ខេត្តកំពង់ឆ្នាំង ៖ រហូតមកដល់ពេលនេះ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ប្រជាពលរដ្ឋរស់នៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ នៅតែបន្តការតវ៉ាជាមួយនឹងកងទ័ពឈរជើងការពារព្រលានយន្តហោះ ដែលកំពុងធ្វើសកម្មភាពសាងសង់របងក្រវ៉ាត់ព្រំដីព្រលាន តាមព្រះរាជក្រឹត្យ និងផែនការរបស់ក្រសួងការពារជាតិ ។

បើតាមលោក រស់ ឆោម ហៅក្អាត់ ដែលអះអាងជាតំណាងប្រជាពលរដ្ឋ បានប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា ដីពួកគាត់រស់នៅជាយូរយារណាស់មកហើយ មានផ្ទះសម្បែង និងដីសម្រាប់បង្កបង្កើនផល គឺធ្វើស្រែជារៀងរាល់ឆ្នាំ។ ប៉ុន្តែនៅពេលថ្មីៗនេះ កងទ័ពការពារព្រលានយន្តហោះ បានចាប់ផ្ដើមធ្វើរបងចូលដីដែលគាត់កំពុងរស់នៅ និងដីដែលពួកគាត់កំពុងតែធ្វើស្រែ ជាហេតុធ្វើឱ្យពួកគាត់រងគ្រោះបាត់បង់ដីស្រែ និងដីលំនៅដ្ឋានរបស់ពួកគាត់ ពិតជាជួបការលំបាកយ៉ាងខ្លាំង ។ ដោយហេតុនេះហើយ ពួកគាត់សូមអង្វរដល់មេបញ្ជាការកងទ័ពអាកាស ក៏ដូចជាអាជ្ញាធរដែនដី មេត្តាអធ្យាអាស្រ័យ កាត់ឆ្វៀលដីរបស់ពួកគាត់ ជូនពួកគាត់វិញផង ព្រោះពួកគាត់មិនដឹងទៅរស់នៅទីណានោះទេ។

ទាក់ទងនឹងបញ្ហាខាងលើនេះ លោក កែវ វ៉ាន់ដេត មេបញ្ជាការព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ដែរថា ការធ្វើរបងនេះ គឺតាមការណែនាំរបស់ក្រសួងការពារជាតិ ដែលមានផ្ទៃដីទំហំ ១៤១៥ ហិកតា។ ផ្ទៃដីទំហំ ១៤១៥ហិចតា នេះ គឺជាដីព្រះរាជក្រឹត្យ ឡាយព្រហស្តលេខាដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាទុកជាដីសម្រាប់សាងសង់ព្រលានយន្តហោះខេត្តកំពង់ឆ្នាំង ។

លោកមេបញ្ជាការព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់បន្តថា ហើយផ្ទៃដីខាងលើនេះដែរ គឺជាដីកាត់ចេញពីដីដែលរាជរដ្ឋាភិបាលបង្កើតតំបន់សហគ្រាសសេរី ដែលមានព្រះរាជក្រឹត្យ លេខ ៖ នស/រកត/១២ ៩៦ /៩១ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៩៦ មានទំហំសរុបរហូតដល់ ១៩៨៨៤ហិកតាឯណោះ។

លោក កែវ វ៉ាន់ដេត ក៏បានបញ្ជាក់ទៀតថា ការធ្វើរបងនេះ បើប៉ះផ្លូវ ឬចំផ្ទះបងប្អូនប្រជាពលរដ្ឋ គឺធ្វើរំលងរបង ឬផ្ទះ ដោយទុកច្រកចេញចូលដែរ។ តែប្រជាពលរដ្ឋទាំងនោះ មិនមានការតវ៉ាទេ គឺតវ៉ាតែប្រជាពលរដ្ឋអ្នកក្នុងភូមិទៅវិញទេ ដែលទាមទារកាត់ឆ្វៀលដីមួយភូមិប៉ាតឡាងតែម្ដង។ ចំណែកការធ្វើរបងនេះ នៅសល់តែប្រវែង ១៨៨២ម៉ែត្រទៀតគឺរួចរាល់ហើយ។

លោកក៏បានស្នើសុំឲ្យប្រជាពលរដ្ឋឱ្យបញ្ឈប់ការតវ៉ានេះទៅ ដោយសារតែដីដែលធ្វើរបងនេះ គឺធ្វើតាមព្រះរាជក្រឹត្យ ដែលបានកាត់ចេញរួចហើយ។ ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យ និងកុំបង្កឱ្យមានបញ្ហាណាមួយកើតឡើង៕


ចែករំលែកព័តមាននេះ