ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគហ៊ុន Apple ធ្លាក់​ចុះ ក្រោយ​ចិន​ហាមប្រាម​មន្ត្រី​ខ្លួន​មិន​ឱ្យ​ប្រើ​ទូរស័ព្ទ iPhone

1 ឆ្នាំ មុន

ចិន ៖ យោង​តាម​កាសែត Wall Street Journal របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​

ចិន ៖ យោង​តាម​កាសែត Wall Street Journal របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ បាន​រាយការណ៍​ថា ប្រទេស​ចិន​បាន​ហាមប្រាម​រាល់​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​កណ្តាល​របស់​ទាំង​អស់ពី​ការ​ប្រើប្រាស់​ទូរស័ព្ទ iPhone ដែល​ជា​ផលិតផល​ក្រុមហ៊ុន Apple របស់​សហរដ្ឋអាមេរិក​។

ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន Apple បាន​ធ្លាក់​ចុះ ៣.៦% កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា កន្លង​ទៅ បន្ទាប់​ពី​ព័ត៌មាន​នេះ ត្រូវ​បាន​ចេញផ្សាយ​។ វា​បាន​កត់សម្គាល់​ពី​ការ​ធ្លាក់​ចុះ​ប្រចាំ​ថ្ងៃ​ដ៏​ធំ​បំផុត​ក្នុង​រយៈពេល​១​ខែ ខណៈ​នៅ​មុន​ពេល​ចេញផ្សាយ​ព័ត៌មាន​នេះ ភាគហ៊ុន​ក្រុមហ៊ុន Apple បាន​កើនឡើង ៤៦% នៅ​ឆ្នាំ​នេះ​។

Wall Street Journal រាយការណ៍​ថា អ្នកគ្រប់គ្រង​ចិន បាន​ជូនដំណឹង​ដល់​មន្ត្រី​គ្រប់​រូប​របស់​ខ្លួន​អំពី​ការ​ហាមឃាត់​តាម​រយៈ​ការ​ជជែក​ក្នុង​គ្រុប (Chat Groups) ឬ​នៅ​ក្នុង​ការ​ប្រជុំ​។ ពាក់ព័ន្ធ​បញ្ហា​នេះ សារព័ត៌មាន CNN បាន​ទាក់ទង​ទៅ​កាន់​ក្រសួងការបរទេស​ចិន និង​ក្រុមហ៊ុន Apple ដើម្បី​សុំ​ការ​អត្ថាធិប្បាយ ប៉ុន្តែ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​នៅឡើយ​ទេ​។

តាម​ប្រភព​ដែល​ទាក់ទង​ជា​ទៀងទាត់​ជាមួយ​ភ្នាក់ងារ​រដ្ឋាភិបាល​កណ្តាល​ចិន បាន​ប្រាប់ CNN ថា មន្ត្រី​ចិន​បាន​អនុវត្ត​តាម​រួច​ទៅ​ហើយ នៃ​ការ​ជៀសវាង​ប្រើ​ទូរស័ព្ទ iPhone តាំងពី​មុន​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩ មក​ម្ល៉េះ បើ​ទោះជា​មិន​បាន​ចេញ​លាយលក្ខណ៍អក្សរ​យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​យោង​តាម​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​ដឹង​ពី​រឿង​នេះ បាន​ប្រាប់ CNN ។

តាម​ប្រភព​ដដែល​បាន​បន្ថែម​ថា មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​កណ្តាល ឥឡូវនេះ​មាន​ទំនោរ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​ធំ​ៗ ជា​ពិសេស​ក្រុមហ៊ុន Huawei ។ នេះ​គឺជា​វិធានការ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ក្នុង​ចំណោម​វិធានការ​ផ្សេង​ទៀត​។ ជាក់ស្តែង កាលពី​ខែមិថុនា ឆ្នាំ ២០២២ កន្លង​ទៅ ក្រសួង​រដ្ឋាភិបាល​ចិន​មួយ​ចំនួន ក៏​បាន​ហាមឃាត់​រថយន្ត​អគ្គិសនី​ម៉ាក Tesla របស់​សហរដ្ឋអាមេរិក មិន​ឱ្យ​ចូល​ក្នុង​បរិវេណ​របស់​ពួក​គេ​ផង​ដែរ ដោយសារ​តែ​ការ​ភ័.យ​ខ្លា.ច​ផ្នែក​សន្តិសុខ​។

ប្រទេស​ចិន​គឺជា​ទីផ្សារ និង​មជ្ឈមណ្ឌល​ផលិតកម្ម​ដ៏​សំខាន់​មួយ សម្រាប់​ក្រុមហ៊ុន Apple ដែល​មាន​ចំនួន​ប្រហែល​១៩% នៃ​ប្រាក់​ចំណូល​សរុប​របស់​ក្រុមហ៊ុន​។ ការ​ហាមប្រាម​ទូរស័ព្ទ iPhone សម្រាប់​មន្ត្រី​រដ្ឋាភិបាល​អាច​ជា​ការ​សងសឹក​ចំពោះ​ទ​ង្វើ​ស្រ​ដៀង​គ្នា ដែល​ធ្វើ​ឡើង​ដោយ​សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​បច្ចេកវិទ្យា​ចិន ហើយ​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុមហ៊ុន Apple និង​ម៉ាក​បរទេស​ធំ​ៗ ផ្សេង​ទៀត​ដែល​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​ចិន​៕ (​ប្រភព​ពី CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ