ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​៦​នាក់ ពាក់ព័ន្ធ​ករណី​គប់​កញ្ចក់​រថយន្ត​តាម​ដងផ្លូវ

1 ឆ្នាំ មុន
  • តាកែវ

ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ឯក ឆេ​ង​ហួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ

ខេត្តតាកែវ​៖ ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ឯក ឆេ​ង​ហួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ នៅ​វេលា​ម៉ោង​១៤​និង​៤៨​នាទី​រសៀល ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​ខេត្តតាកែវ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំរោង និង​ស្នាក់​ការ​សន្តិសុខ​៣០១ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការ​រង​ខេត្ត បាន​ធ្វើការ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ ពាក់ព័ន្ធ​ករណី​គប់​កញ្ចក់​រថយន្ត កាលពី​វេលា​ម៉ោង​១៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣(​គម​៥៣) ស្ថិត​ក្នុងភូមិ​ព្រៃ​ញឹក ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​។

លោក​ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រាប់​ឱ្យ​ដឹង​ថា ជា​លទ្ធផល​កម្លាំង​របស់​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦​នាក់ ក្នុង​នោះ​រួម​មាន ៖ ១- ឈ្មោះ សុខ រ៉ា (​ជន​ដៃដល់​) ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​បា​រ៉ែ​ន ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ​។ ២- ឈ្មោះ ទឹ​ន វិ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​តំណាក់​ត្រាច ឃុំ​ទួល​អំពិល ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ​។ ៣- ឈ្មោះ គង់ កែវ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ​។ ៤- ឈ្មោះ យុង សំ​និ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កសិករ​។ ៥- ឈ្មោះ សែ​ម ហួ​តឡុង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​។ ៦- ឈ្មោះ សែ​ម ហួត​ឡៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទាំង​៤​នាក់​នេះ រស់នៅ​ភូមិ​ព្រៃ​ញឹក ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​។

លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​វត្ថុ​តាង​ដែល​ចាប់​យក​បាន រួម​មាន ៖ ១- ម៉ូតូ​ចំនួន​០២​គ្រឿង (​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​២០២៣ ស្លាក​លេខ ភ្នំពេញ​1JD. 5543 និង​ម៉ាក​ហុងដា C125 ស៊េរី​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ​1D.3266)​។ ២- ទូរ​ស័​ព្ច​ដៃ​០២​គ្រឿង (​ម៉ាក VIVO និង​ម៉ាក iPhone)​។ ៣-​កាំ​ភ្លើ​.​ង​កែ​ច្នៃ​០១​ដើម មាន​គ្រាប់​ចំនួន​០៣​គ្រាប់​។

លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជាក់​ទៀត​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្រុម​ជនសង្ស័យ​ខាងលើ​នេះ បាន​សារភាព​ថា «​ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​គប់​កញ្ចក់​រថយន្ត ដែល​គេ​កំពុង​បើកបរ​នៅ​លើ​ដងផ្លូវ​ពិតប្រាកដ​មែន​»​។ ហើយ​នៅ​ពេល​នេះ ការិយាល័យ​ជំនាញ​ខេត្ត កំពុង​តែ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៦​ខាងលើ រួម​នឹង​វត្ថុ​តាង​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ ដើម្បី​ចាត់ការ​តាម​ច្បាប់​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ