ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WWE និង UFC រួម​បញ្ចូល​គ្នា បង្កើត​ក្រុមហ៊ុន​កីឡា​ថ្មី​មួយ តម្លៃ​ជាង​២០​ពាន់​លាន​ដុល្លារ

10 ខែ មុន

សហរដ្ឋអាមេរិក ៖ ការ​រួម​បញ្ចូល​គ្នា ដែល​គ្រប់​គ្នា​រំពឹង​ទុក​រវាង​ស្ថាប័ន​កំពូល​កីឡា​គុន​ចម្រុះ UFC និង​

សហរដ្ឋអាមេរិក ៖ ការ​រួម​បញ្ចូល​គ្នា ដែល​គ្រប់​គ្នា​រំពឹង​ទុក​រវាង​ស្ថាប័ន​កំពូល​កីឡា​គុន​ចម្រុះ UFC និង​ស្ថាប័ន​កំពូល​កីឡាកាស WWE ចេញ​ជា​ផ្លូវការ​ហើយ ដោយ​បង្កើត​បាន​ក្រុមហ៊ុន​ពាណិជ្ជកម្ម​កីឡា​ដ៏​ធំ​មួយ ដែល​មានឈ្មោះ​ថា TKO Group Holdings ដើម្បី​គ្របដណ្តប់​លើ​ម៉ាក​យីហោ UFC និង WWE ជាមួយ​ក្រុមហ៊ុន Endeavor Group Holdings Inc ដែល​ជា​ម្ចាស់​បច្ចុប្បន្ន​របស់ UFC ។

កិច្ចព្រមព្រៀង​នេះ មាន​តម្លៃ​រហូត​ដល់ ២១.៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ UFC មាន​តម្លៃ ១២.១​ពាន់​លាន​ដុល្លារ និង WWE មាន​តម្លៃ ៩.៣​ពាន់​លាន​ដុល្លារ ដែល​បាន​ចាប់ផ្តើម​ជួញដូរ កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ នៅ​លើ​ផ្សារភាគហ៊ុន​ញូ​វ​យ៉​ក​។

ក្រុមហ៊ុន TKO ដែល​ត្រូវ​បាន​រួម​បញ្ចូល​គ្នា​រវាង UFC និង WWE ដឹកនាំ​ដោយ​លោក Ari Emanuel នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Endeavor ខណៈ​ដែល​លោក​មហាសេដ្ឋី Vince McMahon សហ​ស្ថាបនិក WWE ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​ថ្មី​នេះ​។ ចំណែក​លោក Dana White នៅ​តែ​ជា​ប្រធាន​របស់ UFC រីឯ​លោក Nick Khan ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​របស់ WWE​។

ក្រុមហ៊ុន Endeavor ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Beverly Hills ដែល​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​ទេព​កោសល្យ​ហូ​លី​វូ​ដ WME កាន់កាប់​ភាគហ៊ុន​រហូត​ដល់ ៥១% នៅ​ក្នុង​ក្រុមហ៊ុន TKO ខណៈ​ដែល WWE មាន​ភាគហ៊ុន ៤៩% ។ នៅ​ក្នុង​បទ​បង្ហាញ​បន្ទាប់​ពី​ការ​ចុះ​កិច្ចព្រមព្រៀង WWE និង Endeavor បាន​លើក​ឡើង​ថា ពួក​គេ​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ឆ្លង​គ្នា ដើម្បី​ជំរុញ​ការ​យល់​ដឹង​អំពី​ម៉ាក​យីហោ និង​ការ​ជ្រៀតចូល​ស៊ីជម្រៅ នៃ​មូលដ្ឋាន​អ្នកគាំទ្រ ដែល​ត្រួតស៊ីគ្នា​រវាង​អ្នកគាំទ្រ UFC ជាង ៧០០​លាន​នាក់ និង​អ្នកគាំទ្រ WWE ជាង ១.២​ពាន់​លាន​នាក់ នៅ​ទូ​ទាំង​ពិភពលោក​។

សំនួរ​ជា​ច្រើន​បាន​កើតឡើង នៅ​ក្រោយ​ពេល​ការ​រួម​បញ្ចូល​គ្នា​រវាង WWE និង UFC ថា តើ​អត្ត​ព​លិ​ក​របស់​ស្ថាប័ន​ទាំង​ពីរ​នេះ នឹង​អាច​ធ្វើការ​ប្រកួត​ឆ្លង​ស្ថាប័ន​គ្នា ទៅ​វិញ​ទៅ​មក​បាន​ដែរ​ឬទេ?សម្រាប់​ចម្លើយ​ពេល​នេះ​គឺ មិន​ដូច្នោះ​ទេ​។ ការ​រួម​បញ្ចូល​គ្នា​រវាង​ស្ថាប័ន​ទាំង​ពីរ គឺ​ដើម្បី​ចាប់​យក​ឱកាស​សម្រាប់​ការ​ផ្សព្វផ្សាយ​ម៉ាក​យីហោ​របស់​ខ្លួន កាន់តែ​ទូលំទូលាយ បាន​ច្រើន និង​ញឹកញាប់ តាម​រយៈ​ការ​ពង្រីក​ដែន​សិទ្ធិ​ផ្សាយ​របស់​ខ្លួន នៅ​ទូ​ទាំង​ពិភពលោក​៕ (​ប្រភព​ពី Los Angeles Time និង Independent)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ