ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផលជោគជ័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅអាស៊ាន ​គឺលើក​កម្ពស់​​ភាពស្របច្បាប់នៃរដ្ឋាភិបាលថ្មី លើឆាក​អន្តរជាតិ

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កាលពីម៉ោងជិត ១១យប់ ថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

ភ្នំពេញ៖ កាលពីម៉ោងជិត ១១យប់ ថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់​រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ ដោយសុវត្ថិភាព​។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងភរិយា បានដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញ​បេសកកម្មដោយជោគជ័យ សម្រាប់ជាតិ និងប្រជាជនកម្ពុជា នៅក្នុងកិច្ចប្រជុំ​កំពូល​​អាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី៧ ខែកញ្ញា​។​

លោក សូរ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅពេលមកដល់ព្រលានយន្តហោះភ្នំពេញ នៅយប់ថ្ងៃទី៧កញ្ញា បានធ្វើសន្និសីទកាសែត​។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សូរ ណារ៉ូ បានលើកឡើងថា «លទ្ធផលដែល​ជោគជ័យ​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទី១-គឺបានលើកកម្ពស់នៃភាពស្របច្បាប់នៃរដ្ឋាភិបាលថ្មី លើឆាកអន្តរជាតិ។ យើងដឹងហើយ គឺប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលទាំងអស់ ដែលបានជួបជាមួយ​សម្តេចធិបតី ហ៊ុន ម៉ាណែត គឺបានសម្តែងនូវការអបអរសាទរ​មុខតំណែងថ្មីរបស់សម្តេច ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា។ អីចឹង ទន្ទឹមនឹងការផ្ញើសារមក ទទួលស្គាល់ហើយ ការជួបដោយផ្ទាល់​ ដោយរាក់ទាក់ ដោយញញឹម ដោយមានការផ្លាស់ប្តូរយោបល់រស់រវើក ហើយយើងដឹងស្រាប់ហើយ នាយករដ្ឋមន្ត្រីកម្ពុជា គឺនិយាយភាសាអង់គ្លេស គឺថា​ ចង់ល្អជាង​ជនជាតិ​ដើមទៅទៀត អីចឹងហើយ ការសន្ទនា ហើយភាពឆ្លាតវៃរបស់លោក ក្នុងការដាក់ជា​សំណួរ ហើយលោកឆ្លើយឆ្លងភ្លាម រហូតដល់ប្រធានាធិបតីហ្វីលីពីន ព្រឹកមិញ ជួបគ្នា លោកក៏​និយាយថា យើងដូចជាជួបគ្នារយៈពេលខ្លីណាស់ តែម៉េចក៏បានលទ្ធផល​ច្រើនម្លេះ!»។​

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សូរ ណារ៉ូ បន្ថែមថា «នេះជាចំណុចមួយ ដែលយើង​ឃើញថា​ ការសន្ទនាដោយបេះដូង ដោយគឺថា ដោះស្រាយភ្លាមៗ លើកបញ្ហា​ ឆ្លើយឆ្លងៗ ភ្លាមៗ រវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នាំឱ្យផលប្រយោជន៍ច្រើនក្នុងកិច្ចសហប្រតិបត្តិការ​ផ្នែកទេស​ចរណ៍ផង ផ្នែកកសិកម្មផង ផ្នែកស្បៀងអាហារ គឺច្រើនវិស័យ​មែនទែន ជាពិសេសខាង​បដិវត្តកម្ម​នៃឌីជីថល សេដ្ឋកិច្ចឌីជីថល មានការផ្លាស់ប្តូរ រហូតដល់​បញ្ហាសន្តិសុខ​ ឧក្រិដ្ឋកម្មឆ្លងដែន នៅក្នុងតំបន់។ អីចឹងហើយ កិច្ចសហប្រតិបត្តិការនៃអាជ្ញាធរប៉ូលិស រវាងប្រទេស និងប្រទេស​ គឺបានលើកឡើង ដោះ​ស្រាយ ក៏ដូចជា ឆ្លើយឆ្លងច្រើនណាស់»។

ដូច្នេះលោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សូរ ណារ៉ូ បញ្ជាក់ថា «ចំណុចទី១ ដែលលេចធ្លោនៃ​សកម្ម​ភាព​ដ៏រស់រវើកនៃ​​នាយករដ្ឋមន្ត្រីវ័យ​ក្មេង គឺការ​ទទួលស្គាល់ជាលក្ខណៈអន្តរជាតិ មិនមែន​តែលើក្រដាសទេ គឺលើការជាក់ស្តែងតែម្តង​។ នេះជាការលើកទឹកចិត្តធំធេងណាស់ នៃការចាប់​ផ្តើម​​ចេញដំណើររបស់​រដ្ឋាភិបាលថ្មី​»។

ក្រៅពីនេះ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សូរ ណារ៉ូ ក៏បានកត់សម្គាល់ពីលទ្ធផល​នៃដំណើរ​បំពេញបេសកកម្ម​ដោយជោគជ័យរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នៅអាស៊ាន គឺលើវិស័យ​ធុរកិច្ច ដែលសម្តេច បានអញ្ជើញចូលរួម​ក្នុងវេទិកាធុរកិច្ចអាស៊ាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឡើងថ្លែងការណ៍ជាភាសាអង់គ្លេស ក្នុងវេទិកាធុរកិច្ចអាស៊ាននេះ​។ អ្នកធុរកិច្ច​អាស៊ាន​យ៉ាងច្រើន ចាប់អារម្មណ៍ និងចង់មកវិនិយោគនៅកម្ពុជា។​

​ចំណែក​បញ្ហាសេដ្ឋកិច្ច ក៏ត្រូវបានលោក សូរ ណារ៉ូ លើកឡើងក្នុងសន្និសីទកាសែត​ថា គឺសម្តេច​ធិបតី ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសមផង និងជួបពិភាក្សាការងារជាលក្ខណៈទ្វេភាគី​ជាមួយ​​ថ្នាក់ដឹកនាំរដ្ឋាភិបាល និងស្ថាប័ន​នានា សរុប ២០នាក់។ ក្រៅពីជួបសម្តែងការគួរសម​ជាមួយ​មេដឹកនាំប្រទេស​នានាផង ក៏មានចុះ MoU ផង​។ ក្នុងនោះ ឥណ្ឌូនេស៊ី បាន​សម្រេច​ចុះកិច្ចព្រមព្រៀង នាំអង្ករពីកម្ពុជា ចំនួន ២៥ម៉ឺនតោន។ កម្ពុជា និងហ្វីលីពីន ក៏បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម​​ជាមួយគ្នាផងដែរ​។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សូរ ណារ៉ូ បញ្ជាក់ថា «លទ្ធផល​នៃការធ្វើដំណើរបំពេញ​បេសកកម្ម​ក្រៅប្រទេសដំបូងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺបានទទួលទាំងកេរ្តិ៍ឈ្មោះ កិត្តិយស បានទទួលទាំងផលជាក់ស្តែង មិនត្រឹមតែផលនៃសេដ្ឋកិច្ចទេ គឺនយោបាយទៅទៀត​។ នយោបាយ គឺបណ្តាប្រទេសនានា បានដឹងពីគោលជំហររបស់កម្ពុជា ច្បាស់លាស់ជាងមុន ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត មានការណ៍ហៅថា លក្ខណៈមិត្តភាពមែនទែន ក្នុងការឆ្លើយ​តប​ជាមួយ​នឹង​ក្តីកង្វល់ ឬក៏បញ្ហាដទៃណារបស់ប្រទេសហ្នឹង គឺឱ្យមានការយល់អំពីកម្ពុជា​កាន់តែច្បាស់ យល់អំពីនយោបាយអព្យាក្រឹត្យ​របស់កម្ពុជា យល់អំពីនយោបាយការពារសន្តិភាព ស្ថិរភាព​ ក៏ដូចជាយល់អំពីដំណើរប្រជាធិបតេយ្យនៅកម្ពុជា ដែលកម្ពុជាទើបតែបោះឆ្នោតថ្មីៗនេះ ហើយរដ្ឋាភិបាលថ្មីរបស់សម្តេច គឺចេញពីលទ្ធផលនៃការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយ​ប្រជាពលរដ្ឋ រហូតដល់ ៨៤,៥៩% បានចេញទៅបោះឆ្នោត»។

លោក សូរ ណារ៉ូ បានបញ្ជាក់ថា «ក្នុងប្រទេស ប្រជាពលរដ្ឋគាំទ្រផ្លូកទឹកផ្លូកដី ទៅលើរដ្ឋាភិបាលថ្មី ហើយឥឡូវនេះ ចេញដំណើរទៅក្រៅប្រទេស បើកឆាកភ្លាម ល្អ ហើយខ្ញុំអាចហៅថា ដំណើរការ​ទូត បេសកកម្មនេះ គឺជា មិនមែន​ដំណើរទេ រត់​ម៉ារ៉ាតុងតែម្តង គឺរត់រហូត ពីព្រោះចេញកន្លែង ( ប្រជុំ ) មួយ យើងត្រូវទៅកន្លែងមួយទៀត។ អីចឹង ពេលវេលា ក្នុងរង្វង់តែ ៤ថ្ងៃ មានកិច្ចប្រជុំរហូត​ដល់ ១៣កិច្ចប្រជុំ ហើយជួបជាមួយ​ថ្នាក់ដឹកនាំប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល ចំនួន ២០នាក់ទៀត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ