រាជធានីភ្នំពេញ ៖ មនុស្ស២នាក់ ត្រូវដើមក្ងោករលំសង្កត់ពីលើបណ្តាលសន្លប់ជាងកន្លះម៉ោង ខណៈពួកគេកំពុងជិះម៉ូតូតិចៗសម្លឹងរកម៉ូយ ហើយដើមឈើនោះរលំចំពេលអ្នកជិះម៉ូតូទាំង២នាក់នោះមកដល់តែម្តង ចំណែកម៉ូតូរងការខូចខាតបែកបាក់ផងដែរ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៥ ឧសភា ២០១១ នៅលើកំណាត់ផ្លូវ២៧១ ទល់មុខសាលាអន្តរជាតិផ្លរីដា ស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
បើយោងតាមសម្តីជនរងគ្រោះឈ្មោះម៉ុក រស់ អាយុ៤១ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ប្រាប់ថា ពេលគាត់កំពុងធ្វើដំណើរចាកចេញពីផ្ទះស្វែងរកដឹកម៉ូយនៅម្តុំផ្សារហេងលី លុះមកដល់ចំណុចកើតហេតុ ស្រាប់តែដើមក្ងោកមួយដើមបាក់រលំមកលើគាត់ បណ្តាលឱ្យដួលសន្លប់ជាងកន្លះម៉ោង ម៉ូតូដែលខ្លួនជិះម៉ាកគ្រីសអង្គរ ពណ៌ខ្មៅ ពាក់ស្លាកលេខ ថ-៣៧៣៩ ភព១ និងម្នាក់ទៀតឈ្មោះញឹម ចាន់ថា អាយុ២៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1O-7371 ។ បុរសម្នាក់នេះក៏មិនខុសពីបុរសទី១ដែរ គឺពេលកំពុងជិះម៉ូតូយឺតៗស្វែងរកដឹកម៉ូយក្បែរៗគ្នាស្រាប់តែដើមក្ងោកនោះរលំមកប្រាវ គេចពុំទាន់ទេ បណ្តាលឱ្យរងរបួសសន្លប់ និងបែកបាក់ម៉ូតូផងដែរ ៕
ចែករំលែកព័តមាននេះ