ខេត្តមណ្ឌលគិរី ៖ ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី បានចុះពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៧៦ដែលបាក់ស្រុតត្រង់គ.ម៩៣+៩០០ ដល់គ.ម៩៤+៤០០ ស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង នាព្រឹកថ្ងៃទី០៦ កញ្ញា ២០២៣ នេះ ។

ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ៧៦ (ស្នួល-សែនមនោរម្យ) ដែលបានរអិលបាក់ត្រង់ចំណុចអូរងើយ ចន្លោះគីឡូម៉ែត្រលេខ៩៣ ដល់គីឡូម៉ែត្រលេខ៩៥ មានសារសំខាន់ខ្លាំងណាស់ដល់ប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរី ។

ការចុះពិនិត្យស្ថានភាព និងត្រួតពិនិត្យការងារបច្ចេកទេសបន្ថែមរបស់ក្រុមការងារក្រសួងនាពេលនេះ ដើម្បីធានាបានថាផ្លូវវាងដែលបានបើកឱ្យចរាចរណ៍ជាបណ្តោះអាសន្ន កន្លងទៅនេះ មានគុណភាពស្របតាមបទដ្ឋាន និងផ្តល់នូវសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ របស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ អំឡុងពេលដែលកំណាត់ផ្លូវជាតិលេខ៧៦ ដែលរងការខូចខាតខាងលើ នឹងត្រូវជួសជុលស្ថាបនាឡើងវិញក្នុងជំហានបន្ត បន្ទាប់ពីការសិក្សាពិនិត្យលទ្ធភាព ។

លោក ងិន សុវិមាន អភិបាលខេត្តមណ្ឌលគិរីស្តីទីមានប្រសាសន៍ថា ក្រោយពីមានហេតុការណ៍បាក់ស្រុតផ្លូវជាតិចំណុចអូរងើយ កាលពីថ្ងៃទី០១ សីហា ២០២៣ រដ្ឋបាលខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ឋ បានខិតខំធ្វើផ្លូវវាងថ្មីដើម្បីសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋជាបណ្តោះអាសន្ន ។

លោក ងិន សុវិមាន បន្តថា ថ្មីៗនេះ ចាប់ពីថ្ងៃទី០២ កញ្ញា ២០២៣ រដ្ឋបាលខេត្តមណ្ឌលគិរីបានចេញលិខិតជូនដំណឹងផ្អាករថយន្តខ្នាតធំគ្រប់ប្រភេទមិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់ចំណុចខាងលើមួយរយៈព្រោះតែបញ្ហាអាកាសធាតុភ្លៀងធ្លាក់ជោកជាំរាល់ថ្ងៃ បណ្តាលឲ្យផ្លូវវាងថ្មី ជាប់ផុងខ្លាំងមិនអាចឲ្យរថយន្តខ្នាតធំឆ្លងកាត់បាន ។ ដោយឡែក សម្រាប់រថយន្តប្រភេទទេសចរណ៍រថយន្តខ្នាតគ្រួសារ អាចធ្វើដំណើរបានជាធម្មតា ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។









ចែករំលែកព័តមាននេះ