បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយពីប្រភពបរទេស បច្ចុប្បន្ន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូររបៀបដែលយើងរក្សាទុកអនុស្សាវរីយ៍របស់អ្នកដែលបានចែកឋានទៅ តាមរយៈការបង្កើត “មត៌កឌីជីថល” (Digital Legacy)។
មិនមែនគ្រាន់តែជាការរក្សាទុកតែរូបថត ឬវីដេអូដូចមុនទៀតនោះទេ ប៉ុន្តែ AI អាចបង្កើតរូបភាព ជួសជុលសំឡេង និងចងក្រងរាល់ដំណើរជីវិត និងរឿងរ៉ាវផ្ទាល់ខ្លួន ដើម្បីឱ្យសមាជិកគ្រួសារអាចស្តាប់ ឬមានទំនាក់ទំនងជាមួយអ្នកដែលបានបាត់បង់ជីវិតបានយ៉ាងរស់រវើក។
យោងតាមអ្នកជំនាញ សំឡេងគឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការបញ្ជូនអារម្មណ៍ និងកាត់បន្ថយភាពតានតឹងផ្លូវចិត្តសម្រាប់អ្នកដែលនៅរស់។ ទោះបីជាមានការជជែកវែកញែកលើបញ្ហា សីលធម៌ និងភាពឯកជនក៏ដោយ ការប្រើប្រាស់ AI ក្នុងន័យរក្សាទុកគុណតម្លៃខាងស្មារតី និងការតភ្ជាប់រវាងជំនាន់មនុស្ស ត្រូវបានចាត់ទុកថាជាជំហានដ៏មានអត្ថន័យ និងមនុស្សធម៌។
យ៉ាងណាក៏ដោយ បច្ចេកវិទ្យានេះគ្រាន់តែជាឧបករណ៍រក្សាទុកអនុស្សាវរីយ៍ប៉ុណ្ណោះ មិនមែនជាការ “រស់ឡើងវិញ” នូវមនុស្សពិតប្រាកដនោះឡើយ ហើយសង្គមចាំបាច់ត្រូវបង្កើតគោលការណ៍ច្បាប់ច្បាស់លាស់ក្នុងការគ្រប់គ្រងទិន្នន័យ ដើម្បីធានាថាវាត្រូវបានប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ៕
ចែករំលែកព័តមាននេះ