ខេត្តបាត់ដំបង ៖ លំនៅឋានដែលទើបធ្វើរួច និងទើបចូលស្នាក់នៅ ក៏ត្រូវអគ្គិភ័យលេបត្របាក់អស់គ្មានសល់ កាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាចថ្ងៃទី១៣ កញ្ញា នៅចំណុចភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ដែលម្ចាស់ផ្ទះអះអាងថា បណ្ដាលមកពីការទុស្សេខ្សែឌុយសាកថ្មពិលទុកចោលនៅលើខៅអាវ ដែលខាតបង់អស់ជាង១ម៉ឺនដុល្លារ តែពុំមានគ្រោះថ្នាក់មនុស្សទេ ។

លោក ស៊ីម ពីទូ នាយប៉ុស្តិ៍នគរបាលឈើទាលបានរាយការណ៍ថា ម្ចាស់ផ្ទះឈ្មោះ ទាវ ប៊ុនថាន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅចំណុចកើតហេតុ ។ គាត់និងប្រពន្ធមិនបាននៅផ្ទះទេពេលកើតហេតុ។ លោកនាយប៉ុស្ដិ៍បានប្រាប់ថា បើតាមការសាកសួរ ភ្លើងបានឆេះផ្ទះរយៈពេលជិតកន្លះម៉ោងទៅហើយទើបគាត់ដឹង ព្រោះភ្លើងឆេះនៅក្នុងផ្ទះហុយតែផ្សែង និងក្លិនឈ្ងៀម ដែលពុំសូវមានអ្នកចាប់អារម្មណ៍ឡើយ ។

យោងតាមរបាយការណ៍បានឲ្យដឹងថា លំនៅឋាននោះសាងសង់ពីថ្ម ប្រក់ស័ង្កសី ទំហំ៥ម៉x៧ម៉។ ក្រៅពីឆេះអស់គ្រឿងខាងក្នុងនៃផ្ទះទ្រព្យសម្បត្តិផ្សេងៗក៏ខូចខាតទាំងស្រុងដែរ រួមមាន សាឡុង០១ឈុត គ្រែប្រអប់០១គ្រឿង ទូរឈើចំនួន០៥ ម៉ាស៊ីត្រជាក់ចំនួន០២ ប្រាក់ដុល្លារចំនួន៣០០០ដុល្លារ និងប្រាក់ខ្មែរចំនួន១០លានរៀល តែឆេះរោលៗអាចនៅប្រើការបានច្រើនលាន ។

បើតាមជនរងគ្រោះប្រាប់សមត្ថកិច្ចថា ទំហំនៃការខូចខាតសរុបជាទឹកប្រាក់អស់ប្រហែល១ម៉ឺនដុល្លារ ។ ម្ចាស់ផ្ទះ លោកទាវ ប៊ុនថាន បាននិយាយថា នៅពេលកើតហេតុ គាត់បានដោយឌុយសាកពិលទុកចោលនៅលើខោអាវ ហើយគាត់បានចេញពីមើលគេច្រូតស្រូវ ។ រីឯប្រពន្ធគាត់រវល់ដាក់បាយជ្រូកនៅខាងក្រោយផ្ទះ ។

គាត់បានប្រាប់សមត្ថកិច្ចថា នៅពេលភ្លើងឆេះជិតកន្លះម៉ោង ទើបប្រពន្ធគាត់ដឹង លុះរត់មើលភ្លើងឆេះខាងក្នុងស្ទើរអស់ទៅហើយ ។ លោក ស៊ីម ពីទូ បានប្រាប់ថា អ្នកភូមិហាក់មិនបានចាប់
អារម្មណ៍មានភ្លើងឆេះផ្ទះខាងលើនេះទេ ព្រោះធំតែក្លិនឈ្ងៀម និងឃើញតែផ្សែងហុយ ស្មានតែម្ចាស់ផ្ទះដុតសំរាម លុះឮម្ចាស់ផ្ទះស្រែកឲ្យជួយភ្លើងឆេះផ្ទះ ទើបមានការភ្ញាក់ផ្អើល ។ លោកនាយប៉ុស្តិ៍រូបនេះ បានបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកបាណន់ បានចេញជួយអន្តរាគមន៍ភ្លាមៗដែរ តែបានត្រឹមបាញ់ទប់ស្កាត់ និងបាញ់ពន្លត់ភ្លើងដែលនៅសេសសល់ ខណៈគ្រឿងខាងក្នុងផ្ទះឆេះអស់ទៅហើយ តែសំណាងល្អពុំមានគ្រោះថ្នាក់មនុស្សទេ។

សូមរំលឹងថា កាលពីវេលាជិតពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី១២ កញ្ញា អគ្គិភ័យបានឆេះអស់នូវរោងសិប្បកម្មផលិតធ្យូងដ៏ធំមួយកន្លែង នៅចំណុចភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ នេះដែរ បណ្ដាលឲ្យខូចខាតអស់ទាំងស្រុង ដោយម្ចាស់សិប្បកម្មមិនអាចរំដោះអ្វីបានឡើយ ។ បើតាមម្ចាស់សិប្បកម្មផលិតធ្យូងអនាម័យខាងលើនេះ បានប្រាប់សមត្ថកិច្ចអំពីទំហំនៃការខាតបង់គិតជាទឹកប្រាក់អស់ជាង០៣ម៉ឺនដុល្លារ តែពុំមានគ្រោះថ្នាក់មនុស្សទេ ។






ចែករំលែកព័តមាននេះ