រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១២ ឧសភា ២០១១ តំណាងរាស្ត្រគណបក្សសម រង្ស៊ី ចំនួន១៣រូប បានស្នើទៅសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី យកថ្ងៃទី៤ មិថុនា ជាទិវាកាន់ទុក្ខរបស់ខ្មែរគ្រប់រូប ។ លិខិតនេះត្រូវបានដាក់ផ្ញើជូនទៅសម្តេចតេជោតាមរយៈសម្តេចហេងសំរិន ប្រធានរដ្ឋសភា ។
យោងតាមលិខិតដែលកោះសន្តិភាពទទួលបានឱ្យដឹងថា យើងខ្ញុំជាអ្នកតំណាងរាស្ត្រសូមជម្រាបសម្តេចនាយករដ្ឋមន្ត្រីជ្រាបថា កាលពីថ្ងៃទី៤ មិថុនា ១៩៤៩ បារាំងបានកាត់ទឹកដីរបស់ខ្មែរដ៏ធំល្វឹងល្វើយមានផ្ទៃដី៦៨,៩៦៥គីឡូម៉ែត្រ មាន២១ខេត្ត និងរាជធានីមួយ គឺរាជធានីព្រៃនគរ មានភូមិចំនួន១៤,៧៧៨ភូមិ មានឃុំចំនួន១.៣៦៨ឃុំ មានស្រុកចំនួន១៧១ស្រុក មានប្រជាពលរដ្ឋខ្មែរប្រមាណ១២,៥៤៧,២៥០នាក់ មានវត្តព្រះពុទ្ធសាសនាប្រមាណជាង៥៦៧វត្ត មានព្រះអង្គព្រះពុទ្ធសាសនាជាង១ម៉ឺនអង្គឱ្យទៅវៀតណាម ធ្វើអាណានិគមរហូតដល់សព្វថ្ងៃនេះ។
លិខិតដដែលបន្តថា ការបាត់បង់ទឹកដីរបស់ខ្មែរដ៏ធំធេងនេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរនៅដែនដីកម្ពុជាក្រោមរងនូវការឈឺចាប់គ្រប់ពេលវេលា ហើយពួកគាត់បានធ្វើការតវ៉ាពី មួយជំនាន់ទៅមួយជំនាន់ ដោយសារតែចង់ការពារជាតិសាសនា ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អក្សរសាស្ត្រ និងពង្សាវតាររបស់ខ្មែរឱ្យបានគង់វង្ស ។ ក្នុងដំណាក់កាលតស៊ូនោះមានប្រជាពលរដ្ឋខ្មែររាប់សិបនាក់ត្រូវបានទទួលរងគ្រោះថ្នាក់រហូតដល់ខ្លះបានបាត់បង់ជីវិតទៀតផង។ ថ្ងៃទី៤ មិថុនា ជារៀងរាល់ឆ្នាំបងប្អូនពលរដ្ឋខ្មែរក្រោមនៅជុំវិញពិភពលោកតែងតែបានប្រារព្ធទិវាបាត់បង់ទឹកដីគឺជាការកាន់ទុក្ខរបស់ខ្មែរក្រោម។
គួររំឭកថា កាលពីថ្ងៃទី៤ ឧសភា សហគមន័ខ្មែរកម្ពុជាក្រោម នៅកម្ពុជាបានដាក់លិខិតមួយច្បាប់ទៅសាលារាជធានីភ្នំពេញ ស្នើសុំបរិវេណមុខវត្តបទុមវតីក្នុងរាជធានីភ្នំពេញ ប្រារព្ធទិវាបាត់បង់ទឹកដីគឺជាកាន់ទុក្ខរបស់ខ្មែរក្រោម ។ ប៉ុន្តែ សាលារាជធានីនៅមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទេ ៕
ចែករំលែកព័តមាននេះ