នារីអាកាសចរណ៍វៀតណាមមានរឿងអាស្រូវទៀតហើយ លើកនេះពាក់ព័ន្ធនឹងការសង្ស័យថាពួកគេរត់ពន្ធកញ្ឆាក្រៀមដែលគេចម្រាញ់ជាប្រេងដែលមានតម្លៃសរុបជាង២សែន ២ម៉ឺនដុល្លារ។ ហេតុការណ៍នេះកើតឡើងនៅប្រទេសកូរ៉េខាងត្បូង។ សមត្ថកិច្ចកូរ៉េខាងត្បូងចាប់ខ្លួននារីអាកាសចរណ៍វៀតណាម២នាក់ដែលមិនបង្ហាញអត្តសញ្ញាណលម្អិតថាពួកគេជាបុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍ណាទេ។ សមត្ថកិច្ចនៅព្រលានយន្តហោះឆែកឃើញកញ្ឆាចម្រាញ់ជាប្រេងនៅក្នុងវ៉ាលីរបស់ពួកគេ។
សមត្ថកិច្ចសង្ស័យថានារីទាំង២នាំកញ្ឆាចម្រាញ់ជាប្រេងដែលពួកគេលាក់ទុកនៅក្នុងប្រអប់ដាក់គ្រឿងសម្អាងចំនួន៥០ប្រអប់ពីវៀតណាមទៅកូរ៉េខាងត្បូង។ នៅពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងអ៊ីនឈុន (Incheon) នារីទាំង២ក៏ត្រូវសមត្ថកិច្ចកាក់ជាប់តែម្ដង។ យោងតាមការផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង, នារីទាំង២នៅមានវ័យក្មេងនៅឡើយទេ អាយុខ្ទង់២០ឆ្នាំប្លាយ។ ពួកគេប្រឈមនឹងការចោទប្រកាន់ពីបទរំលោភច្បាប់ប្រឆាំងនឹងគ្រឿងញៀន។
នៅក្នុងដំណាក់កាលស៊ើបអង្កេត, នារីទាំង២ថ្លែងថាខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។ ពួកគេបកស្រាយថាពួកគេទទួលបញ្ញើពីគេដោយមិនបានដឹងថាប្រអប់ទាំងនោះមានផ្ទុកសារធាតុញៀន។ ពួកគេទទួលឥវ៉ាន់របស់អ្នកដទៃដែលចង់ផ្ញើទៅកូរ៉េខាងត្បូងដោយប្រាប់ថានេះជាគ្រឿងសម្អាង។ ពួកគេប្រាប់ថានេះជារឿងធម្មតាទេដែលបុគ្គលិកអាកាសចរណ៍អាចដាក់របស់បញ្ញើតាមខ្លួនដើម្បីដឹកទៅប្រទេសដទៃ។ ពួកគេអាចទទួលបានប្រាក់កម្រៃជាង៥០ដុល្លារក្នុងមួយជើង។
សមត្ថកិច្ចសង្ស័យថានារីអាកាសចរណ៍២នាក់ទៀតក៏អាចនឹងជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀនទាំងនេះផងដែរ។ ពួកគេមិនទាន់ឡើងយន្តហោះទៅកូរ៉េខាងត្បូងនៅឡើយទេបន្ទាប់ពីមើលឃើញក្រឡាមិនស្រួល ព្រោះដឹងថាគ្នារបស់ពួកគេ២នាក់ត្រូវបានចាប់ខ្លួនរួចហើយ។ សមត្ថកិច្ចមិនទាន់បញ្ចប់បេសកកម្មត្រឹមនេះទេ។ ពួកគេនឹងតាមរកបុគ្គលិកទាំង២រូបនោះទៀត ហើយត្រៀមពង្រីកការស៊ើបអង្កេតដើម្បីចង់ដឹងថាតើពួកគេចូលរួមដោយផ្ទាល់នៅក្នុងសកម្មភាពនេះដែរឬទេ។
បើគេក្រឡេកទៅមើលគោលជំហររបស់វៀតណាម។ អ្នកតំណាងអាកាសចរស៊ីវិលវៀតណាមមិនទាន់ទទួលបានសេចក្ដីជូនដំណឹងពីសមត្ថកិច្ចកូរ៉េខាងត្បូង ឬវៀតណាមនៅឡើយទេ។ អាជ្ញាធរបានបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ពិនិត្យផ្ទៀងផ្ទាត់ពីភាពមិនប្រក្រតីនេះ។ វៀតណាមនិយាយដោយប្រាកដប្រជាថាខ្លួនមិនស៊ុមគ្រលុំជាមួយមនុស្សប្រព្រឹត្តខុសទេ។ នរណាប្រព្រឹត្តល្មើសច្បាប់ អ្នកនោះត្រូវតែទទួល។ នេះបើតាមការបញ្ជាក់របស់អ្នកតំណាងអាកាសចរស៊ីវិល។
គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍, ក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួន២គឺបេមប៊ូ អ៊ែវេ (Bamboo Airways) និងវៀតចិតអ៊ែ (Vietjet Air) បញ្ជាក់រួចហើយថាខ្លួនគ្មានជាប់ពាក់ព័ន្ធនឹងករណីនេះទេ។ ចំណែកក្រុមហ៊ុនវៀតណាម អ៊ែឡាញកំពុងរង់ចាំការពិនិត្យផ្ទៀងផ្ទាត់។ កាលពីខែមីនា នារីអាកាសចរណ៍របស់ក្រុមហ៊ុនវៀតណាម អ៊ែឡាញ ចំនួន៤នាក់ត្រូវចាប់ខ្លួនពីបទរត់ពន្ធគ្រឿងញៀនប្រភេទកេតាមីន និងកូកាអ៊ីន ដែលមានទម្ងន់សរុប១១,៤គីឡូក្រាមពីទីក្រុងប៉ារីសទៅទីក្រុងហូជីមិញ។
កន្លងផុតទៅត្រឹមតែ១សប្ដាហ៍ប៉ុណ្ណោះ, ពួកគេត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរឃុំឃាំងបន្ទាប់ពីជនសង្ស័យដទៃទៀតត្រូវបានចាប់ខ្លួន។ លទ្ធផលស៊ើបអង្កេតបង្ហាញថានារីដែលចាប់ខ្លួនទាំង៤នាក់នោះមិនបានដឹងពិតមែនករណីដែលមានគេបន្លំដាក់គ្រឿងញៀន។ នៅក្នុងចំណោមថ្នាំដុសធ្មេញ៣២៧ប្រអប់, ១៥៧ប្រអប់ត្រូវគេបន្លំដាក់គ្រឿងញៀននៅក្នុងនោះ៕
ប្រភព៖ Vietnam Express និងប្រភពដទៃទៀត
https://e.vnexpress.net/news/news/vietnamese-flight-attendants-caught-smuggling-225-000-of-cannabis-oil-to-south-korea-4650481.html
https://tuoitrenews.vn/news/society/20230907/two-vietnamese-flight-attendants-held-in-skorea-for-alleged-drug-smuggling/75414.html








ចែករំលែកព័តមាននេះ