ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​រស់​ឆ្លង​ចូល​ស្រុក​យួន ជាង​១០​រថយន្ត​… ឈ្មួញ​​យួន​ជា​អ្នក​បើក​បា​រ៉ា​ស់​ខ្លួនឯង

1 ឆ្នាំ មុន
  • ស្វាយរៀង

មហាជន​ហួសចិត្ត​ពេល​ឃើញ​ឈ្មួញ​វៀតណាម​ឆ្លង​ដែន​ចូល​មក​បើក​បា​រ៉ា​ស់​សមត្ថកិច្ច​នគរបាល​កម្ពុជា ការពារ​ព្រំដែន​កំ​ពោត​ទូក​ដោយ​ខ្លួនឯង ហើយ​បើករថយន្ត​ចំនួន​១០​គ្រឿង​ចូល​មក​ដឹក​សត្វ​ជ្រូក​រស់​ប្រមាណ​ជាង​៣.០០០​ក្បាល​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​

ខេត្តស្វាយរៀង ៖ មហាជន​ហួសចិត្ត​ពេល​ឃើញ​ឈ្មួញ​វៀតណាម​ឆ្លង​ដែន​ចូល​មក​បើក​បា​រ៉ា​ស់​សមត្ថកិច្ច​នគរបាល​កម្ពុជា ការពារ​ព្រំដែន​កំ​ពោត​ទូក​ដោយ​ខ្លួនឯង ហើយ​បើករថយន្ត​ចំនួន​១០​គ្រឿង​ចូល​មក​ដឹក​សត្វ​ជ្រូក​រស់​ប្រមាណ​ជាង​៣.០០០​ក្បាល​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន ពុំ​ឃើញ​មាន​សមត្ថកិច្ច​ខ្មែរ​ណា​ម្នាក់​មក​ក្បែរ​ឡើយ​។

ហើយ​ករណី​ខាងលើ​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ រហូត​ដល់​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ និង​មាន​ទំនិញ​ខោអាវ​ជជុះ គ្រឿង​អេ​ឡិ​ក​ត្រូ​និ​ច ដឹក​តាម​រថយន្ត​យី​ឌុ​ប​ជា​ច្រើន​គ្រឿង​ផ្សេង​ទៀត ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​ដែរ​។

បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា ករណី​ឈ្មួញ​វៀតណាម ឆ្លង​ដែន​ចូល​មក​បើក​បា​រ៉ា​ស់​សមត្ថ​កិច្ច​នគរបាល​ការពារ​ព្រំដែន​កំ​ពោត​ទូក​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៣ រហូត​ដល់​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​ច្រករបៀង​កំ​ពោត​ទូក ស្ថិត​នៅ​ក្នុងភូមិ​កំ​ពោត​ទូក ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប​។

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ផ្លូវ​ប្រឡាយ​កំ​ពោត​ទូក បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​មួយ​ខែ មក​ដល់​ខែកញ្ញា ឆ្នាំ​២០២៣​នេះ គឺ​មាន​ឈ្មួញ​នាំ​សត្វ​ជ្រូក​រស់ ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​រាល់​យប់ ជា​ទូទៅ​គឺ​ចាប់ពី​ម៉ោង​១១​យប់ ឬ​ម៉ោង​១២​យប់​រំលង​អធ្រាត្រ​។ ហើយ​ចាប់ពី​យប់​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៣​នេះ យួន​សម្រុក​មក​ទិញ​ជ្រូក​រស់​ពី​ក្រុមហ៊ុន​ខ្មែរ មាន​ងារ​ជា​ឧកញ៉ា​ម្នាក់ ដឹក​ក្នុង​១​យប់​ៗ​ចំនួន​១០​គ្រឿង យប់​ខ្លះ​ទៀត​១៥​គ្រឿង ដោយ​ក្នុង​១​គ្រឿង​ចំនួន​៣៥០​ក្បាល ដឹក​យក​ទៅ​ផ្ទេរ​ដាក់​រថយន្ត​ឲ្យ​ឈ្មួញ​វៀតណាម​នៅ​លើ​ផ្លូវ​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​ខាងលិច​ប៉ុស្តិ៍​ច្រករបៀង​កំ​ពោត​ទូក ចម្ងាយ​៣០០​ម៉ែត្រ រួច​ដឹក​តាម​រថយន្ត​បន្ត​ចូល​ទៅ​ប្រទេស​វៀតណាម​តែ​ម្ដង​។

មហាជន​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​សត្វ​ជ្រូក​រស់ ក៏​មាន​ឈ្មួញ​ដឹក​ទំនិញ​ជា​ច្រើន​គ្រឿងក្នុង​១​យប់​ៗ គឺ​ចាប់ពី​១០​គ្រឿង​ទៅ​១៥​គ្រឿង​បង្ក​សម្លេង​ឮ​រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដងផ្លូវ គឺ​ដេក​មិន​បាន​ឡើយ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា កាលពី​វេលា​ម៉ោង​០៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១ និង​ថ្ងៃ​ទី​២ និង​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៣​នេះ មាន​រថយន្ត​វៀតណាម​ចំនួន​០៥​គ្រឿង ដឹក​ទំនិញ​ពី​ប្រទេស​វៀតណាម​ចូល​មក​ស្រុក​ខ្មែរ តាម​ច្រករបៀង​កំ​ពោត​ទូក យក​មក​ផ្ទេរ​នៅផ្ទះ​ឈ្មួញ​ខ្មែរ​ម្នាក់ នៅ​ចំណុច​កែង​ផ្លូវ​កៅស៊ូ ស្ថិត​ក្នុងភូមិ​ត្រពាំង​តា​អី ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយ​ទាប​។ ចំណែក​រថយន្ត​វៀតណាម​១០​គ្រឿង​ទៀត ចូល​មក​យក​ទំនិញ​ពី​ឈ្មួញ​ខ្មែរ មាន​ដូច​ជា ៖ គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​ខោអាវ​ជជុះ នៅ​ត្រង់​ចំណុច​ភូមិ​អង្គ​ម ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប គឺ​ផ្ទេរ​ទំនិញ​ពី​រថយន្ត​ខ្មែរ​ដាក់​លើ​រថយន្ត​វៀតណាម រួច​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម សរុប​ប្រមាណ​ជិត​៣០​គ្រឿង គ្មាន​ការ​រំខាន​ដល់​សមត្ថកិច្ច​នោះ​ទេ សង្ស័យ​ត្រូវ​សំណែន​ឈ្មួញ​ហើយ ទើប​សមត្ថកិច្ច​ការពារ​ព្រំដែន​ដេក​លក់​អស់​។

ករណី​ខាងលើ​នេះ​ដែរ មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​មេ​ប៉ុស្តិ៍​នគរបាល​ច្រក​កំ​ពោត​ទូក បាន​ទេ ដោយ​មាន​តែ​ប៉ុស្តិ៍​គ្មាន​មន្ត្រី​ប្រចាំការ បើកដៃ​ឲ្យ​ឈ្មួញ​វៀតណាម​មក​បើក​បា​រ៉ា​ស់​ខ្លួនឯង​យ៉ាង​រំភើយ​។

បើ​តាម​មន្ត្រី​នគ​បាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឲ្យ​ដឹង​ថា ប៉ុស្តិ៍​ច្រករបៀង​កំ​ពោត​ទូក​នេះ ក្រោម​ការ​គ្រប់គ្រង​ដោយ​មេ​ប៉ុស្តិ៍​ច្រក​ទ្វារ​តំបន់​ព្រំដែន​ព្រៃ​តា​អី ក៏​ប៉ុន្តែ​អ្នក​សារព័ត៌មាន​យើង​មិន​អាច​រក​ការ​បំភ្លឺ​បាន​ទេ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២៣​នេះ ដោយសារ​ទូរស័ព្ទ​ចូល​ហើយ គ្មាន​មនុស្ស​លើក​។

ចំណែក លោក ប៉ែន ច​ន្ធី ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តស្វាយរៀង មិន​អាច​រក​ការ​បំភ្លឺ​បាន​ទេ ទូរ​សព្ទ័​ចូល​ហើយ គ្មាន​អ្នក​លើក​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ លោក សុក សុទ្ធា​វុ​ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តស្វាយរៀង បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា លោក​មិន​បានដឹង​ទេ ករណី​ឈ្មួញ​នាំ​សត្វ​ជ្រូក​រស់​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​នេះ ចាំ​ស្អែក​លោក​ចាត់​ឱ្យ​មន្ត្រី​ចុះ​ធ្វើការ​ស្រាវជ្រាវ​។

ចំណែក​មន្ត្រី​នគរបាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​មួយ គេ​មានច្បាប់​នាំ​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ថៃ ឆ្លងកាត់​កម្ពុជា រួច​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ក៏​ប៉ុន្តែ​មិន​បានដឹង​ច្បាស់​ថា តើ​ក្រុមហ៊ុន​នោះ​ឈ្មោះ​អ្វី​ទេ?

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ