកាន់ថា លោកគ្រូទារលុយសិស្សខាងលើនេះ ភ្នាក់ងារកោះសន្តិភាពមិនអាចទាក់ទងសុំការបំភ្លឺពីនាយកវិទ្យាល័យទួលទំពូង បាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ។
ចំណែកអាណាព្យាបាល សិស្សវិទ្យាល័យទួលទំពូងម្នាក់ បានអោយកោះសន្តិភាពដឹងថា គាត់ក៏ទើបទទួលបានព័ត៌មាននេះ ពីកូនរបស់គាត់ដែរ ដោយកូនរបស់គាត់បានប្រាប់ថា ទើបបង់លុយអោយគ្រូ ២ម៉ឺនរៀលរួចហើយ។ ពេលឮ កូនប្រាប់បែបនេះ រូបគាត់មួម៉ៅក្នុងចិត្តយ៉ាងខ្លាំង តែម្តង ។
អាណាព្យាបាលសិស្សដដែលនោះ ក៏បានអោយដឹងទៀតថា បើសាលាអស់ថ្លៃទឹកភ្លើង ៤លានរៀលមែន បើចង់ទារលុយពីសិស្សយកម្នាក់ត្រឹម ២ពាន់រៀល ទៅសមរម្យហើយ ព្រោះសិស្សរាប់ពាន់រាប់ម៉ឺននាក់ គឺក្នុងមួយថ្នាក់ៗ មិនតិចជាង៥០នាក់ទេ ហើយមានពីរវេនទៀត បើយកម្នាក់តែ ២ពាន់រៀល ក៏៏បង់ថ្លៃទឹក ថ្លៃភ្លើងមិនអស់ដែរ ហេតុអ្វី បានយកដល់ ២ម៉ឺនរៀល ?
បើតាមការអះអាងរបស់កូនសិស្សថ្នាក់ទី១១ វេនល្ងាច បាននិយាយថា អ្នកដែលទៅប្រមូលលុយនោះ គឺលោកគ្រូនាយករងសាលាវិទ្យាល័យទួលទំពូង ព្រមទាំងបានគំរាមសិស្សថា បើមិនបង់លុយទេ នាំគ្នាទៅរៀននៅក្រោមដើមឈើទៀតផង ពេលនោះកូនសិស្សថ្នាក់ខ្លះ បានបង់លុយ ស្ទើរគ្រប់ៗគ្នា ឯកូនសិស្សខ្លះទៀត ប្រាប់ថា ចាំថ្ងៃស្អែក ព្រោះចាំសុំលុយពីម៉ែឪ សិន ។
កូនសិស្សថ្នាក់ទី១១ និយាយទៀតថា លោកគ្រូនាយករងនោះ បានកំណត់ថា ត្រូវប្រមូលលុយយ៉ាងយូរត្រឹមថ្ងៃសៅរ៍ខាងមុខនេះ ហើយលោកគ្រូដែលទៅទារលុយនោះ បានប្រាប់ទៀតថា ដោយសារសាលាគ្មានលទ្ធភាពបង់ថ្លៃទឹកភ្លើង ពោលគឺជំពាក់លុយទឹកភ្លើងយូរមកហើយ បើមិនបង់អោយគេទេ អគ្គិសនីនឹងមកកាត់ផ្តាច់ភ្លើងសាលាមិនខាន ៕
ដោយ៖ ចែវ គុល
ចែករំលែកព័តមាននេះ