រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងនៅក្នុងខ្សែភាពយន្តដ៏ល្បី នៅក្នុងរឿង «បក្សីឋានសួគ៌» កាលពីសង្គម គឺលោកយាយ ណារី ហែម បានទទួលមរណភាពហើយ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយសារជរាពាធ នៅឯប្រទេសបារាំង។

បើតាមការឱ្យដឹងពីប្រធានក្រុមដំណើរខ្មែរ លោក វីរៈ វ៉ារ៉ានី បានឱ្យដឹងថា លោកយាយ ណារី ហែម គឺជាតារាឯកនៅក្នុងខ្សែភាពយន្តរឿង «បក្សីឋានសួគ៌» កាលពីឆ្នាំ១៩៦៣នោះ ពេលនេះទទួលមរណភាពហើយកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៨ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង៣រសៀល នៅព្រះរាជាណាចក្រកម្ពុជា ក្នុងជន្មាយុ៨៦ឆ្នាំ នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

ប្រធានក្រុមដំណើរខ្មែរខាងលើ បានបញ្ជាក់ថា លោកយាយ ណារី ហែម ជាសិល្បការិនីដ៏ឆ្នើមមួយរូប បានបំរើវិស័យភាពយន្តខ្មែរតាំងពីឆ្នាំ១៩៦១ និងជាបរវកញ្ញាចំណាត់ថ្នាក់លេខ៣ ឆ្នាំ១៩៥៥ ហើយមហាជនបានស្គាល់លោកស្រី តាមរយៈខ្សែភាពយន្តរឿង «បក្សីឋានសួគ៌»។

លោកបន្តថា លោកយាយមិនមែនមានអាជីពតែតារាសម្តែងមួយមុខនោះទេ លោកយាយក៏ជាតារាបង្ហាញម៉ូដ ជាផលិតករ និងជាអ្នកនិពន្ធផងដែរ។ យ៉ាងណា មរណភាពរបស់លោកយាយ ណារី ហែម នាពេលនេះ គឺជាដំណឹងដ៏សែនរន្ធ.ត់រកអ្វីប្រៀបផ្ទឹមពុំបានឡើយ នៃការបា.ត់បង់វរសិល្បករខ្មែរមួយរូប ធ្លាប់បានកសាងស្នាដៃបំរើវិស័យសិល្បៈខ្មែរ ក្នុងសម័យយុគមាស។

គួរបញ្ជាក់ផងដែរថា លោកយាយ ណារី ហែម បានរៀបអាពាហ៍ពិពាហ៍ជាមួយកូនអ្នកមានមួយរូប ដែលជាជនជាតិបារាំង ហើយមានកូនប្រុសស្រីចំនួន២នាក់។ នៅឆ្នាំ១៩៦២ លោកយាយ ក៏ត្រូវបានផលិតករដ៏ល្បីជនជាតិបារាំង ហៅឱ្យសម្តែងភាពយន្តរបស់លោកយាយ គឺរឿង «បក្សីឋានសួគ៌» ។ បន្ទាប់មក លោកយាយក៏បានបើកផលិតកម្មផ្ទាល់ខ្លួនមានឈ្មោះថា «ពោធិព្រឹក្ស» ហើយសមិទ្ធផលដំបូងរបស់លោកយាយ គឺអ្នកដឹកនាំរឿងដោយខ្លួនឯងផង និងសម្តែងផង តាមរយៈរឿង «រសាត់តាមខ្យល់» ដែលមានតួប្រុសលោក ជា យុទ្ធថន។

ក្រោយមកទៀត លោកយាយក៏បានផលិតរឿងជាបន្តបន្ទាប់ប្រកបដោយជោគជ័យ និងល្បីល្បាញ ជាពិសេសលោកលោកក៏ត្រូវបានព្រះករុណាព្រះបាទ នរោត្តម សីហនុ ប្រោសព្រះរាជទានឱ្យលោកយាយសម្តែងនៅក្នុងរឿងរបស់ព្រះអង្គផងដែរ។ លោកយាយ ណារី ហែម បានចេញទៅរស់នៅប្រទេសបារាំងអស់រយៈជាច្រើនឆ្នាំ រហូតដល់ពេលលោកយាយបានទទួលមរណភាពនាពេលបច្ចុប្បន្ននេះ៕




ចែករំលែកព័តមាននេះ