ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​នាំ​សត្វ​ជ្រូក​រស់​ជាង​៦០០​ក្បាល​ចេញ​ទៅ​ប្រទេស​​វៀតណាម​តាម​ច្រករបៀង (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ស្វាយរៀង

ឈ្មួញ​នាំ​សត្វ​ជ្រូក​រស់​ប្រមាណ​ជាង​៦០០​ក្បាល​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​កំ​ពោត​ទូក នៅ​ពេល​យប់​កណ្តាលអធ្រាត្រ និង​មាន​ទំនិញ​ខោអាវ​ជជុះ ព្រមទាំង​គ្រឿង​អេ​ឡិ​ក​ត្រូ​និ​ច ក៏​ដឹក​តាម​

ខេត្តស្វាយរៀង ៖ ឈ្មួញ​នាំ​សត្វ​ជ្រូក​រស់​ប្រមាណ​ជាង​៦០០​ក្បាល​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​កំ​ពោត​ទូក នៅ​ពេល​យប់​កណ្តាលអធ្រាត្រ និង​មាន​ទំនិញ​ខោអាវ​ជជុះ ព្រមទាំង​គ្រឿង​អេ​ឡិ​ក​ត្រូ​និ​ច ក៏​ដឹក​តាម​រថយន្ត​យី​ឌុ​ប​ប្រមាណ​ជា​១៥​គ្រឿង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​ផង​ដែរ ដោយ​ពុំ​មាន​រំខាន​ដល់​សមត្ថកិច្ច​ណា​ម្នាក់​ឡើយ ចំណែក​ជ្រូក​រស់​ពី​ថៃ​ច្រើន​ទៀត​បាន​ចែកចាយ​តាម​បណ្ដា​ខេត្ត និង​ភ្នំពេញ​។

ករណី​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៣ នៅ​ចំណុច​ច្រករបៀង​កំ​ពោត​ទូក ស្ថិត​ក្នុងភូមិ​កំ​ពោត​ទូក ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប​។

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ផ្លូវ​ប្រឡាយ​កំ​ពោត​ទូក បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​មួយ​ខែសីហា ឆ្នាំ​២០២៣​នេះ គឺ​មាន​ឈ្មួញ​នាំ​សត្វ​ជ្រូក​រស់ ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀត​ណាម​ស្ទើរតែ​រាល់​យប់​។ ជា​ទូទៅ គឺ​ចាប់ពី​ម៉ោង​១១​យប់ ឬ​ម៉ោង​១២​យប់​រំលង​អធ្រាត្រ ដោយ​យប់​ខ្លះ​០២​ឡាន យប់​ខ្លះ​ទៀត​០៣​គ្រឿង ហើយ​ក្នុង​១​គ្រឿង គឺ​ដឹក​ជ្រូក​៣៥០​ក្បាល​ឯណោះ​។ រថយន្ត​យី​ឌុ​ប​នោះ​បាន​ដឹក​ជ្រូក​យក​ទៅ​ផ្ទេរ​ដាក់​លើ​រថយន្ត​ឲ្យ​ឈ្មួញ​វៀតណាម​នៅ​លើ​ផ្លូវ​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​ខាងលិច​ប៉ុស្តិ៍​ច្រករបៀង​កំ​ពោត​ទូក មាន​ចម្ងាយ​៣០០​ម៉ែត្រ រួច​ដឹក​តាម​រថយន្ត​បន្ត​ចូល​ទៅ​ប្រទេស​វៀត​ណាម​តែ​ម្ដង​។

មហាជន​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​សត្វ​ជ្រូក​រស់ ឈ្មួញ​ក៏​មាន​ដឹក​ទំនិញ​ជា​ច្រើន​គ្រឿងក្នុង​១​យប់​ៗ គឺ​ចាប់ពី​១០​គ្រឿង​ទៅ​១៥​គ្រឿង​បង្ក​ឱ្យ​មាន​សម្លេង​ឮ​រំខាន​ដល់​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ ដោយ​ដេក​មិន​បាន​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៣ រហូត​ដល់​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៣ មាន​រថយន្ត​វៀត​ណាម​ចំនួន​០៥​គ្រឿង​ដឹក​ទំនិញ​ពី​ប្រទេស​វៀតណាម​ចូល​មក​ស្រុក​ខ្មែរ តាម​ច្រករបៀង​កំ​ពោត​ទូក ដោយ​យក​មក​ផ្ទេរ​នៅផ្ទះ​ឈ្មួញ​ខ្មែរ​ម្នាក់ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​) នៅ​ចំណុច​កែង​ផ្លូវ​កៅស៊ូ ស្ថិត​ក្នុងភូមិ​ត្រពាំង​តា​អី ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយ​ទាប​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំណែក​រថយន្ត​វៀតណាម​១០​គ្រឿង​ទៀត​ចូល​មក​យក​ទំនិញ​ពី​ឈ្មួញ​ខ្មែរ មាន​ដូច​ជា ៖ គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​ខោអាវ​ជជុះ នៅ​ត្រង់​ចំណុច​ភូមិ​អង្គ​ម ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប គឺ​ផ្ទេរ​ទំនិញ​ពី​រថយន្ត​ខ្មែរ​ដាក់​លើ​រថយន្ត​វៀតណាម រួច​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ដោយ​គ្មាន​រំខាន​ដល់​សមត្ថកិច្ច​នោះ​ទេ សង្ស័យ​តែ​ត្រូវ​សំណែន​ឈ្មួញ​ហើយ ទើប​សមត្ថកិច្ច​ការពារ​ព្រំដែន​ដេក​លក់​អស់​។

ប្រភព​បន្ត​ទៀត​ថា ឈ្មួញ​បើករថយន្ត​ដឹក​ទំនិញ​១​យប់​ទល់​ភ្លឺ​មិន​អស់ រហូត​ដល់​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់ គេ​ក៏​ឃើញ​រថយន្ត​វៀតណាម​០៣​គ្រឿង បាន​បើក​ពី​ប្រទេស​វៀតណាម ឆ្លង​ដែន​ចូល​មក​តាម​ច្រករបៀង​កំ​ពោត​ទូក រួច​ចូល​មក​ភូមិ​អង្គ​ម ចំនួន​២​គ្រឿង​ផ្ទេរ​ទំនិញ​ក្រណាត់​ខោអាវ ហើយ​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម​វិញ កាលពី​វេលា​ម៉ោង​៣​និង​៤៣​នាទី​រសៀល យ៉ាង​រំភើយ​។ ចំណែក​រថយន្ត​១​គ្រឿង​ទៀត ដឹក​ទំនិញ​គ្រឿង​ចាប់ហួយ ទៅ​ផ្ទេរ​ឲ្យ​ឈ្មួញ​ខ្មែរ​នៅ​ចំណុច​ថ្នល់កែង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​តា​អី ឃុំ​ព្រៃ​តា​អី រួច​ដឹក​បន្ត​ចេញ​ទៅ​រាជធានី​ភ្នំពេញ​។

ទាក់ទង​ករណី​ខាងលើ​នេះ​ដែរ មិន​ទាន់​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​មេ​ប៉ុស្តិ៍​នគ​បាល​ច្រក​ទ្វារ​តំបន់​ព្រំដែន​ព្រៃ​តា​អី បាន​ទេ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៣​នេះ ដោយសារ​ទូរ​សព្ទ័​ចូល​ហើយ តែ​គ្មាន​មនុស្ស​លើក​។

ចំណែក​លោក ឈិ​ន សៅ មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តស្វាយរៀង​វិញ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ឱ្យ​ដឹង​ថា លោក​មិន​បានដឹង​ទេ ករណី​ឈ្មួញ​នាំ​សត្វ​ជ្រូក​រស់​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​នេះ​។

រីឯ​មន្ត្រី​នគរបាល​ម្នាក់​ទៀត សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​មួយ គេ​មានច្បាប់​នាំ​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ឆ្លងកាត់​កម្ពុជា រួច​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​។ ក៏​ប៉ុន្តែ​មិន​បានដឹង​ច្បាស់​ថា តើ​ក្រុមហ៊ុន​នោះ​ឈ្មោះ​អ្វី​ទេ? ដែល​តាម​ដំណឹង​ថា ក្រសួងកសិកម្ម​ខ្មែរ បាន​យល់ព្រម​ឱ្យ​នាំ​ជ្រូក​៦​ម៉ឺន​ក្បាល​ពី​ប្រទេស​ថៃ ឆ្លងកាត់​កម្ពុជា​ទៅ​វៀតណាម ប៉ុន្តែ​មាន​ជ្រូក​ថៃ​ច្រើន​ណាស់​ត្រូវ​ក្រុមហ៊ុន​មួយ​នេះ លក់​ចែកចាយ​នៅ​ក្នុងស្រុក ហើយ​ទុក​ខ្លះ​នាំ​ទៅ​ស្រុក​យួន គ្រាន់តែ​ល្អមើល​ប៉ុណ្ណោះ ។

មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ពី​ក្រុមហ៊ុន​ដែល​នាំ​ជ្រូក​ចូល​ពី​ប្រទេស​ថៃ ។
ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ