ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចាប់​ដុះក្អែល ក្រោយ​ក្រុម​ក្មេង​៣​នាក់​នាំ​គ្នា​បង្ហោះ​ម៉ូតូ និង​ថត​វី​ដេ​អូ​បង្អួត​មហាជន

1 ឆ្នាំ មុន
  • កំពត

ក្រុម​ក្មេង​ៗ​ចំនួន​៣​នាក់ បាន​នាំ​គ្នា​បង្ហោះ​ម៉ូតូ​លើ​ផ្លូវ​សាធារណៈ ព្រមទាំង​រាំ​អត់​ភ្លេង ដោយ​ធ្វើ​ដៃ​ច្រងេងច្រងាង​នៅ​លើ​ផ្លូវ​សាធារណៈ ហើយ​ថែម​ទាំង

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រុម​ក្មេង​ៗ​ចំនួន​៣​នាក់ បាន​នាំ​គ្នា​បង្ហោះ​ម៉ូតូ​លើ​ផ្លូវ​សាធារណៈ ព្រមទាំង​រាំ​អត់​ភ្លេង ដោយ​ធ្វើ​ដៃ​ច្រងេងច្រងាង​នៅ​លើ​ផ្លូវ​សាធារណៈ ហើយ​ថែម​ទាំង​ថត​ជា​វី​ដេ​អូ​បង្ហោះ ដើម្បី​បង្អួត​មហាជន​ទៀត​ផង នៅ​ចំណុច​ផ្លូវ​ទៅ​កោះ​ស្មៅ ស្ថិត​ក្នុងភូមិ​កំពង់​កណ្ដាល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២៣​កន្លង​ទៅ​។

ក្រោយមក កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ បាន​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៣ ចុះ​ស្រាវជ្រាវ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រៃ​ថ្នង និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្មី ហើយ​ក៏​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ក្រុម​ក្មេង​ៗ​ចំនួន​៣​នាក់ ព្រមទាំង​វត្ថុ​តាង​ម៉ូតូ ដែល​ធ្វើ​សកម្មភាព​បង្ហោះ​បាន​មួយ​គ្រឿង រួច​នាំ​មក​កាន់​ស្នងការ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​។

បើ​តាម​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ទាំង​៣​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នាំ​យក​មក​អប់រំ​នេះ រួម​មាន​៖ ១-​ឈ្មោះ ទូច រក្សា ហៅ​អា​ទ្រី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្បារ​អំពៅ ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត​។ ២- ឈ្មោះ ធី លី​ហ៊ួ​ត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ទ្វា​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត​។ និង​៣- ឈ្មោះ សូ ដេ​វីត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត​។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ក្រុម​ក្មេង​ទាំង​៣​នាក់​នេះ ក្រោយ​ពី​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​ខេត្ត កម្លាំង​សមត្ថកិច្ច​ចុះ​ធ្វើការ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​បាន​ទាំង​៣​នាក់ ព្រមទាំង​វត្ថុ​តាង​ម៉ូតូ​ដែល​ពួក​គេ​ធ្វើ​សកម្មភាព​បង្ហោះ​លើ​ផ្លូវ​សាធារណៈ​នោះ​មួយ​គ្រឿង​ទៀត កាលពី​នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៣ ហើយ​ក៏​នាំ​ខ្លួន​មក​កាន់​ស្នងការ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​ភ្លាម​ៗ​ផង​ដែរ​។

សមត្ថកិច្ច​បន្ត​ទៀត​ថា បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ ក្រុម​ក្មេង​ៗ​ទាំង​៣​នាក់ បាន​សារភាព​ប្រាប់​ថា «​ពួក​ខ្លួន​ទាំង​៣​នាក់​ពិតជា​បាន​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ ព្រមទាំង​រាំ​អត់​ភ្លេង​ច្រងេង​ច្រងាង​នៅ​លើ​ផ្លូវ​សាធារណៈ ចំណុច​ខាងលើ​ពិតប្រាកដ​មែន​»​។

ដោយឡែក​ក្មេង​ប្រុស​ម្នាក់​មានឈ្មោះ ទូច រក្សា ហៅ​អា​ទ្រី អាយុ​១៥​ឆ្នាំ ដែល​មាន​ទីលំនៅ​ភូមិ​ច្បារ​អំពៅ ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ក៏​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ដែរ​ថា «​ខ្លួន​ពិតជា​បាន​បង្ហោះ​ម៉ូតូ​នៅ​លើ​ផ្លូវ​សាធារណៈ​ទៅ​កោះ​ស្មៅ ស្ថិត​ក្នុង​ចំណុច​ភូមិ​-​ឃុំ​ខាងលើ ពិតប្រាកដ​មែន ដោយសារ​ខ្លួន​ធ្លាប់​ប្រើប្រាស់​នូវ​សារធាតុ​ញៀ​.​ន​កន្លង​មក​ផង​ដែរ​»​។

ក្មេង​ប្រុស​ខាងលើ បាន​សារភាព​ប្រាប់​បន្ត​ទៀត​ថា «​ខ្លួន​បានដឹង​កំហុស​ដែល​ខ្លួន​ប្រព្រឹត្ត​នា​ពេល​កន្លង​មកនេះ ធ្ងន់​ណាស់ ដោយសារ​ខ្លួន​មិន​បាន​គិត​ពី​ការ​លំបាក​របស់​ឪពុក​ម្តាយ​នោះ​ឡើយ តែ​ពេល​នេះ បានដឹង​កំហុស​របស់​ខ្លួន​ច្បាស់​ហើយ​»​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួក​គេ​ទាំង​៣​នាក់​ក៏​បាន​សំណូមពរ​ដល់​មិត្តភក្តិ​យុវវ័យ​ដូច​គ្នា​តាម​រយៈ​សារព័ត៌មាន សូមកុំ​ប្រព្រឹត្ត​នូវ​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ដូច​ជា​បង្ហោះ​ម៉ូតូ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀ​.​ន​ជាដើម ដែល​សង្គម​ស្អ​.​ប់​ខ្ពើម​ផង​ដែរ​។

ក្រោយ​ពេល​ចាប់ខ្លួន​ក្រុម​ក្មេង​ៗ​ទាំង​៣​នាក់ រួម​ទាំង​វត្ថុ​តាង នឹង​ស្ដាប់​ចម្លើយ​សារភាព​ផង​នោះ សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​ក្មេង​ទាំង​៣​នាក់​ខាងលើ ដើម្បី​អនុវត្ត​តាម​នីតិវិធី​នៃ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ