រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ដឹកនាំកម្លាំងជំនាញស្រាវជ្រាវ និងចេញប្រតិបត្តិការបង្ក្រាបមុខសញ្ញាក្រុមចោរប្លន់ម៉ូតូបានចំនួន៦នាក់ ។

នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៥:០០នាទី កម្លាំងសមត្តកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងចំណោមបក្សពួកចំនួន៦នាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ ប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៥និង៤០នាទី នៅត្រង់ចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅភមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាករណីប្លន់ជនរងគ្រោះឈ្មោះ ផាត ភ័ណ ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅភូមិត្រកៀត ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ។
 
ជនសង្ស័យ៤នាក់មាន ៖ ១.ឈ្មោះ ឆៃ ហេង ភេទប្រុស មុខរបរ មិនពិតប្រាកដ ទីលំនៅសង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ២.ឈ្មោះ ចាន់ រតនា ភេទប្រុស មុខរបរមិន ពិតប្រាកដ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ៣.ឈ្មោះ អៀ គីមស្រ៊ន ភេទប្រុស មុខរបរមិនពិតប្រាកដ ទីលំនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ៤.ឈ្មោះ ដេត បញ្ញា ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់ ៖ ម៉ូតូ០១គ្រឿង ។ សមត្តកិច្ចបានធ្វើការដកហូតមកវិញ ម៉ូតូចំនួន២គ្រឿង របស់ជនសង្ស័យឈ្មោះ ចាន់ រតនា ១គ្រឿង និងរបស់ជនសង្ស័យឈ្មោះ អៀ គីមស្រ៊ន ១គ្រឿង ។

លុះនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៣ និង៣០ នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រួមជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ បន្ថែមទៀត នៅត្រង់ចំណុចភូមិព្រែកតារ័ត្ន សង្កាត់ព្រែក តាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់នោះ ម្នាក់ឈ្មោះ សុខ ពិសាលស័ក្ត ហៅ ស័ក្ត ភេទប្រុស មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិខ្ទរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ និងម្នាក់ឈ្មោះ ចាន់ លីវ៉ូ ហៅ វូ ភេទប្រុស មុខរបរមិនពិតប្រាកដ ទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូ១គ្រឿង ។ ដោយយោងទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ពាក់ពន្ធបទល្មើសជាក់ស្តែង សមត្ថកិច្ចនគរបាលខណ្ឌដង្កោបាន និងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនមុខសញ្ញាប្លន់ទាំង៦ នាក់ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕
                        
			         
				
ចែករំលែកព័តមាននេះ