រាជធានីភ្នំពេញ ៖ សពលោករាជ សម្បត្តិ ដែលក្រុមគ្រួសារដង្ហែចេញពីគេហដ្ឋាននៅវេលាម៉ោង៩ព្រឹកទៅតំកល់ទុកនៅវត្តវង្កដ្ឋបូរី ហៅវត្ត ទួលក្រសាំងស្ថិតនៅតាមដងមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញបានរៀបចំពិធីបូជានៅវេលាម៉ោង២រសៀល ថ្ងៃដដែល ទី១៥ ខែឧសភា ឆ្នាំ២០១១ ដោយលោករដ្ឋមន្ត្រីខៀវ កាញារីទ្ធ ជាអ្នកឱ្យភ្លើង ។
ក្នុងពិធីបូជាសព លោករាជ សម្បត្តិ គេឃើញមានមន្ត្រីសាលាក្តីខ្មែរក្រហម មន្ត្រីរាជរដ្ឋាភិបាល សិស្ស និស្សិតរាប់រយនាក់ចូលរួមគោរពវិញ្ញាណក្ខន្ធ ។ នៅថ្ងៃបូជាសពនេះគ្រួសារសពបានទទួលលិខិតរំលែកទុក្ខមានសារលិខិតរបស់លោកបណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងសារលិខិតរំលែកទុក្ខរបស់លោកក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
សារលិខិតបានចាត់ទុកថា លោករាជ សម្បត្តិ បានលះបង់កម្លាំងកាយចិត្ត និងពេលវេលាបម្រើការងារនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតាំងពីពេលចាប់ផ្តើមដំបូងក្នុងតួនាទីជាមន្ត្រីទទួលបន្ទុកការងារព័ត៌មានរហូតដល់ពេលដែលលោកត្រូវបានតែងតាំងជាប្រធានផ្នែកកិច្ចការសាធារណៈនៅខែមិថុនា ឆ្នាំ២០០៩។ លោករាជ សម្បត្តិ គឺជាបុគ្គលិកដែលមានចំណេះដឹងច្បាស់លាស់ផ្នែកសារព័ត៌មានមានសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានការទទួលខុសត្រូវក្នុងការងារ មានប្រជាប្រិយភាពក្នុងចំណោមសហការី និងមិត្តរួមអាជីព។ គុណសម្បត្តិទាំងនេះគឺជាកត្តាសំខាន់នាំឱ្យផ្នែកកិច្ចការសាធារណៈទទួលបានជោគជ័យនាពេលកន្លងមក ហើយក៏ជាចំណែកដ៏សំខាន់មួយក្នុងការជំរុញឱ្យអ.វ.ត.កដំណើរការទៅប្រកបដោយជោគជ័យ និងត្រូវបានស្គាល់យ៉ាងទូលំទូលាយទាំងក្នុង និងក្រៅប្រទេស។
សារលិខិតរំលែកទុក្ខជូនដល់ក្រុមគ្រួសារលោករាជ សម្បត្តិ របស់លោកបណ្ឌិតសភាចារ្យ សុខ អាន បានសរសេរថា ខ្ញុំសូមកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះវិភាគទានរបស់ក្មួយជូនដល់មាតុភូមិកម្ពុជាជាទីស្នេហារបស់យើង សមនឹងកិត្តិយសទទួលបានគ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌថ្នាក់មហាសេរីវឌ្ឍន៍ពីរាជរដ្ឋាភិបាលកម្ពុជា។ ក្មួយសម្បត្តិគឺជាកូនកំព្រា និងជាជនរងគ្រោះម្នាក់ក្នុងរបបខ្មែរក្រហម។ ក្មួយបានចំណាយអស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងប្រាជ្ញាក្នុងការស្ថាបនា និងការផ្សះផ្សាសង្គមជាតិ ជាពិសេសក្នុងវិស័យសារព័ត៌មាន។ អស់រយៈពេលជាង១៥ឆ្នាំ ក្មួយបានបំពេញវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ហើយទទួលបានការកោតសរសើរ និងការគោរពរាប់អានយ៉ាងជ្រាលជ្រៅពីមជ្ឈដ្ឋាននានា ដែលក្នុងនោះរួមមានសាកលវិទ្យាល័យកូឡុំប៊ីដ៏ល្បីល្បាញនៅបុរីញូវយ៉កផងដែរ។ បន្ទាប់មកក្មួយបានក្លាយទៅជាសាស្ត្រាចារ្យនៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងបណ្តុះបណ្តាលរបស់ក្មួយយើងទទួលបានអ្នកសារព័ត៌មាន អ្នកផលិតភាពយន្ត និងនិពន្ធនាយកជំនាន់ថ្មីជាច្រើននាក់។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ក្មួយបានចូលរួមចំណែកដ៏មហិមាក្នុងឋានៈជាមន្ត្រីទទួលបន្ទុកផ្នែកព័ត៌មាន ហើយបន្ទាប់មកបានក្លាយទៅជាប្រធានផ្នែកកិច្ចការសាធារណៈនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ក្នុងតួនាទីទាំងនេះក្មួយបានបំពេញការងារយ៉ាងសកម្ម និងប្រកបដោយវិជ្ជាជីវៈក្នុងស្ថានភាពដ៏លំបាកលំបិន និងជួបបញ្ហាប្រឈមជាច្រើន។
ក្នុងខណៈពេលជាមួយគ្នានេះផងដែរ ក្មួយតែងតែចំណាយពេលវេលាពន្យល់អំពីគោលបំណងរបស់សាលាក្តីខ្មែរក្រហមជូនដល់ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ដែលមកទស្សនាសាលាក្តី និងនៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេស។ ក្មួយនិយាយដោយប្រើប្រាស់ភាសាសាមញ្ញ និងពាក្យពេចន៍ប្រកបដោយមនោសញ្ចេតនា ហើយក្មួយមិនដែលនិយាយអ្វីដែលប្រាសចាកពីការពិត និងភាពស្មោះត្រង់នោះឡើយ។ វិធីសាស្ត្រពន្យល់របស់ក្មួយមានលក្ខណៈទន់ភ្លន់ប្រកបដោយខ្លឹមសារជ្រាលជ្រៅ ។
ក្នុងវិយោគកថា មុនពេលប្រារព្ធពិធីបូជាសពបានរំលឹកថា ជីវិតលោករាជ សម្បត្តិ បានឆ្លងកាត់នូវឧបសគ្គ និងការតស៊ូយ៉ាងខ្លាំង។ លោកឆ្លងកាត់ជីវិតជាក្មេងវត្តតស៊ូរៀនសូត្រដើម្បីអនាគតភ្លឺថ្លាមកទល់សព្វថ្ងៃនេះ និងបានហែលឆ្លងកាត់នូវការតស៊ូដ៏ច្រើនអនេក។ លោករាជ សម្បត្តិ ជាអ្នករត់កងឌុបពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៤ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត និងបន្តការរៀនសូត្ររបស់ខ្លួន។ លោកសម្បត្តិ បានរក្សាទុននូវអនុស្សាវរីយ៍ដ៏ជូរចត់ និងផ្អែមល្អែមនៅក្នុងជីវិតរបស់លោកជានិច្ច និងតែងតែលើកឡើងពីជីវិតតស៊ូរបស់លោកប្រាប់ដល់ក្មេងៗជំនាន់ក្រោយ។ លោកក៏តែងតរំឭកឡើងវិញពីអតីតកាលរបស់លោកជាមួយនឹងមិត្តភក្តិដទៃទៀតដែលបានស្គាល់គ្នា និងរៀនជាមួយគ្នាតាំងពីកុមារភាពមកម៉្លេះ។
លោករាជ សម្បត្តិ បានក្លាយជាមនុស្សម្នាក់មានប្រជាប្រិយភាពដោយសារតែការនិយាយរឿងកំប្លែងរបស់លោកមិកនចេះរីងស្ងួត និងភាពក្រមិចក្រមើមរបស់លោក រួមនឹងភាពស្រស់ស្រាយ និងរាក់ទាក់ចំពោះមនុស្សគ្រប់រូប និងជាមនុស្សដែលពោរពេញទៅដោយសមត្ថភាព។ លោកសម្បត្តិ បានរក្សាទុកនូវរបស់របរចាស់ៗដែលលោកបានប្រើប្រាស់ពីមុនមកក្នុងនោះមានកង់មួយ ដែលលោកបានជិះវាតាំងពីក្នុងទសវត្សឆ្នាំ១៩៨០មក។ កង់នេះហើយដែលបានជួយជីវិត និងការរៀនសូត្ររបស់លោក។ លោករាជ សម្បត្តិ បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសឥណ្ឌាក្នុងឆ្នាំ១៩៨៨ បន្ទាប់ពីលោកបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ និងបានបញ្ចប់ការសិក្សា ហើយបានវិលត្រឡប់មកបម្រើមាតុប្រទេសរបស់ខ្លួនវិញនៅក្នុងឆ្នាំ១៩៩២។
ក្រោយពីសម័យអ៊ុនតាក់ និងការរៀបចំការបោះឆ្នោតនៅឆ្នាំ១៩៩៣ យុវជនរាជ សម្បត្តិ បានបន្តការសិក្សាផ្នែកសារព័ត៌មាននៅសាកលវិទ្យាល័យជូឡា ឡុងកន។ បន្ទាប់មកលោកបានសិក្សាជំនាញផ្នែកទំនាក់ទំនងសាធារណៈ សារគមនាគមន៍ និងវិជ្ជាជីវៈសារព័ត៌មាននៅសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រនីញ៉ា។ នៅឆ្នាំ២០០០ លោករាជ សម្បត្តិ បានទទួលអាហារូបករណ៍ផ្នែកសារព័ត៌មាននៅសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក គឺនៅទីនោះហើយដែលលោកបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកសារព័ត៌មាននៅឆ្នាំ២០០១។
លោកបានធ្វើការសិក្សា និងទទួលការបណ្តុះបណ្តាលផ្នែកជំនាញសារព័ត៌មាននៅបរទេសជាច្រើនថែមទៀត។ លោកបានបម្រើការងារអាជីពជាអ្នកកាសែតអស់រយៈពេលជាង២០ឆ្នាំ ដោយបានធ្វើជាអ្នកឆ្លើយឆ្លងព័ត៌មានអន្តរជាតិប្រចាំប្រទេសកម្ពុជា។ លោកបានលាចេញពីជីវិតជាអ្នកកាសែត មកជាអ្នកនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានៅដើមឆ្នាំ២០០៦ ហើយនៅខែមិថុនា ឆ្នាំ២០០៩ លោកបានក្លាយជាប្រធានផ្នែកកិច្ចការសាធារណៈនៃតុលាការចម្រុះកម្ពុជា-អង្គការសហប្រជាជាតិនេះ។
លោករាជ សម្បត្តិ ទាំងក្នុងអាជីព និងក្នុងជីវិតឯកជនរបស់លោកបានទទួលការគោរពដ៏ជ្រាលជ្រៅបំផុត។ ជាមួយនឹងសមត្ថភាព ភាពរាក់ទាក់ស្រស់ស្រាយរបស់លោកទាំងមិត្តភក្តិ និងមិត្តរួមអាជីពបានទទួលស្គាល់លោកថា ជាមនុស្សដ៏ស្លូតត្រង់ និងល្អប្រពៃម្នាក់ប្រកបដោយគុណធម៌ក្នុងខ្លួន។ លោករាជ សម្បត្តិ ជាមនុស្សម្នាក់ដែលកាន់ខ្ជាប់ព្រះពុទ្ធសាសនា ដោយសារលោកក៏ជាអតីតក្មេងវត្តម្នាក់។ លោកចូលចិត្តលេងសើចសប្បាយ និងជាអ្នកចូលចិត្តសិល្បៈកម្សាន្ត។
មនុស្សទូទៅបានស្គាល់លោកយ៉ាងច្បាស់តាមរយៈកិច្ចការនៅសាលាក្តីខ្មែរក្រហម។ លោករាជ សម្បត្តិ បានធ្វើឱ្យប្រជាពលរដ្ឋរាប់សែនលាននាក់យល់ដឹងពីដំណើរការជំនុំជម្រះសាលាក្តីខ្មែរក្រហម ដោយធ្វើការពន្យល់នៅពេលពលរដ្ឋធ្វើទស្សនកិច្ចនៅសាលាក្តីខ្មែរក្រហមផង និងលោករូប និងក្រុមការងារបានចុះទៅកាន់ខេត្តនានាក្នុងប្រទេសកម្ពុជា។ លោករាជ សម្បត្តិ ក៏ជាអ្នកបណ្តុះបណ្តាលអ្នកសារព័ត៌មានដ៏ច្រើនដែរ។ សិស្ស និស្សិត រួមនឹងអ្នករួមអាជីពបានឱ្យតម្លៃលើរូបលោក និងចាត់ទុករូបលោករាជ សម្បត្តិ ជាមនុស្សម្នាក់មានការអប់រំខ្ពស់ និងជាធនធានមនុស្សដ៏មានតម្លៃម្នាក់សម្រាប់ប្រទេសជាតិ។ លោកជាកម្លាំងចលករមួយជួយផ្លាស់ប្តូរមុខមាត់នៃវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ ការស្រឡាញ់រាប់អានចំពោះលោករាជ សម្បត្តិ មិនត្រឹមតែមានជាមួយនឹងជនជាតិខ្មែរដូចគ្នានោះឡើយ ប៉ុន្តែការស្រឡាញ់នេះបានដិតជាប់នៅក្នុងចិត្តរបស់ជនបរទេសទាំងឡាយដែលបានស្គាល់លោក។ លោកគឺជាមនុស្សម្នាក់ដែលគិតពីសុខទុក្ខរបស់អ្នកដទៃ ជាងសុខទុក្ខរបស់ខ្លួនឯង។ លោកជាមនុស្សចិត្តបុណ្យ រាប់អានមនុស្សដោយស្មោះសរបំផុត។ កម្មវិធីបុណ្យខួបគំរប់៧ថ្ងៃឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធសពលោករាជ សម្បត្តិ នៅថ្ងៃចន្ទ ទី១៦ ឧសភា នៅគេហដ្ឋានរបស់លោកក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ៕
ចែករំលែកព័តមាននេះ