ថវិការហូតដល់១០០លានដុល្លារត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលកើតចេញពីការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា បានត្រៀមដើម្បីលើកកម្ពស់ផលិតភាពកសិកម្មកម្ពុជា ដោយរួមទាំងផែនការពង្រាយមន្ត្រីជំនាញកសិកម្មរហូតដល់តាមមូលដ្ឋានឃុំ ។ ប៉ុន្តែសង្ឃឹមថា ផ្នែកមួយសំខាន់គួរតែនៅក្នុងកញ្ចប់អាទិភាពនេះ គឺការស្វែងរកទីផ្សារ ។…
ថវិការហូតដល់១០០លានដុល្លារត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលកើតចេញពីការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា បានត្រៀមដើម្បីលើកកម្ពស់ផលិតភាពកសិកម្មកម្ពុជា ដោយរួមទាំងផែនការពង្រាយមន្ត្រីជំនាញកសិកម្មរហូតដល់តាមមូលដ្ឋានឃុំ ។ ប៉ុន្តែសង្ឃឹមថា ផ្នែកមួយសំខាន់គួរតែនៅក្នុងកញ្ចប់អាទិភាពនេះ គឺការស្វែងរកទីផ្សារ ។
ការទូតសេដ្ឋកិច្ចត្រូវតែជាផ្នែកមួយដ៏សំខាន់ ដើម្បីពង្រីកទីផ្សារកសិផលកម្ពុជា និងធានាតម្លៃកសិផល និងដើម្បីជួយដល់កសិករដែលពឹងផ្អែកលើការធ្វើកសិកម្មនេះ ។ មកដល់ពេលនេះ កសិផលកម្ពុជាដូចជា អង្ករ ស្វាយចន្ទី កៅស៊ូ ស្វាយមៀន ចេក និងវារីវប្បកម្មមួយចំនួន គឺមានទីផ្សារនាំចេញទៅអន្តរជាតិ ហើយ ប៉ុន្តែអ្នកដែលទទួលផលពីគម្រោងទាំងនេះ គឺភាគច្រើនមិនមែនជាកសិករតូចតាចនៅតាមមូលដ្ឋាននោះឡើយ ។ ពួកគេ គឺសុទ្ធតែជាក្រុមហ៊ុនធំៗ ជាពិសេស គឺក្រុមហ៊ុនវិនិយោគបរទេសទៅទៀត ខណៈដែលកសិករតូចតាច ដាំបានតិចតួចនៅតែមានបញ្ហា នោះហើយ គឺជាអ្វីដែលគួរតែគិតគូរ ។
ឆ្លងតាមការជួប និងស្វែងយល់ជាមួយនឹងកសិករខ្លះ និងឆ្លងតាមការស្រាវជ្រាវនិងការអានប្រមូលព័ត៌មានពីបណ្តាញសង្គមក៏ដូចជា សារព័តមាននានា មកដល់ពេលនេះបើនិយាយអំពីគុណភាពដី គឺកម្ពុជាល្អ ហើយចំពោះបញ្ហាបច្ចេកទេសនៃការដាំដុះវិញទោះបីជាមិនពូកែ មិនប៉ិនប្រសព្វខ្លាំង ប៉ុន្តែកសិករកម្ពុជាក៏មិនជាអន់ដែរ ពោល គឺពួកគាត់អាចសិក្សាស្វែងយល់ និងដកពិសោធន៍បាន ដើម្បីបង្កើនផលិតផលកសិកម្ម ប៉ុន្តែបញ្ហាសំខាន់ដែលពួកគាត់ រកគន្លឹះមិនចេញនោះ គឺទីផ្សារ ។ ពេលដែលគាត់ប្រមូលផលបានទីផ្សារច្រើនតែក្រឡុក ធ្វើអោយធ្លាក់តម្លៃ ។ ដូច្នេះកសិករចេះតែថ្ងូរធ្វើកសិកម្មមិនចំណេញ។
កន្លងមកខែប្រមូលផលឪឡឹក ពេលសំបូរឪឡឹករកទីផ្សារមិនឃើញឪឡឹកចុះថោក ខែដំឡូងក៏ដូចគ្នា ។ ខែប៉េងប៉ោះក៏ទៅតាមប៉េងប៉ោះ ហើយសូម្បីតែផ្លែស្រកានាគក៏ដូច្នេះដែរ ។ កន្លងមក ដោយសារតែមានទីផ្សាល្អ កសិករកម្ពុជាបាននាំគ្នាធ្វើចម្ការ និងដាំដុះដើមស្រកានាគនេះច្រើន ប៉ុន្តែឥឡូវស្ងាត់ជ្រាប ខណៈដែលដែលប្រទេសជិតខាង គឺគេបានធ្វើកិច្ចការនេះល្អណាស់ ។ រហូតដល់ពេលនេះ សម្រាប់វៀតណាមគេរកទីផ្សារបានរហូតដល់ស្លឹកស្អំ និងបន្លែកំប៉ិក កំប៉ុកបានដែរ ។
វៀតណាមត្រូវគេយល់ថា បានកាន់កាប់ទីផ្សារស្រកានាគធំជាងគេនៅក្នុងពិភពលោក បើទោះបីជាស្ថានភាពកូវីដ១៩ និងសង្គ្រាមនៅអ៊ុយក្រែនធ្វើអោយការនាំចេញ ស្រកានាគនេះធ្លាក់ចុះក្រោម១០០០លានដុល្លារក្តី ។ គេដឹងថា វៀតណាមនាំចេញស្រកានាគទៅទីផ្សារមិនតិចជាង១៥ ប្រទេសនៅក្នុងតំបន់ និងពិភពលោកឡើយ ។
ពាក់ព័ន្ធនឹងរឿងស្រកានាគនេះដែរ លោកបណ្ឌិត យ៉ង សាំងកុមារ ក៏ធ្លាប់បានចែករំលែកនៅលើបណ្តាញសង្គមនៅមុនពេលលោកចូលរួមបម្រើការងារនៅក្នុងរាជរដ្ឋាភិបាលថា ទីផ្សារផ្លែស្រកានាគដែលរីកកាន់តែធំមានទំហំរាប់ពាន់លានដុល្លារជាឱកាសល្អសម្រាប់ការចូលរួមវិនិយោគជាមួយសហគមន៍ ។ លោកបានលើកឡើងថា សម្រាប់វៀតណាមមួយ គឺអាចនាំចេញផ្លែឈើប្រភេទនេះដល់ទៅប្រមាណ១០០០លានដុល្លារ ។ ប៉ុន្មានឆ្នាំមុនយើងដូចជា ធ្លាប់ទទួលបានព័ត៌មានអំពីការនាំចេញ ផលិតផលកសិកម្មខ្លះរបស់កម្ពុជាមានដូចជា ស្លឹកគ្រៃ និងផលិតផលសាមញ្ញមួយចំនួន ប៉ុន្តែមកដល់ឥឡូវ គឺស្ងាត់ជ្រៀបមិនដឹងថា វាយ៉ាងណាយ៉ាងណីទៅហើយទេ ។
សរុបមកវិញ ការជួយរកទីផ្សារកសិផលសម្រាប់កសិករ គឺមានសារសំខាន់ណាស់ ។ វានឹងបានជាប្រយោជន៍បើកម្ពុជាអាចនាំផលិតផលកសិកម្មច្រើនមុខ និងច្រើនប្រទេសក្នុងពិភពលោក ។ មកដល់ចំណុចនេះការទូតសេដ្ឋកិច្ចគួរតែធ្វើអោយអស់លទ្ធភាព ពិសេសទាក់ទងកសិផល ។ ការពង្រីកទីផ្សារនាំចេញកសិផលកាន់តែច្រើនមុខនឹងជួយធ្វើអោយកសិករមានលំនឹងផ្លូវចិត្ត ហើយធ្វើកសិកម្មដោយគ្មានការភ័យខ្លាចនៃការក្រឡុកទីផ្សារ ។
អ្នកជំនាញខាងគោលនយោបាយទីផ្សារ និងកសិកម្ម គួរតែអង្គុយ និងចុះធ្វើការរួមគ្នា ដើម្បីរិះគិតរកបញ្ហាចន្លោះប្រហោងទាំងនៅក្នុងផលិតកម្ម និងទីផ្សារ ពីព្រោះវា គឺជាចំណុចពីរដែលអាចជាច្រកចេញដ៏សំខាន់ ដើម្បីគាំទ្រកសិករកម្ពុជាយើងអោយបន្ត និងពេញចិត្តនឹងរបរកសិកម្មរបស់ពួកគាត់បន្តទៀត ៕ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ