ខេត្តបាត់ដំបង ៖ មន្ត្រីអង្គភាពកំចាត់មីនស៊ីម៉ាក់ ជាមួយនឹងកម្មករស្ដារប្រឡាយរំដោះទឹកស្អុយ បានរុករកឃើញភាគច្រើនជាក្បាលគ្រាប់កាំភ្លើងធុនធ្ងន់ជាច្រើនប្រភេទប្រមាណជិត៥០គ្រាប់ក្នុងរយៈពេល០២ថ្ងៃ គិតត្រឹមរសៀលថ្ងៃទី០៣ កញ្ញា ដែលគេកប់ចោលក្នុងប្រឡាយទឹក នៅចំណុចភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង ។

របាយការណ៍បានឲ្យដឹងថា គ្រាប់យុទ្ធភ័ណ្ឌទាំងនេះ ត្រូវបានក្រុមកម្មករជីកស្ដារប្រឡាយរំដោះទឹកស្អុយ ជាអ្នកប្រទះឃើញនៅថ្ងៃដំបូង កាលពីរសៀលថ្ងៃទី០២ កញ្ញា ។ ក្រោយពីអាជ្ញាធររាយការណ៍ទៅកាន់មន្ត្រីស៊ីម៉ាក់សុំឲ្យជួយអន្តរាគមន៍រុករកបន្ថែម ទើបនៅរសៀលថ្ងៃទី ០៣ កញ្ញា កម្លាំងអង្គភាពស៊ីម៉ាក់ចុះរុករកជីកកកាយរកឃើញបន្ថែមជាច្រើនគ្រាប់ទៀត ។

បើតាមរបាយការណ៍បានឲ្យដឹងថា ការដែលក្រុមកម្មករប្រទះឃើញថ្ងៃទី០២ កញ្ញា មានក្បាលគ្រាប់ជាច្រើនប្រភេទចំនួន១១គ្រាប់ ហើយនៅថ្ងៃទី០៣ កញ្ញា កម្លាំងអង្គភាពស៊ីម៉ាក់បានជីករកឃើញក្បាលគ្រាប់កាំភ្លើងធុនធ្ងន់ជាច្រើនប្រភេទប្រមាណ៣៨គ្រាប់ថែមទៀតដែលរយៈពេល០២ថ្ងៃ មន្ត្រីជំនាញរុករកឃើញក្បាលគ្រាប់បានចំនួនជិត៥០គ្រាប់ហើយ និងកំពុងរុករកបន្តទៀត ។

គ្រាប់យុទ្ធភ័ណ្ឌដែលគេកាយស្ដារប្រឡាយទឹកស្អុយប្រទះឃើញនោះ ភាគច្រើនជាប្រភេទក្បាលគ្រាប់កាំភ្លើងត្បាល់ដូចជាគ្រាប់១៣០មម គ្រាប់DK៨២មម DK៧៥មម គ្រាប់១០៥មម គ្រាប់១២២មម គ្រាប់១២០មម ក្នុងនោះក៏មានគ្រាប់មីនផងដែរ ។ មន្ត្រីជំនាញបានឲ្យដឹងថា ក្បាលគ្រាប់ខាងលើនេះ ច្រែះចាប់អស់ទៅហើយ តែវាអាចបង្កគ្រោះថ្នាក់បាន ប្រសិនយកទៅដំលែង ឬបោះលែង ។

បើតាមប្រវត្តិនៃគ្រាប់យុទ្ធភ័ណ្ឌច្រែះចាប់ទាំងនេះ អតីតយោធាមួយចំនួនបាននិយាយថា នៅក្បែរកន្លែងប្រទះឃើញគ្រាប់នោះ ជាឃ្លាំងស្ដុកគ្រាប់កាំភ្លើងដ៏ធំ ហើយនៅនៅតំបន់នោះក៏ជាកន្លែងយោធារស់នៅដែរ។ ដូច្នេះហើយទើបមានគ្រាប់កាំភ្លើងសេសសល់កប់ចោលនៅក្នុងដីបែបនេះ ។
យ៉ាងណាក្ដី ពេលនេះមន្ត្រីស៊ីម៉ាក់កំពុងតរុករកបន្តទៀតនៅឡើយ ព្រោះគេសង្ស័យថា គ្រាប់កាំភ្លើង ឬ ក្បាលគ្រាប់ប្រភេទដូចខាងលើនេះ អាចនៅមានសេសសល់នៅកន្លែងផ្សេងទៀត ៕



ចែករំលែកព័តមាននេះ