ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះ​​​កំណាច​ប្រល័យ​​ឪពុក ​និង​​កូ​ន​​ស្រី​​ខណៈ​​កំពុង​​ជ្រក​​​ភ្លៀង​​​នៅ​​ឯ​​​វាល​​ស្រែ

14 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ ​រន្ទះ​កំណាច​បាន​ឆក់​យក​ជីវិត​ឪពុកនិង​កូន​ស្រី​ បន្សល់​ទុក​ម្តាយ និង​កូន​ប្រុសតូច​ម្នាក់​ទៀត​ឱ្យ​នៅ​កំព្រា​ក្រោម​​សម្រែក​ទ្រហោ​យំ​យ៉ាង​អាណោច​អាធ័ម​​គួរ​ឱ្យ​​សង្វេគ​ និង​អាណិត​អាសូរ​ជា​ទី​បំផុត ។ បាតុ​ភូត​ធម្ម​ជាតិ​គ្មាន​ក្តី​ករុណា​​នេះ​ បាន​កើត​ឡើង​​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣ ឧសភា ​នៅ​ភូមិ​បាក់​មែក ឃុំ​ខ្នារ​ទទឹង ស្រុក​​បាកាន ​ខេត្ត​ពោធិ៍​សាត់

ខេត្ត​ពោធិ៍​សាត់​ ៖ ​រន្ទះ​កំណាច​បាន​ឆក់​យក​ជីវិត​ឪពុកនិង​កូន​ស្រី​ បន្សល់​ទុក​ម្តាយ និង​កូន​ប្រុសតូច​ម្នាក់​ទៀត​ឱ្យ​នៅ​កំព្រា​ក្រោម​​សម្រែក​ទ្រហោ​យំ​យ៉ាង​អាណោច​អាធ័ម​​គួរ​ឱ្យ​​សង្វេគ​ និង​អាណិត​អាសូរ​ជា​ទី​បំផុត ។ បាតុ​ភូត​ធម្ម​ជាតិ​គ្មាន​ក្តី​ករុណា​​នេះ​ បាន​កើត​ឡើង​​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣ ឧសភា ​នៅ​ភូមិ​បាក់​មែក ឃុំ​ខ្នារ​ទទឹង ស្រុក​​បាកាន ​ខេត្ត​ពោធិ៍​សាត់ ខណៈ​ពេល​កំពុង​ជ្រក​​ភ្លៀង​​នៅ​ឯ​​វាល​ស្រែ ។

​លោក​ព្រំ ​មឿន មេ​ឃុំ​ខ្នារ​ទទឹង បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា ជន​រងគ្រោះ​ជា​ឪពុក​​ឈ្មោះ​ម៉ី ​គឿន ​អាយុ​២៩​ឆ្នាំ និង​កូន​ស្រី​ឈ្មោះ​គឿន សុខ​គៀន អាយុ​៧​ឆ្នាំ រស់​នៅ​ភូមិ​-ឃុំ​កើត​ហេតុ​​ខាង​លើ ។ ​នៅ​រសៀល​ថ្ងៃ​ទី​១៣ ​ឧសភា នោះ ម្តាយ​បាន​ប្រើ​កូន​ស្រី​យក​ពោត​ស្ងោរ​ទៅ​ឱ្យ​ឪពុក​ដែល​កំពុង​ភ្ជួរ​​ស្រែ​ហូបចម្ងាយ​ពី​ផ្ទះ​ប្រមាណ​១.០០០​ម៉ែត្រ ។ ​ពេល​យក​ទៅ​ដល់​បាន​មួយ​សន្ទុះ​ធំ​ដោយ​សារ​មាន​ភ្លៀង​រលឹម​ផ្ទេក​បន្ទោរ និង​​ខ្យល់​ខ្លាំង​ផង​នោះ ឪពុក​ក៏​សម្រាក​ពី​ភ្ជួរ​មក​ជ្រក​ភ្លៀង​ក្រោម​ដើម​ស្តៅ​​ក្បែរ​ស្រែ​​របស់​ខ្លួន។ ​លោក​មេ​ឃុំ​បន្ត​ទៀត​ថា ​ខណៈ​ពេល​កំពុង​ហូប​ពោត​ស្ងោរ​​ជា​មួយ​កូន​ស្រី​​ក្រោម​ដើម​ស្តៅ​នោះ ស្រាប់​តែ​រន្ទះ​បាញ់​​ស្លាប់​ទាំងពីរ​នាក់​ឪពុក​និង​កូន​​តែ​ម្តង ។ ​ជន​រងគ្រោះ​ទាំង​ពីរ​នាក់​មាន​ស្នាម​រោល​ខ្មៅ​ជាំ​ពេញ​ខ្លួន​ស្លាប់​​នៅ​នឹង​កន្លែង​កើត​ហេតុ​​ពុំ​បាន​យក​ទៅ​មន្ទីរ​​ពេទ្យ​ទេ ​បន្សល់​ទុក​ប្រពន្ធ និង​កូន​ប្រុស​តូច​ម្នាក់​ឱ្យ​នៅ​កំព្រា​​យំ​សោក​​បោក​ខ្លួន​គួរ​ឱ្យ​អាសូរ ។

​ឈ្មោះ​ខន ​សុខា ជា​កសិ​​ករ​នៅភូមិ​​ជា​មួយ​គ្នា​និយាយថា ​នៅ​ថ្ងៃ​នោះ​ខ្លួន​ក៏​កំពុង​ភ្ជួរ​ស្រែ​ជិត​ជន​រងគ្រោះដែរ ។ ​ពេល​មេឃ​​កំពុង​ភ្លៀង​​គាត់​ឃើញ​ជន​រងគ្រោះ​ឈប់​​ភ្ជួរ​ស្រែ​ដើរ​ទៅ​ជ្រក​ភ្លៀង​​​ក្រោម​ដើម​ស្តៅ​ជា​មួយ​កូន​ស្រី ។ មួយ​សន្ទុះ​ក្រោយ​មក​មាន​ខ្សែ​​ផ្លេក​បន្ទោរ​ភ្លឺ​មួយ​​ចំហៀង​​មេឃ​ស្រាប់​តែ​ឮ​ស្នូរ​​ឆាំង ពេល​គាត់​ក្រឡេក​ទៅ​​ឃើញ​ឪពុក​ និង​កូន​ដួលដេក​នឹង​ដី​។ ភ្លាម​នោះ​គាត់​ស្មាន​ថា ឪពុក​និង​កូន​ក្រាប ​ប៉ុន្តែ​ដោយ​សារ​មិន​ឃើញ​ងើប​ឡើង​វិញ​សោះ​នោះ គាត់​ក៏​បញ្ឈប់​​គោ​យន្ត​ដើរ​ទៅ​មើល​ស្រាប់​តែ​​ឃើញ​ស្លាប់​ទាំង​ពីរ​នាក់​បាត់​ទៅ​ហើយ ទើប​ដឹង​​ថា​រន្ទះ​បាញ់​​ក៏​​បាន​ទៅ​ប្រាប់​ប្រពន្ធ​​នៅ​ឯ​ផ្ទះតែ​ម្តង ។ ​បន្ទាប់​ពី​បាន​ដឹង​ថា ប្តី និង​កូន​ស្រី​​ត្រូវ​រន្ទះ​កំណាច​បាញ់​​​ស្លាប់​នៅ​ឯ​ស្រែ​ភ្លាម​ស្ត្រី​ជា​ប្រពន្ធ ស្ទើរ​​សន្លប់​បាត់​ស្មារតី និង​បាន​ដឹក​​​​សព​មក​ធ្វើ​បុណ្យ​ក្រោម​សម្រែក​ទ្រហោ​យំ​​​គួរ​ឱ្យ​អាសូរ ដោយ​មាន​អ្នក​ស្រុក​អ្នក​ភូមិ​ចូល​រួម​រំលែក​ទុក្ខ​​​យ៉ាង​កុះករ​ផង​ដែរ៕