ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១យប់ ក្រុមចោរ ​បំពុល​ឆ្កែ ក្នុងភូមិ លួចគោអស់ ៦ក្បាល នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន

1 ឆ្នាំ មុន
  • ប៉ៃលិន

​ខេត្តប៉ៃលិន៖ រយៈពេលតែ ១យប់ ក្រុមចោរ បានបំពុលសត្វឆ្កែ ក្នុងភូមិ ហើយលួចគោអស់ ៦ក្បាល ខណ:ម្ចាស់គោ ២គ្រួសារនេះ…

​ខេត្តប៉ៃលិន៖ រយៈពេលតែ ១យប់ ក្រុមចោរ បានបំពុលសត្វឆ្កែ ក្នុងភូមិ ហើយលួចគោអស់ ៦ក្បាល ខណ:ម្ចាស់គោ ២គ្រួសារនេះ មានជីវភាព​ក្រីក្រ និងបាន​ខិតខំសន្សំលុយយ៉ាងយូរ ទម្រាំ​ទិញគោទាំង ៦ក្បាលនេះបាន។

ស្រី្តវ័យចំណាស់ ឈ្មោះ ហ៊ីង សែ អាយុ ៦៣ឆ្នាំ និង​ប្តី​ឈ្មោះ ឌិត ឌន អាយុ ៧៥ឆ្នាំ រស់នៅ​ភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលជាម្ចាស់គោ បានរៀបរាប់ទាំងទឹកភ្នែកហូរ​សស្រាក់ នៅរសៀលថ្ងៃទី១៣ ខែកញ្ញានេះ​ថា ​កាលពីវេលាម៉ោងប្រមាណ ២ទាបភ្លឺ ឈាន​ចូល​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ពួកគាត់បានឮឆ្កែព្រុសខ្លាំងៗ ហើយក៏ក្រោកដើរមើល តែមិនឃើញមានអ្វីប្លែកទេ ទើបដើរទៅដេកវិញ ក៏លង់លក់តែម្តង។ លុះដល់វេលាម៉ោង ៥ព្រឹក ប្តីក្រោកចេញមកមើលគោ ស្រាប់តែបាត់អស់រលីងពីទ្រុង ដោយមើលឃើញដានជើងចោរ​ដឹកគោ​ឡើងឡាន យកទៅបាត់អស់រលីង។

ស្ត្រីវ័យចំណាស់រូបនេះ បានបន្តទៀតថា គោរបស់​គាត់ មានចំនួន ៤ក្បាល បាត់ទាំងអស់។ នេះជា​ទ្រព្យ ដែលគាត់ខិតខំសន្សំ និងដើរស៊ីឈ្នួលគេ ហើយថែមទាំងដើររើសអេតចាយផ្សែផ្សំផង ទម្រាំនឹងទិញគោ​បាន គឺវាលំបាកខ្លាំងណាស់ តាំងពីបានមេមួយ រហូតដល់កើតកូនបានចំនួន ៤ក្បាល គឺខិតខំថែទាំ ទោះបីជាគេសួរទិញមិនលក់ទេ ទុកអោយកើតកូនបានច្រើន នឹងលក់ទិញដី ធ្វើផ្ទះ រស់នៅនឹងគេ ព្រោះបច្ចុប្បន្ន ពួកគាត់សុំដីគេសង់ខ្ទមស្នាក់នៅបណ្តោះអាសន្នប៉ុណ្ណោះ។

គាត់បានបន្ថែមថា រាល់ថ្ងៃ ប្តីរបស់គាត់ឃ្វាលគោផង និងដើរស៊ីឈ្នួលគេផង។ រីឯរូបគាត់ ដើររើសអេតចាយ លក់យកលុយទិញម្ហូប ដោយ​ជីវភាព ជួបការលំបាកខ្លាំង។ តែពួកគាត់ នៅតែមានសង្ឃឹម ព្រោះនៅមានគោ ដែលជាទ្រព្យ។

គាត់និយាយរៀបរាប់បន្តទាំងអួលដើមកថា ឥឡូវ គាត់មិនចង់រស់ទៀតទេ ចង់តែរត់ចូលឡាន អោយស្លា.ប់ ព្រោះអ្វីៗត្រូវបាត់បង់អស់រលីងទៅហើយ។

ចំណែកប្រជាពលរដ្ឋម្នាក់ទៀត ក៏មានស្ថានភាពស្រដៀងគ្នាផងដែរ។ ប្តីប្រពន្ធនេះ មានឈ្មោះ មាន អួម អាយុ ៤១ឆ្នាំ និង​ប្តីឈ្មោះ ញៀន ទូច អាយុ ៤៦ឆ្នាំ រស់នៅសង្កាត់អូរតាវ៉ៅ បានបាត់គោអស់ មួយក្រោល ចំនួន ២ក្បាល។ ពួកគាត់ សុំដីគេរស់នៅ ក្បែរថ្នល់ជាតិ។

ទោះបីជាយ៉ាងណា ទាំង ២គ្រួសារ ដែលបាត់គោអស់ពីក្រោល បានសំណូមពរដល់អាជ្ញាធរខេត្ត និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមជួយតាមស្វែងរកគោ និងចាប់ជនល្មើស មកផ្តន្ទាទេសផង ព្រោះពួកគាត់ សុទ្ធតែក្រីក្រ រកព្រឹកខ្វះល្ងាច និងសុំដីគេសង់ខ្ទមរស់នៅប៉ុណ្ណោះ សព្វថ្ងៃ។

ពាក់ព័ន្ធករណីខាងលើនេះ លោក ជា សុភត្រា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរតាវ៉ៅ បានអោយដឹងថា ខាងសមត្ថកិច្ច កំពុងដុតដៃដុតជើង ស្វះស្វែងរកមុខសញ្ញា តែក្រុមចោរប្រហែល​ដឹកគោ តាមឡាន ឆ្ពោះទៅខាងខេត្តបាត់ដំបង ព្រោះមើលតាមកាំរ៉ាសុវត្ថិភាព មិនឃើញចូលមក​ក្រុងប៉ៃលិនឡើយ៕ ដោយ​៖ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ