ខេត្តកំពត ៖ រថយន្តបែនដឹកដី១គ្រឿងបានក្រឡាប់ដោយខ្លួនឯងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១២ ឧសភា នៅលើកំណាត់ផ្លូវជាតិលេខ៣ ពីកំពតទៅត្រពាំងរពៅក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូក។ មន្ត្រីប៉ូលិសប៉ុស្តិ៍រដ្ឋបាល ឃុំបឹងទូកនិយាយថា រថយន្តនេះពាក់ស្លាកលេខបាត់ដំបង 3A-0588 បើកក្នុងទិសដៅពីលិចទៅកើត មានតែអ្នកបើកបរម្នាក់ឯងប៉ុណ្ណោះ ស្រាប់តែបើកមកដល់ផ្លូវកោងក្រឡាប់យ៉ាងស្រួលដោយខ្លួនឯង។
អ្នកបើករថយន្តឈ្មោះសីលា អាយុ២៥ឆ្នាំ រស់នៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មិនរបួសធ្ងន់ទេ តែហាក់វង្វេងស្មារតី។ ចំណែករថយន្តខូចខាតស្ទើរទាំងស្រុង។ អ្នកឃើញហេតុការណ៍និយាយថា អ្នកណាក៏សន្និដ្ឋានថា អ្នកបើកបរស្លាប់ដែរ តែក្រោយរថយន្តក្រឡាប់មួយសន្ទុះស្រាប់តែគេឃើញលូនចេញពីក្នុងកាប៊ីន។ មន្ត្រីប៉ូលិសនិយាយថា រថយន្តក្រឡាប់ដោយខ្លួនឯងនេះមកពីបើកក្នុងល្បឿនលឿន ម្យ៉ាងមេឃភ្លៀងផង ពេលចាក់គួខ្លាំងក៏ក្រឡាប់តែម្តង៕
ចែករំលែកព័តមាននេះ