ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​ទំនង​ជា​ចាប់​ផ្ដើម​រៀប​ចំ​កិច្ច​ជំនួប​កំពូល​ជា​បណ្ដើរ​ៗ​នៅ​​វ៉្លាឌីវ៉ូស្តុក

1 ឆ្នាំ មុន

ប្រទេស​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​​ប្រហែល​ជា​កំពុង​​​ត្រៀម​ខ្លួន​ជា​បណ្ដើរ​ៗ​​​​​ដើម្បី​រៀប​ចំ​​កិច្ច​ជំនួប​កំពូល​រវាង​លោក​គីមជុងអ៊ុន​ និង​លោក​ពូទីន​​។ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ឌីមីទ្រី ប៉េស្កោហ្វ (Dmitri Peskov) ​ប្រកាស​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​លោក​ពូទីន​​​នឹង​ធ្វើ​ដំណើរ​ទៅ​​ទី​ក្រុង​វ៉្លាឌីវ៉ូស្តុក (Vladivostok)​​…

ប្រទេស​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​​ប្រហែល​ជា​កំពុង​​​ត្រៀម​ខ្លួន​ជា​បណ្ដើរ​ៗ​​​​​ដើម្បី​រៀប​ចំ​​កិច្ច​ជំនួប​កំពូល​រវាង​លោក​គីមជុងអ៊ុន​ និង​លោក​ពូទីន​​។ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ឌីមីទ្រី ប៉េស្កោហ្វ (Dmitri Peskov) ​ប្រកាស​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​លោក​ពូទីន​​​នឹង​ធ្វើ​ដំណើរ​ទៅ​​ទី​ក្រុង​វ៉្លាឌីវ៉ូស្តុក (Vladivostok)​​ នៅ​​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​ដើម្បី​ចូល​រួម​នៅ​ក្នុង​សន្និសីទ​អន្តរ​ជាតិ​ដែល​ឈ្មោះ​ថា​វេទិកា​សេដ្ឋ​កិច្ច​​នៃ​តំបន់​បូព៌ា​។​ សន្និសីទ​រយៈ​ពេល​៤​ថ្ងៃ​​នេះ​​នឹង​រៀប​ចំ​​ឡើង​​ចាប់​​ពី​ថ្ងៃ​អាទិត្យ​ត​ទៅ​។​

លោក​ប៉េស្កោហ្វ​ថ្លែង​ថា​លោក​ពូទីន​នឹង​ឡើង​ថ្លែង​សុន្ទរ​កថា​នៅ​ចំពោះ​មុខ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​អង្គារ​។​ ភ្ញៀវ​ដែល​អញ្ជើញ​ចូល​រួម​នៅ​ក្នុង​សន្និសីទ​នេះ​ក៏​មាន​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋា​ភិបាល​ឡាវ និង​ចិន​ផង​ដែរ​។ ​​ពាក់​ព័ន្ធ​នឹង​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​នឹង​​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​វ៉្លាឌីវ៉ូស្តុក​ដែរ​នោះ​ លោក​ប៉េស្កោហ្វ​សូម​មិន​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​រឿង​នេះ​ទេ​។

​ក្រសួង​ការ​បរទេស​ចិន​ថ្លែង​ថា​​ឧប​នាយក​រដ្ឋ​មន្ត្រី​ចិន​នឹង​ចូល​រួម​នៅ​ក្នុង​វេទិកា​នេះ​​។ មន្ត្រី​ថ្នាក់​​មូល​ដ្ឋាន​នៅ​វ៉្លាឌីវ៉ូស្តុក​ប្រាប់​ថា​លោក​គីមជុងអ៊ុន​ប្រហែល​ជា​ចាក​ចេញ​ដំណើរ​ពី​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ចន្ទ​ ដោយ​ជិះ​រថ​ភ្លើង​​ពិសេស​ និង​​ទំនើបដែល​អាច​​ទប់​ទល់​នឹង​គ្រាប់​កាំ​ភ្លើង​​។​ ​នៅ​ទី​ក្រុង​វ៉្លាឌីវ៉ូស្តុក​ គេ​កំពុង​លាប​ថ្នាំ​ពណ៌​​​ ​និង​ដុស​សម្អាត​ស្នាម​ច្រែះ​​​​ឱ្យ​បាន​​រួច​រាល់​ត្រឹម​ថ្ងៃ​សៅរ៍។ ​​លោ​កពូទីន​ចង់​ពិភាក្សា​​ជា​មួយ​​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ពាក់​ព័ន្ធ​នឹង​ការ​​ទិញ​-លក់​អាវុធ​ដើម្បី​យក​ទៅ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន​។

​នៅ​ក្នុង​ព្រឹត្តិការណ៍​​១​​ទៀត​ លោក​ពូទីន​ជឿ​ជាក់​ថា​​ទំនាក់​​ទំនង​​នៃ​​ប្រទេស​ទាំង​២​នឹង​រីក​ចម្រើន​លើ​គ្រប់​វិស័យ​​ដោយ​សារ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​។ នេះ​ជា​អ្វី​ដែល​លោក​​បាន​​សរ​សេរ​រៀប​រាប់​នៅ​ក្នុង​លិខិត​១​​ច្បាប់​ផ្ញើ​ជូន​មេ​ដឹក​នាំ​​កូរ៉េ​ខាង​ជើង​។​ សារ​នយោបាយ​របស់​លោក​ពូទីន​​បញ្ចេញ​ឱ្យ​ដឹង​ចំ​ពេល​ដែល​កូរ៉េ​ខាង​ជើង​រម្លឹក​ខួប​ទី​៧៥​ឆ្នាំ​នៃ​ការ​បង្កើត​រដ្ឋ​កូរ៉េ​សម័យ​ទំនើប​ អម​ដោយ​​ការ​ហែ​ក្បួន​ព្យុហ​យាត្រា​នៅ​ទី​ក្រុង​ព្យុង​យ៉ាង​។ ​​អ្នក​តំណាង​ប្រទេស​រុស្ស៊ី និង​ចិន​ក៏​ចូល​រួម​នៅ​ក្នុង​ពិធី​នោះ​ផង​ដែរ​។​ ​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​គិត​ថា​លោក​គីម​ជុងអ៊ុន​អាច​នឹង​​​ទៅ​ទី​ក្រុង​វ៉្លាឌីវ៉ូស្តុក​នៅ​ចុង​ខែ​កញ្ញា​​ដោយ​​​ជិះ​រថ​ភ្លើង​រយៈ​ពេល​ម្ភៃ​ម៉ោង​​៕​

ប្រភព៖ NHK និង​ Politico
https://www3.nhk.or.jp/nhkworld/en/news/20230910_04/
https://www.politico.eu/article/vladimir-putin-closer-ties-north-korea-russia-kim-jong-un/

ទីដ្ឋ​ភាព​នៅ​ទី​ក្រុង​វ៉្លាឌីវ៉ូស្តុក (Vladivostok)
​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ឌីមីទ្រី ប៉េស្កោហ្វ (Dmitri Peskov)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ