ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់ញាតិ​ជន​រង​គ្រោះ​គ្រោង​ប្តឹង​អធិការរង​ស្រុក​ព្រះស្តេច​ ហ៊ាន​ដោះ​លែង​វត្ថុ​តាង​គ្រោះថ្នាក់​ចរា​ចរណ៍​ស្រប​ពេល​នីតិវិធី​កំពុង​ដំណើរការ

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​ព្រៃវែង​ ៖ ​​ករណី​​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​មួយ​ដែល​បាន​កើតឡើង​ក្នុង​ទឹកដី​ស្រុក​

ខេត្ត​ព្រៃវែង​ ៖ ​​ករណី​​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​មួយ​ដែល​បាន​កើតឡើង​ក្នុង​ទឹកដី​ស្រុក​ព្រះស្ដេច​ ខេត្តព្រៃវែង​ ភាគី​អ្នក​រង​គ្រោះ​មិន​ទាន់​ទទួល​បានការ​ប៉ះប៉ូវ​ និង​សំណង​ថ្លៃ​ព្យាបាល​របួស​នៅឡើយ​ទេ ស្រាប់តែ​លោក​វរៈសេនីយ៍ទោឯក ​ស៊ា​ង ​ហន ​អត្តលេខ​១៣៧៤០​ បាន​នាំ​កូនចៅ​ទៅ​ធ្វើ​ឯកសារ​នៅ​ប៉ុស្តិ៍​ ហើយ​យក​វត្ថុ​តាង (​រថយន្ត​) ​ចេញពី​ប៉ុស្តិ៍​បាត់​ទៅ​ ដែល​សកម្មភាព​នេះ​អាច​បញ្ជាក់​ឲ្យ​ឃើញ​ថា​ លោក​អធិការរង​រូប​នេះ​អនុវត្ត​ខុស​នីតិវិធី​ទាំងស្រុង​។ ស្រប​ពេល​ដែល​លោក ឯក​ ស៊ា​ង​ហន ហ៊ាន​ធ្វើ​ឯកសារ​ ហើយ​ដោះ​លែង​វត្ថុ​តាង​(​រថយន្ត​)​ទាំង​ដែល​នីតិវិធី​កំពុង​ធ្វើ​ឡើង​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្តព្រៃវែង​នេះ​គឺ​ភាគី​​ខាង​ម៉ូតូ​ពុំ​សុខចិត្ត​នោះ​ទេ​។

យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្តព្រៃវែង​មួយ​រូប​បាន​បង្ហើប​ផង​ដែរ​ថា «​កាលណា​រឿង​អត់​ទាន់​ចប់​ នគរបាល​មិន​អាច​ឲ្យ​ភាគី​ណាមួយ​យក​វត្ថុ​តាង​នោះ​ចេញពី​កន្លែង​រក្សា​ទុក​បាន​ឡើយ បើ​ក្នុង​ដំណាក់កាល​ចរចា​ដែល​មិន​ទាន់​ទទួល​សំណង​គឺ​មន្ត្រី​នគរបាល​មិន​អាច​ប្រគល់​វត្ថុ​តាង​ឲ្យ​យក​ចេញ​តែ​ម្ខាង​បាន​ដែរ តែបើ​រឿង​នេះ​បញ្ជូន​ដល់​តុលាការ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ និយាយ​រួម​កាលបើ​លោក​អធិការរង ឯក​ស៊ា​ង​ហន ហ៊ាន​ធ្វើ​ឯកសារ​យក​ឡាន​ចេញពី​ប៉ុស្តិ៍​ហើយ​ប្រគល់​ឡាន​ទៅ​ឲ្យ​ភាគី​ម្ចាស់​ឡាន​នោះ​យក​ទៅ​ប្រើប្រាស់​វិញ​រឿង​នេះ​គឺ​ខុស​នីតិវិធី​ទាំងស្រុង​»។

តាម​ប្រភព​បន្ត​ថា ​រឿង​នេះ​ ភាគី​អ្នក​រង​គ្រោះ​អាច​ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​យក​វត្ថុ​តាង​នោះ​ត្រឡប់​មក​វិញ​ ហើយ​ប​ញ្ចូ​ន​សំណុំរឿង​និង​វត្ថុ​តាង​ទៅ​តុលាការ​ដើម្បី​តុលាការ​សម្រេច​ទើបត្រូវ​នីតិវិធី​ច្បាប់​។ តែ​បើ​លេង​ផ្លូវ​កាត់​ដូច​លោក ឯក​ ស៊ា​ង​ហន អធិការរង​នគរបាល​ស្រុក​ព្រះស្ដេច​ធ្វើ​នេះ​គឺ​ខុស​នីតិវិធី​ទាំងស្រុង​ហើយ​បើ​ទោះបីជា​អនុញាតិ​ឲ្យ​យក​ម៉ូតូ​ចេញ​មុន​ឡាន​ក៏​ខុស​ដែរ​។

​តាម​ប្រភព​ដដែល​បន្ត​ថា​រឿង​នេះ​មិនមែន​សុខ​ៗ​លោក​ឯក​ស៊ា​ង​ហន ហ៊ាន​ធ្វើ​និង​អត្ត​នោ​ម័ត​ដោយ​ខ្លួនឯង​បាន​ទេ អាច​មានការ​យល់ព្រម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ណាមួយ​ទើប​គាត់​ហ៊ាន​ធ្វើ​ម្យ៉ាងទៀត​គាត់​ធ្វើ​ប៉ូ​លី​ស​យូរ​ដែរ​ហើយ​គាត់​មិនមែន​មិនដឹង​ពី​នីតិវិធី​នោះ​ទេ​។

ទាក់ទិន​ករណី​នេះ​ដែរ​តែ​ញាតិ​ជន​រង​គ្រោះ​ក៏​បាន​បង្ហើប​ប្រាប់​ផង​ដែរ​ថា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដំបូង​ឡើយ​ភាគី​រថយន្ត​សុំ​សង​តែ 200 ដុល្លារ​ទេ​មក​ភាគី​ម៉ូតូ តែ​ដោយសារ​ការ​ចរចា​មិន​ត្រូវ​គ្នា ភាគី​ម៉ូតូ​ក៏​បាន​ស្នើ​សុំ​បញ្ជូន​រឿង​នេះ​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​ដើម្បី​ដោះស្រាយ​ដោយ​ទុក​វត្ថុ​តាង​ទាំង​ពីរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រំចេក អំឡុង​ពេល​ចរចា​នៅ​ខេត្ត​នា​ថ្ងៃ​ទី 2 ខែសីហា​ឆ្នាំ 2023 ភាគី​រថយន្ត​បាន​បន្ថែម​ឲ្យ​បាន​ចំនួន 2 លាន​រៀល​ខណៈ​ភាគី​ម៉ូតូ​ស្នើ​សុំ 8 លាន​រៀល​តែ​មិន​ត្រូវ​គ្នា បន្ទាប់​មក​ភាគី​រថយន្ត​បាន​ឡើង​ដល់ 5 លាន​រៀល​។

ក្រោយមក​ ស្រាប់តែ​ភាគី​ម៉ូតូ​បាន​ទទួល​ដំណឹង​ថា​លោក​វរៈសេនីយ៍ទោ ឯក​ ស៊ា​ង​ហន​ បាន​នាំ​កូនចៅ​ក្រោម​ឱវាទ​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រំចេក ​ហើយ​ធ្វើ​ឯកសារ​យក​ឡាន​ចេញពី​ប៉ុស្តិ៍​បាត់​ទៅ​ហើយ ដោយ​ប្រាប់​ខាង​ប៉ុស្តិ៍​ថា​យក​ទៅ​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​។​

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា​លោក​វរសេនីយ៍ទោ ឯក​ ស៊ា​ង​ហន យក​ឡាន​ចេញពី​កន្លែង​រក្សា​ទុក​នៅ​ប៉ុស្តិ៍​មក ភាគី​ម៉ូតូ​បាន​ទំនាក់ទំនង​សួរ​ទៅ​លោក​វរសេនីយ៍ត្រី សួន​ ពន្លក នាយ​រង​ការិយាល័យ​នគរ​​បាល​ចរាចរណ៍​ខេត្ត​ថា​មាន​បានឃើញ​រថយន្ត​ដែល​ខាង​ស្រុក​ព្រះស្ដេច​យក​ទៅ​ទុក​នៅ​ខេត្ត​ដែរ​ឬទេ​ពេល​នោះ​លោក​វរសេនីយ៍ត្រី សួន​ពន្លក បាន​ប្រាប់​មក​វិញ​ថា​រថយន្ត​គេ​មិន​បាន​យក​មក​ទុក​នៅ​ខេត្ត​នោះ​ទេ​គឺ​យក​ទៅ​ទុក​នៅ​ស្រុក​ព្រះស្ដេច​ឯណោះ​។

ដោយ​មិន​អស់ចិត្ត​ ភាគី​ម៉ូតូ​បាន​ទៅ​ជួប​ជាមួយ​លោក​វរៈសេនីយ៍ត្រី អឹ​ម ​សុភាព នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រំចេក​ដោយ​លោក​បាន​ប្រាប់​ថា កាលពី​កន្លះ​ខែ​មុន​លោក​វរសេនីយ៍ទោ ឯក​ ស៊ា​ង​ហន បាន​នាំ​កម្លាំង​ក្រោម​ឱវាទ​មក​ធ្វើ​ឯកសារ​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​បាត់​ហើយ ដោយ​ប្រាប់​លោក​ថា​ការ​ចរចា​បាន​ត្រូវ​គ្នា​ហើយ​។​ព្រោះតែ​មានការ​សង្ស័យ​ភាគី​ម៉ូតូ​បាន​ទូរស័ព្ទ​ជួប​ជាមួយ​លោក​វរសេនីយ៍ត្រី សួន​ពន្លក ដោយ​លោក​បាន​បញ្ជាក់​ប្រាប់​ថា​ឡាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្ដេច​ស្រប​ពេល​នោះ​ផង​ដែរ​ភាគី​ម៉ូតូ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​អធិការដ្ឋាន​នគរ​បាល​ស្រុក​ព្រះស្ដេច​តែ​ពុំ​បានឃើញ​រថយន្ត​នៅ​ទីនោះ​ទេ​ ។ ​ពេល​ដែល​ដឹង​ថា​ភាគី​ម៉ូតូ​បាន​ទៅ​ដល់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្ដេច​លោក​វរសេនីយ៍ទោ​ឯក ​ស៊ា​ង​ហន ​ស្ទុះស្ទា​ចាប់​ទូរស័ព្ទ​ ហើយ​ហៅ​ឲ្យ​ម្ចាស់​រថយន្ត​បើករថយន្ត​យក​មក​ទុក​នៅ​ជិត​កន្លែង​បន្ទប់​របស់​លោក​ស្នាក់​នៅ​ទៅ​វិញ​។

​ក្នុង​ពេល​នោះ​ផង​ដែរ ​លោក​ឯក​ ស៊ា​ង​ហន​ បាន​តឿន​ឲ្យ​​អ្នកបើកបរ​​រថយន្ត​បើករថយន្ត​យក​មក​ទុក​នៅ​ក្នុង​អធិការ​ស្រុក​ឲ្យ​លឿន​ជាទី​បំផុត​។​តែ​ទោះបីជា​ធ្វើ​យ៉ាងនេះ​ក៏​ដោយ​ក​ភាគី​សាច់ញាតិ​ម៉ូតូ​បាន​ផ្តិត​យក​រូបភាព​ទាំង​ការ​បើករថយន្ត​ចូល​និង​បើក​យក​មក​ចត​តាំង​ពីមុខ​ផ្លូវថ្នល់​រហូត​ដល់​ក្នុង​បរិវេណ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្ដេច ។​មានការ​លើក​ឡើងជា​សំណួរ​ថា​រឿង​នេះ​ប៉ះ​លើ​គ្រួសារ​អ្នករាជការ​ដែរ​ចុះបើ​ប៉ះ​លើ​ប្រជាពលរដ្ឋ​តូចតាច​តើ​ពួក​គាត់​មានការ​ឈឺចាប់​បែប​ណា? ពេល​នោះ​ហើយ​ដែល​បង្កើត​ឲ្យ​មាន​កំហឹង​ខឹង​ដល់​ថ្នាក់ដឹកនាំ មួយវិញទៀត​បើ​រឿង​នេះ​ធ្លាក់​ប៉ះ​ចំ​លើ​គ្រួសារ​អស់លោក​វិញ តើ​អស់លោក​មានការ​ឈឺចាប់​ដែរ​ឬទេ? អស់លោក​ត្រូវ​ចាំ​ថា​កម្ម​ពារ​មាន​ពិត​មិន​ចាំជាតិ​ក្រោយ​ឡើយ​។

ក្នុង​ករណី​នេះ​ផង​ដែរ​ សាច់ញាតិ​ជន​រង​គ្រោះ​គ្រោង​នឹង​ដាក់​ពាក្យ​ប្ដឹង​គោរព​ចូល​នាយ​ឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ​ផង​ដែរ​ ដើម្បី​ចង់បាន​នូវ​ភាព​យុត្តិធម៌​ត្រឹមត្រូវ​នៅ​ពេល​ដែល​មន្ត្រី​ថ្នាក់​ក្រោម​អនុវត្ត​ខុស​នីតិវិធី​បែប​នេះ តើ​ត្រូវ​ទទួល​ពិន័យ​បែប​ណា​ដែរ? ​ក្នុង​នោះ​ផង​ដែរ​សាច់ញាតិ​ជន​រង​គ្រោះ​ក៏​បាន​ស្នើ​សុំ​ឲ្យ​បញ្ជូន​សំណុំរឿង​និង​វត្ថុ​តាង​ទាំង​ពីរ​ទៅ​តុលាការ​ដើម្បី​ទុក​ឲ្យ​តុលាការ​សម្រេច​និង​បន្ត​នីតិវិធី​។

ដោយឡែក​លោក​វរសេនីយ៍ត្រី សួន​ពន្លក នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​បាន​ប្រាប់​សាច់ញាតិ​ជន​រង​គ្រោះ​ថា សូម​បញ្ចប់រឿង​ត្រឹមហ្នឹង​ទៅ ហើយ​ព្រម​ទទួលយក​សំណង​ប្រាំ​លាន​រៀល​និង​ចុះ​មិនបាច់​បន្ត​ទៅ​ណា​វែង​ឆ្ងាយ​ទេ​ព្រោះ​រឿង​នេះ​លោកស្នងការ​ជា​អ្នកបញ្ជា​ឲ្យ​ដោះ​លែង​រថយន្ត​នោះ​។

សូម​រំលឹក​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៣និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ ស្ថិត​នៅ​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៧៦-៧៧ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ១ ភូមិ​ស្រះ ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

យុវជន​ទាំង​២​នាក់ ​​ក្នុងនោះ​១-ឈ្មោះ ទេព ពន្លឺ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​សម្ល​ឆៅ ឃុំ​ច​ន្ទ្រា ស្រុក​រមាស​ហែក ខេត្តស្វាយរៀង និង​២-ឈ្មោះ ឡ​ន ប៊ុ​ន​ឡូ ភេទ​ប្រុស អាយុ១​៤​ឆ្នាំ រស់នៅ​ភូមិ​វត្ត​ពោធិ៍ ឃុំ​រាម ស្រុក​រមាស​ហែក ខេត្តស្វាយរៀង បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង 1T-4291 បាន​ប៉ះ​ជាមួយ​រថយន្ត​បែន​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់ផ្លា​ក​លេខ កំពង់ចាម 3A-9482 បណ្ដាល​ឱ្យ​ភាគី​ខាង​ម៉ូតូ​រង​រ​​បួ​​ស​​ទាំង ២​នាក់ យុវជន​ទាំង ២​នាក់ ត្រូវ​បាន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រះស្ដេច ចំណែក​អ្នកបើកបរ​រថយន្ត​បែន បាន​រត់គេច​ខ្លួន​បាត់​ស្រមោល រីឯ​វត្ថុ​តាង​ម៉ូតូ និង​រថយន្ត យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រំចេក រង់ចាំ​ដោះស្រាយ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ