ខេត្តបាត់ដំបង ៖ ពលរដ្ឋម្នាក់បានស្រែកស្ទើរភ្លាត់សំឡេងថា «ចោរ.. ចោរ.. ចោរ.. » ផ្អើលអ្នកភូមិទាំងក្បាលព្រលប់ ជាមួយនឹងដៃកាន់ទូរស័ព្ទដេញតាមថតសកម្មភាពចោរ ដែលលួចគាស់យកទ្វារដែកនៅផ្ទះមួយកន្លែងដែលម្ចាស់បិទទ្វារទុកចោល នៅជាប់នឹងរបងស្នងការខេត្ត ប៉ែកខាងជើង កាលពីវេលាម៉ោងប្រមាណជិត៧យប់ថ្ងៃទី០៧ កញ្ញា ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង តែមិនបានរំខានដល់កម្លាំងស្នងការនេះទេ ផ្អើលតែអ្នកភូមិ ។

គេមិនទាន់ស្គាល់អត្តសញ្ញាណម្ចាស់ផ្ទះដែលត្រូវលោកចោរចូលលួចគាស់យកទ្វារដែកនោះទេ(ទ្វាររូត) តែគេគ្រាន់តែដឹងថា ម្ចាស់ផ្ទះបានបិទទ្វារចាក់សោទុកចោល តែគេឃើញចេញចូលម្ដងម្កាល។ វីដេអូឃ្លីបរយៈជាង០១នាទី ដែលគេបានបង្ហោះចែករំលែកបន្តគ្នាក្នុងបណ្ដាញសង្គម នៅព្រឹកថ្ងៃទី០៨កញ្ញា។

ឃ្លីបវីដេអូបានបង្ហាញពីសកម្មភាពក្រុមចោរចូលលួចគាស់ទ្វារដែក ដែលមានទម្ងន់រាប់រយគីឡូក្រាមនៅផ្ទះជនរងគ្រោះជាប់របងស្នងការខេត្តខាងលើនេះ និងរត់បាតជើងសព្រាត ជាមួយនឹងសំឡេងអ្នកដេញតាមថតសកម្មភាពស្រែកថា «ចោរ.. ចោរ.. ចោរ..» ស្ទើរផ្ទើលពេញភូមិ ។ បើតាមប្រភពពីអ្នកភូមិបាននិយាយថា ក្រុមចោរអាចមានគ្នាចាប់ពី០២នាក់ឡើង ទើបអាចគាស់យកទ្វារដែកនោះបាន ។

នៅក្នុងហេតុការណ៍នោះ ពួកគេបានចូលគាស់ផ្ដាច់ទ្វារដែលដ៏សែនធ្ងន់នោះចេញពីផ្ទះទៅហើយ តែត្រូវអ្នកភូមិនៅក្បែរនោះប្រទះឃើញក៏ទាញទូរស័ព្ទតាមថតសកម្មភាពក្រុមចោរនោះ ថែមទាំងស្រែក «ចោរ ចោរ ចោរ» ធ្វើឲ្យពួកគេភ័យក៏នាំគ្នារត់ចែកជើងគ្នាព្រាតបាត់ស្រមោលភ្លាមតែម្ដង ។
អ្នកភូមិមិនបានផ្ដល់ហេតុការណ៍នេះទៅកាន់កម្លាំងស្នងការ ដែលនៅក្បែរនោះទេ តែគេបានរាយការណ៍ភ្លាមៗទៅកាន់មន្ត្រីប៉ុស្ដិ៍រដ្ឋបាលសង្កាត់រតនៈ ។

មន្ត្រីប៉ុស្ដិ៍ក៏បានចុះទៅពិនិត្យកន្លែងកើតហេតុ បានប្រទះឃើញទ្វារដែកទម្ងន់រាប់រាយគីឡូក្រាមទម្លាក់នៅក្បែរផ្ទះនោះ មានទាំងឈើសម្រាប់សែង និង ស្បែកជើងលោកចោរមួយគូរទៀតផង ។ មន្ត្រីមូលដ្ឋានបាននិយាយថា ក្រោយពីចុះពិនិត្យទាំងយប់នៅផ្ទះកើតហេតុ ទើបគេគិតថា ពួកចោរអាចនឹងមកម្ដងទៀតនៅពេលយប់ជ្រៅ ឬនៅវេលាទៀបភ្លឺ ដើម្បីមកយកទ្វារដែកដែលពួកគេគាស់បាន ព្រោះពួកគេស្ដាយទ្វារដែកមានតំលៃរាប់រយដុល្លារនោះ ។

ដូច្នេះ ពួកគេអាចនឹងមកសែងយកទ្វារដែកនោះ ទើបកម្លាំងសម្ថកិច្ចល្បាតឃ្លាំងមើល រហូតជិតភ្លឺថ្ងៃទី ០៨ កញ្ញា ស្រាប់តែគេឃើញជនម្នាក់បានដើរលបៗចូលមកអើតទ្វារដែកនោះនៅកន្លែងកើតហេតុ ដូចកាសង្ស័យមែន ហើយគ្រានោះក៏ត្រូវសមត្ថកិច្ចកន្ទ្រប់ជាប់ម្នាក់តែម្ដង ។ បើតាមដំណឹងចុងក្រោយ សមត្ថកិច្ចបានឲ្យដឹងថា ពេលនេះ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជាម្នាក់នោះ ទៅកាន់អធិការនគរបាលក្រុងបាត់ដំបងហើយ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។



ចែករំលែកព័តមាននេះ