ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវសង់សាលាមត្តេយ្យមួយខ្នងជាថ្នូរដី២០ហិកតា ៤ឆ្នាំមកហើយនៅមេម៉ាយកំពុងក្លាយជាបង្គន់អនាម័យ

14 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​​ ៖ ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​ស្អង ឃុំ​ប្រស្និប ស្រុក​រលា​ប្អៀរ​ មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ដី​ចំនួន​២០​ហិកតា​​ដែល​បាន​វាស់​ទៅ​ឱ្យ​​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ម្នាក់​ដែលបាន​សន្យា​ដោះ​ដូរនឹង​ការ​សាង​សង់​អគារសាលា​មត្តេយ្យ​១​ខ្នង​មាន​៣​បន្ទប់​។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​៤​ឆ្នាំ​ហើយ អគារ​​ធ្វើ​បាន​ត្រឹមតែ​ប្រមាណ​៥០​ភាគ​រយ​ប៉ុណ្ណោះ

ខេត្ត​កំពង់​ឆ្នាំង​​ ៖ ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​ស្អង ឃុំ​ប្រស្និប ស្រុក​រលា​ប្អៀរ​ មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ដី​ចំនួន​២០​ហិកតា​​ដែល​បាន​វាស់​ទៅ​ឱ្យ​​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ម្នាក់​ដែលបាន​សន្យា​ដោះ​ដូរនឹង​ការ​សាង​សង់​អគារសាលា​មត្តេយ្យ​១​ខ្នង​មាន​៣​បន្ទប់​។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​៤​ឆ្នាំ​ហើយ អគារ​​ធ្វើ​បាន​ត្រឹមតែ​ប្រមាណ​៥០​ភាគ​រយ​ប៉ុណ្ណោះ​ ​ក៏​មេម៉ាយ​ដល់​សព្វ​ថ្ងៃ​​ និង​​ប្រែ​ក្លាយ​ជា​បង្គន់​អនា​ម័យ​ទៅ​ហើយ​ ។ ​ចំណែក​ឯ​ដី​២០​ហិកតា​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​វាស់​ធ្វើប្លង់​កាត់​ឱ្យ​លោក​ទី​ប្រឹក្សា​នោះ​រួច​អស់​ហើយ​ ។

លោក​នូ ឆុន មេ​ភូមិ​ស្អង​ឱ្យ​​ដឹង​ថា នៅ​ឆ្នាំ​២០០៧​គាត់​បាន​ជួប​ទី​ប្រឹក្សា​ម្នាក់​(សុំ​មិន​បញ្ចេញ​ឈ្មោះ)។ កាល​ណោះ​លោក​មេ​ភូមិ​បាន​សុំ​អគារ​សាលា​មត្តេយ្យ​១​ខ្នង​ ហើយ​លោក​ទី​ប្រឹក្សា​រូប​នោះ​បាន​សួរ​វិញ​ថា បើ​ឱ្យ​​អគារ​១​ខ្នង​​មាន​៣​បន្ទប់​ តើ​មាន​អ្វី​ឱ្យ​វិញ​។ ក្រោយ​មក​លោក​​បាន​កោះ​ហៅ​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​ស្អង​ ព្រម​ទាំង​តា​អាចារ្យ​​ ព្រឹទ្ធាចារ្យ​ក្នុង​ភូមិ​ប្រជុំ ពិគ្រោះ​គ្នា​ក៏​បាន​ឯក​ភាព​យក​អគារ​សាលា​មត្តេយ្យ​១​ខ្នង​ មាន​ទទឹង​៩​ម៉ែត្រ​ បណ្តោយ​២៩​ម៉ែត្រ​ ចែក​ចេញ​ជា​៣​បន្ទប់​ធ្វើ​ពីបេតុង​ប្រក់​ក្បឿង​ជា​ថ្នូរ​នឹង​ឱ្យ​ដី​រួម​ភូមិ​ចំនួន​២០​ហិកតា​ ទៅ​ទី​ប្រឹក្សា​​ម្នាក់​នោះ​។

ប្រភព​ព័ត៌​មាន​​បន្ត​ថា ក្រោយ​ពី​មាន​ការ​ឯក​ភាព​គ្នា ដូច្នេះ​ហើយ​ប្រជា​ពល​រដ្ឋ​ក៏​បានវាស់​វែង​ដី​២០​ហិកតា​បោះ​បង្គោល​ និង​ធ្វើ​ប្លង់​ទៅ​ឱ្យ​ទី​ប្រឹក្សា​នោះ ហើយ​​ទី​ប្រឹក្សា​នោះ​បាន​ដឹក​សម្ភារ​សំណង់​ចាប់​ផ្តើម​សាង​សង់​ពី​ពេល​នោះ​មកដែរ​។ ប៉ុន្តែ​ការ​សាង​សង់​បាន​តែ​ប្រមាណ​​៥០​ភាគ​រយ​ក៏​នៅ​មេម៉ាយ​មក​ដល់​សព្វ​ថ្ងៃ​នេះ។​

លោក​ខៀវ ភឿន មេ​ឃុំ​ប្រស្និប​មាន​ប្រសាសន៍​ថា ដី​២០​ហិកតា​ និងអគារ​សិក្សា​​មួយ​ខ្នង​នោះ​មិន​មែន​ជា​ការ​ដោះ​ដូរ​គ្នា​ទេ ។ ការ​សាង​សង់​អគារ​​គឺ​ជា​លុយ​សប្បុរស​ជន​ក្រៅ​ប្រទេស ចំណែក​មេ​ការ​ដែល​សាង​សង់​អគារ​នោះ​បាន​បោក​ទី​ប្រឹក្សា​ដែរ គឺ​បោក​យក​លុយ​ហើយ​រត់​ចោល​ការ​សាង​សង់​​ ដូច្នេះ​លោក​ទី​ប្រឹក្សា​ក៏​ចាញ់​បោក​មេ​ជាង​ដែរ។

លោក​ឈឹម វុទ្ធា អភិ​បាល​ស្រុក​រលា​ប្អៀរ​​ប្រាប់​កោះ​សន្តិ​ភាព​​តាម​ទូរ​ស័ព្ទ​ថា រឿង​ធ្វើ​អគារ​សិក្សា​នោះ​ គឺ​គេ​គង់​តែ​ធ្វើ​ទេ គ្រាន់​តែ​យូរ​​ឬ​ឆាប់​ប៉ុណ្ណោះ។ ចំណែក​រឿង​ដោះ​ដូរ​ដី​២០​ហិកតា​នោះ​ លោក​មិន​ច្បាស់​ទេ ទាល់​តែ​សួរ​លោក​ពេជ​ សម្បត្តិ​ អភិ​បាល​ស្រុក​ចាស់​ទើប​ដឹង​​។

តាម​ប្រភព​ព័ត៌​មាន​ក្រៅ​ផ្លូវ​ការ​​ថា លុយ​សាង​សង់​អគារ​​១ខ្នង​នោះ​ជា​លុយ​របស់​សប្បុរស​ជន​ក្រៅ​ប្រទេស​ជួយ​ក្នុង​នាម​មនុស្ស​ធម៌ មិន​មែន​ជា​ការ​ដោះ​ដូរ​យក​ដី​ធ្លី​​ឡើយ ប៉ុន្តែ​សម្រាប់​លោក​ទី​ប្រឹក្សា​បែរ​ជា​យក​មក​ដោះ​ដូរ​ដី​២០​ហិកតា​ពី​ប្រជា​ពល​រដ្ឋ​ទៅ​វិញ​ ។ មក​ដល់​ពេល​នេះ​ទាំង​​មេ​ភូមិ មេ​ឃុំ​​មិន​អាច​ទាក់​ទង​ទៅ​លោក​ទី​ប្រឹក្សា​នោះ​បាន​ទេ សូម្បី​តែ​តាម​ទូរ​ស័ព្ទ​ក៏​ដោយ​។

ប្រជា​ពល​រដ្ឋ​ក៏​ដូច​ជា​អាជ្ញា​ធរ​មូល​ដ្ឋាន​បាន​និយាយ​ថា បើ​អគារ​សិក្សា​នោះ​មិន​ហើយ​ទេ ដី​ចំនួន​២០​ហិកតា​នោះ គឺ​ពួក​គាត់​ក៏​មិន​​ឱ្យ​ដែរ​។ ពួក​គាត់​និយាយ​ថា បើ​យក​ដី​២០​ហិកតា​លក់​ឱ្យ​គេ​ ហើយ​យក​លុយ​មក​សាង​សង់​អគារ​ខ្លួន​ឯង​វិញ​បាន​​ដល់​ទៅ​២​ខ្នង​ឯ​ណោះ​។​ ប្រជា​ពល​រដ្ឋ​​សំណូម​ពរ​​ថ្នាក់​លើឱ្យ​​ជួយ​ផង ពិសេស​លោក​ទី​ប្រឹក្សា​នោះ​សុំ​មក​ជួយ​ធ្វើ​អគារ​ឱ្យ​ហើយ​ផង ចំណែក​ដី​ដែល​សន្យា​ឱ្យ​នៅ​តែ​ឱ្យ​ដដែល​ទេ​ សុំឱ្យ​តែ​ហើយអគារ​សិក្សា​៕