ខេត្តកោះកុង ៖ បន្ទាប់ពីផ្ទុះការតវ៉ាពីប្រជានេសាទនៅក្នុងឃុំថ្មស ទាំងមូល ប្រជាពលរដ្ឋរាប់រយគ្រួសារសំណូមពរទៅកាន់អាជ្ញាធរខេត្ត តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣រួចមក ដើម្បីសុំឱ្យដកលោក ព្រំ សុវណ្ណា នាយផ្នែកជលផលបុទុមសាគរ ចេញពីមុខតំណែងនោះ។ ប៉ុន្តែលោកប្រធានមន្ទីរ បានបន្តរក្សាទុកមន្ត្រីរូបនេះ អោយនៅតែបង្កបទល្មើសប្រមូលលុយ ចុងក្រោយបានមួយដង្ហើមចង្រឹតទៀត ដោយបើកដៃអោយក្រុមឈ្មួញវៀតណាម ចូលធ្វើនេសាទខ្យង.ស បំពានច្បាប់យ៉ាងងងើល ដោយក្នុងមួយថ្ងៃៗរាប់រយតោន ជាថ្នូរនឹងការបង់លុយក្រោមតុ ក្នុង១គីឡូ៣ពាន់រៀល ដែលក្នុងរយៈពេលជាង២ខែមុន និងក្រោយ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនេះ លោកប្រធានមន្ទីរកសិកម្មខេត្តកោះកុង សម្ងំប្រមូលលុយបានរាប់សែនដុល្លារយ៉ាងត្រជាក់មេជើង។

ប្រភពព័ត៌មានធ្លាយចេញពីមន្ត្រីជលផល បានបង្ហើបឱ្យដឹងថា លោកប្រធានមន្ទីរ គឺពិតជាបានរៀបផែនការបង្កើតបទល្មើស ដើម្បីប្រមូលប្រាក់យ៉ាងស្ទាត់ជំនាញក្នុងអំឡុងពេលរដូវបោះឆ្នោតជិតឈានចូលមកដល់ ដោយជំហានដំបូងលោកប្រធានបានសណ្តោង មន្ត្រីជំនិតរបស់ខ្លួន គឺលោកព្រំ សុវណ្ណា ផ្ទេរចេញមកពីក្រសួងបរិស្ថាន ហើយលោកប្រធានចេញលិខិតបង្គាប់ការអោយសេនាដៃស្តាំ ព្រំ សុវណ្ណា ដើរប្រមូលលុយពីអ្នកនេសាទផង និងពីក្រុមបទល្មើសព្រៃឈើឆ្លងកាត់តំបន់ថ្ម.សផង។ ចំណែកខណ្ឌជលផល ដែលចំណុះឱ្យមន្ទីរផ្ទាល់ លោកប្រធានទុកអោយស៊ីប្រាក់ខែដើរទាត់ខ្យល់ទៅវិញយ៉ាងរំភើយ បានជាផ្ទុះរឿងលាន់ដូចរន្ទះបាញ់។

បន្ទាប់មក ដោយខ្លាចបែកការសម្ងាត់ លោកប្រធានមន្ទីររូបនេះ ក៏បានចេញលិខិតបង្គាប់ការថ្មីទៀត ដកលោក ហិន ឡា ពីនាយផ្នែកជលផលបុទុមសារគរ (ថ្ម.ស) ដែលឈរជើងច្រើនឆ្នាំ ហើយត្រូវបានប្រជានេសាទគោរពស្រឡាញ់គ្រប់គ្នា មកបញ្ឈរជើងនៅឯខណ្ឌជលផលខេត្ត រួចដាក់សេនាដៃស្តាំរបស់ខ្លួនឈ្មោះ ព្រំ សុវណ្ណា ជំនួស ដើម្បីបើកដៃអោយក្រុមឈ្មួញវៀតណាម ចូលទិញ និងនេសាទខ្យង.សទាំងបំពានច្បាប់ រហូតដល់មានផ្ទុះការតវ៉ាពីប្រជានេសាទ ទើបនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកប្រធានមន្ទីរចេញលិខិតបង្គាប់ការដកលោក ព្រំ សុវណ្ណា ចេញ តាមការតវ៉ារបស់ប្រជានេសាទ… រួចដាក់មនុស្សជំនិតទី២ ជានាយរងផ្នែក ឈ្មោះ ប៉ រ៉ានី ទទួលការងាររួមជំនួសជាបណ្តោះអាសន្ន។
គួររំលឹកថា ៖ ខ្យង.ស សម្រុកនាំចេញទៅវៀតណាម រាប់រយតោនក្នុង១ថ្ងៃ ប្រធានមន្ទីរកសិកម្មសម្ងំ… (វីដេអូ) ៕







ចែករំលែកព័តមាននេះ