ខេត្តព្រះសីហនុ-កំពង់ឆ្នាំង ៖ ដោយសារ តែខ្យល់គរបណ្តាលឱ្យបុរសម្នាក់ដែលជាអ្នកកាន់ចង្កូតទូកស្លាប់កាលពីម៉ោង៥និង១២នាទីថ្ងៃទី១៤ ឧសភា នៅកណ្តាលសមុទ្រចំណុចខាងក្រៅកោះរ៉ុង ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ។
យោងតាមប្រភពពីកម្មករកូនដៃទូកបានឱ្យដឹងថា បុរសដែលបានស្លាប់នេះឈ្មោះសុខ ភ័ក្រ អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិពពេល ឃុំខ្មៅ ស្រុកកងមាស ខេត្តកំពង់ចាម។ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ក្រុមទី៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាអ្នកបើកបរទូកប្រភេទ BE រាយមងត្រីកាម៉ុង ដែលមានថៅកែទូកឈ្មោះឈុន លាភ អាយុ៣៦ឆ្នាំ មានទីលំនៅក្រុម៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ ថៅកែទូកត្រូវជាបងជីដូនមួយរបស់បុរសរងគ្រោះដែលមានប្រពន្ធនិងកូន២នាក់ នៅស្រុកកំណើតខេត្តកំពង់ចាម ។
ប្រភពដដែលបានបន្តទៀតថា នៅក្នុងទូក BE ពួកខ្លួនមានគ្នា៦នាក់រួមទាំងថៅកែ និងទើបតែចេញបាន១ថ្ងៃប៉ុណ្ណោះ ។ មុនពេលស្លាប់នេះគឺជនរងគ្រោះគ្មានឈឺអ្វីទេ តែមិនដឹងយ៉ាងម៉េចខណៈពេលស្រាវមងចេញពីទឹករូបគាត់ក៏ដួលសន្លប់ស្តូកស្តឹងតែម្តង ហើយក៏បានផុតដង្ហើមមួយសន្ទុះក្រោយមក ដោយមិនអាចជួយស្រោចស្រង់បានទេ ។ បន្ទាប់មកពួកខ្លួនក៏ដឹកសពមកដីគោករក្សាទុកនៅវត្តក្រោម រង់ចាំប្រពន្ធមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ជាមួយគ្នានេះ នៅខេត្តកំពង់ឆ្នាំង បុរសម្នាក់ផ្សេងទៀតបានលង់ទឹកស្លាប់ខណៈដែលអុំទូកទៅសាមងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤ ឧសភា នៅចំណុចដើមស្តីធំ ស្ថិតក្នុងបឹងធំ ភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
បុរសរងគ្រោះរូបនេះមានឈ្មោះស៊ឹម ថន អាយុ៤៩ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ។ តាមការរៀបរាប់របស់ស្ត្រីជាប្រពន្ធជនរងគ្រោះបានឱ្យដឹងថា នៅថ្ងៃកើតហេតុប្តីគាត់បានជិះទូកតូចចេញពីទូកធំ (ទូកធំគឺទីស្នាក់នៅលើទូកតែម្តង ) ដើម្បីទៅសាមង ។ លុះទៅបាត់ប្រហែល៣ម៉ោងមិនឃើញត្រឡប់មកវិញ ក៏មានក្រុមអ្នកអូសលៀសបានឃើញទូកតូចដែលប្តីគាត់ជិះនោះអណ្តែតជិតដើមស្តីធំ ប៉ុន្តែមិនឃើញមនុស្សទេ ហើយបានមកប្រាប់គាត់។ ដោយមានការសង្ស័យក៏បាននាំគ្នាទៅរកឃើញតែទូកអណ្តែតលើទឹក ។ ភ្លាមនោះគាត់ក៏បានស្រាវតាមខ្សែមងចម្ងាយប្រមាណ៥០ម៉ែត្រឃើញប្តីគាត់លង់ទឹកស្លាប់បាត់ទៅហើយ រួចក៏នាំគ្នាលើកសពដាក់ទូកយកមកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះឪពុកម្តាយក្នុងភូមិសំរោង ។ មន្ត្រីប៉ូលិសបានធ្វើការសន្និដ្ឋានថា បុរសរងគ្រោះអាចត្រូវខ្យល់គ ហើយដួលធ្លាក់ពីលើទូកទើបបណ្តាលឱ្យស្លាប់ ។
លោកឆេង លី មេភូមិសំរោងបាននិយាយថា គ្រួសារនេះក្រីក្រខ្លាំងណាស់ មិនមានផ្ទះសម្បែងនៅទេ គឺស្នាក់នៅលើទូកប្រកប របរនេសាទ មានកូន៣នាក់ក្នុងបន្ទុក ៕
ចែករំលែកព័តមាននេះ