ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​! អ្នកជំនាញ​ព្រមា.ន​ពី​ការ​ធ្លាយ​ទិន្នន័យ​ផ្ទាល់ខ្លួន ដោយ​ការ​លេង​កម្មវិធី​កែ​រូប​គំនូរជីវចល

1 ឆ្នាំ មុន

វៀតណាម ៖ អ្នកជំនាញ​ផ្នែក​សន្តិសុខ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ប្រទេស​វៀតណាម បាន​ព្រមាន​អំពី​

វៀតណាម ៖ អ្នកជំនាញ​ផ្នែក​សន្តិសុខ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ប្រទេស​វៀតណាម បាន​ព្រមា.ន​អំពី​ហានិភ័យ នៃ​ការ​បែកធ្លាយ​ទិន្នន័យ​ផ្ទាល់ខ្លួន បន្ទាប់​ពី​មានការ​កើនឡើង​យ៉ាង​គំហុក នៃ​អ្នក​ប្រើប្រាស់​កម្មវិធី​ប្រើ​ដោយ​បញ្ញា​សិប្បនិម្មិត AI ដើម្បី​បង្កើត​រូបភាព​ទៅ​ជា​គំនូរជីវចល​សម្រាប់​ការ​កម្សាន្ត​។

ជាក់ស្តែង «Loopsie» គឺជា​កម្មវិធី​ស្មា​ត​ហ្វូ​ន ដែល​មាន​សមត្ថភាព​កែ​រូបភាព​មនុស្ស​ទៅ​ជា​គំនូរជីវចល ដែល​ទាយ​ចេញពី​ទិន្នន័យ​រូបថត​ក្នុង​ទូរស័ព្ទ​ដៃ​អ្នក​ប្រើប្រាស់ កំពុង​ពេញ​និយម​ខ្លាំង​បំផុត​នៅ​ក្នុង​សហគមន៍​។ កម្មវិធី​ដ៏​ពេញ​និយម​នេះ បាន​ឈាន​ដល់​ការ​ទាញ​យក​ទៅ​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ នៅ​លើ App Store នៅ​ក្នុង​ប្រទេស​វៀតណាម​។

លោក Vu Ngoc Son នាយក​បច្ចេកទេស សាជីវកម្ម​បច្ចេកវិទ្យា​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជាតិ​វៀតណាម បាន​អះអាង​ថា រូបថត​ដែល​ថត​ជាមួយ​ទូរ​សព្ទ​ដៃ​ជា​រឿយ​ៗ នឹង​ផ្តល់​ព័ត៌មាន​អំពី​ពេលវេលា ប្រភេទ​ឧបករណ៍​ដែល​កំពុង​ប្រើប្រាស់ និង​ជា​ពិសេស​ទីតាំង​ដែល​រូបថត​បាន​ថត​ចេញ​។

ព័ត៌មាន​ទាំងនោះ វា​អាច​សង្ខេប​ទម្លាប់ កាលវិភាគ ឬ​ចលនា​របស់​អ្នក​ប្រើប្រាស់ ដូច្នេះ​មនុស្ស​គួរតែ​ពិចារណា ប្រសិនបើ​ពួក​គេ​មិន​ចង់ឱ្យ​ព័ត៌មាន​ផ្ទាល់ខ្លួន​ត្រូវ​បែកធ្លាយ​។

លោក​បន្ថែម​ថា ការ​ផ្តល់​រូបថត​ជា​ច្រើន​ទៅ​កម្មវិធី​មួយ ក៏​នឹង​បង្ក​ឱ្យ​មាន​ហានិភ័យ​ផង​ដែរ ដោយសារ​តែ​រូបថត​អាច​ត្រូវ​បាន​គេ​ប្រើប្រាស់ ដើម្បី​បង្កើត​ជា​វី​ដេ​អូ​ក្លែងក្លាយ​។ អ្នក​ប្រើប្រាស់​គួរតែ​ប្រុង​ប្រយ័ត្ន​ពេល​ចែករំលែក​ទិន្នន័យ​ផ្ទាល់ខ្លួន ជា​ពិសេស​ទិន្នន័យ​ផ្ទៃមុខ (Facial Data) ព្រមទាំង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួក​គេ​ផង​ដែរ​។

បន្ថែម​លើស​ពី​នេះ លោក​ក៏​បាន​លើក​ឡើង​ថា ក្នុង​ការ​ត្រួតពិនិត្យ​ដោយ​ប្រុង​ប្រយ័ត្ន​នោះ រូបថត​គំនូរជីវចល​មិន​អាច​ដូច​រូប​ដើម​នោះ​ទេ​។ ទោះជា​យ៉ាងណា មនុស្ស​នៅ​តែ​ទទួលយក ហើយ​វា​បាន​ក្លាយជា​និន្នាការ​ដ៏​ពេញ​និយម​យ៉ាង​ឆាប់រហ័ស ព្រោះ​ពួក​គេ​ចាត់​ទុក​រូបថត​ទាំងនោះ គ្រាន់តែ​ជា​ការ​កម្សាន្ត​ប៉ុណ្ណោះ​។

យោង​តាម​អ្នកជំនាញ​ផ្នែក​ព័ត៌មានវិទ្យា​បាន​បង្ហាញ​ថា ចាប់តាំងពី​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១៨ កម្មវិធី «Loopsie» ត្រូវ​បាន​គេ​ស្គាល់​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​ថ្មី​ៗ​នេះ បន្ទាប់​ពី​អ្នក​បង្កើត​កម្មវិធី​បាន​អភិវឌ្ឍន៍​មុខងារ​ថ្មី ដើម្បី​ប្រើប្រាស់ AI ដែល​មាន​ឯកទេស​ក្នុង​ការ​ផលិត​រូបភាព​នោះ កម្មវិធី​នេះ បាន​ផ្ទុះ​ប្រជាប្រិយភាព​យ៉ាង​ឆាប់រហ័ស​ជាទី​បំផុត​។ វា​ចំណាយពេល​ត្រឹមតែ ១៥-២០​វិនាទី​ប៉ុណ្ណោះ ដើម្បី​ផ្លាស់​ប្តូរ​រូប​ដើម​ទៅ​ជា​រូប​គំនូរជីវចល​។

លោក Viet Khoi អ្នកជំនាញ​ផ្នែក​ព័ត៌មានវិទ្យា​បាន​លើក​ឡើង​ថា និន្នាការ​នៃ​ការ​កែ​រូបថត​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ វា​ជា​ទម្រង់​នៃ​ការ​ប្រមូល​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់​។ កម្មវិធី​បច្ចេកវិទ្យា AI នឹង​បង្កើត​កម្មវិធី​កែ​រូប​ជាមួយ​ការ​ទាក់ទាញ​ដ៏​អស្ចារ្យ​។ ដំណើរការ​នេះ នឹង​តម្រូវ​ឱ្យ​អ្នក​ប្រើប្រាស់​បង្ហោះ​រូបភាព ដែល​បាន​ថត​ទុក​ក្នុង​ទូរស័ព្ទ​បញ្ជូន​ទៅ​កាន់​ម៉ាស៊ីន​មេ​របស់​អ្នក​ផ្តល់​សេវា ដោយហេតុ​នេះ​ហើយ ទើប​បង្ក​ហានិភ័យ​នៃ​ការ​បែកធ្លាយ​ទិន្នន័យ ឬ​ការ​ប្រើប្រាស់​សម្រាប់​គោលបំណង​ផ្សេង​ទៀត​។

លោក​បាន​ណែនាំ​ថា អ្នក​ប្រើប្រាស់​មិន​គួរ​ដាក់​រូបភាព​សិច​ស៊ី ឬ​ឯកជន​ភាព​ខ្លាំង​ពេក​ចូល​ទៅ​ក្នុង​កម្មវិធី​នោះ​ទេ ដើម្បី​បញ្ចៀស​ហានិភ័យ​។ ថ្មី​ៗ​នេះ​មានការ​ព្រមាន​ជា​ច្រើន​អំពី​ការ​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​ប្រើប្រាស់​ទិន្នន័យ​ផ្ទាល់ខ្លួន ដែល​ប្រមូល​បាន ដើម្បី​កសាង​ទំនុកចិត្ត​ជាមួយ​ជន​រង​គ្រោះ​។ ក្រៅពី​ទិន្នន័យ​ដូច​ជា លេខ​ទូរស័ព្ទ លេខ​អត្តសញ្ញាណ​ពលរដ្ឋ អា​ស័​យ​ដ្ឋា​ន អ៊ី​ម៉ែ​ល និង​ឈ្មោះ​ពេញ ដូច្នេះ​អ្នក​ប្រើប្រាស់​ក៏​ត្រូវ​យកចិត្តទុកដាក់​លើ​ទិន្នន័យ​រូបភាព​របស់​ខ្លួន​ផង​ដែរ​៕ (​ប្រភព​ពី VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ