តុលាការនៅប្រទេសអារ៉ាប៊ីសាអូឌីតសម្រេចផ្ដន្តាទោសទោសប្រហារជីវិតអ្នកលេងបណ្ដាញសង្គមម្នាក់ដែលរិះគន់រដ្ឋាភិបាលឥតសំចៃមាត់ពាក់ព័ន្ធនឹងអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស។ ខាងលើនេះជាការបង្ហើបឱ្យដឹងពីបងប្រុសរបស់ទណ្ឌិត និងក្រុមគ្រួសាររបស់គាត់។ ទណ្ឌិតឈ្មោះមហាម៉ាត់ អាល់ ហ្កាំឌី (Mohammed al-Ghamdi) ត្រូវបានប្រកាសសាលក្រមដោយ «តុលាការព្រហ្មទណ្ឌពិសេស» ដែលបង្កើតឡើងកាលពីឆ្នាំ២០០៨ដើម្បីជំនុំជម្រះក្ដីពាក់ព័ន្ធនឹងអំពើភេរវកម្ម។
សូមបញ្ជាក់ឡើងវិញថាទណ្ឌិតរូបនោះជាអ្នកលេងបណ្ដាញសង្គម និងរិះគន់រដ្ឋាភិបាល។ ប៉ុន្តែតុលាការកាត់ទោសគាត់មិនមែនពាក់ព័ន្ធនឹងការរិះគន់ទេ។ គឺពាក់ព័ន្ធនឹងរឿងផ្សេង។ ព្រះរាជអាជ្ញាចោទប្រកាន់គាត់ពីបទរួមគំនិតក្បត់ដើម្បីប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត, ពីបទធ្វើឱ្យចុះខ្សោយដល់ស្ថាប័នរបស់ជាតិ និងពីបទគាំទ្រមនោគមន៍វិជ្ជាភេរវកម្ម។
មន្ត្រីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតសូមមិនធ្វើអត្ថាធិប្បាយទៅលើបញ្ហានេះទេ, ខណៈដែលក្រុមសកម្មជនសិទ្ធិមនុស្សថ្លែងថាសំណុំរឿងនេះឆ្លុះបញ្ចាំងពីការបង្ក្រាបដ៏ខ្លាំងក្លាទៅលើក្រុមអ្នករិះគន់តាមបណ្ដាញសង្គម។ សូម្បីតែអ្នកលេងបណ្ដាញសង្គមកំប៉ិកកំប៉ុកដែលមានអ្នកចុចតាមដានត្រឹមតែបន្តិចបន្តួចក៏មិនរួចខ្លួនដែរ។ បងប្រុសរបស់គាត់ដែលកំពុងរស់នៅនិរទេសខ្លួនប្រាប់ថាការចោទប្រកាន់ប្រឆាំងនឹងប្អូនប្រុសរបស់គាត់ តិចឬច្រើនមានជាប់ពាក់ព័ន្ធនឹងការបង្ហោះសារនៅលើទ្វីតថឺ។
នៅក្នុងសារនោះ, បងប្រុសគាត់រិះគន់រដ្ឋាភិបាល និងគាំទ្រក្រុមអ្នកជាប់ពន្ធនាគារដែលគេហៅថាអ្នកទោសមនសិការ។ គណនីទ្វីតថឺរបស់គាត់មានអ្នកចុចតាមដានត្រឹមតែ៩នាក់ប៉ុណ្ណោះ។ ក្នុង១ឆ្នាំៗ, ប្រទេសអារ៉ាប៊ីសាអូឌីតប្រហារជីវិតមនុស្សជាច្រើននាក់។ កាលពីឆ្នាំ២០២២, អ្នកទោសដែលត្រូវបានប្រហារជីវិតមានចំនួន១៤៧នាក់។ សម្រាប់ឆ្នាំ២០២៣នេះក៏មិនអន់ប៉ុន្មានដែរ។ ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ, អ្នកទោស៩៤នាក់ត្រូវបានប្រហារជីវិត។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋមិនបានបញ្ជាក់ឱ្យច្បាស់ថាអ្នកទោសឈ្មោះមហាម៉ាត់ អាល់ ហ្កាំឌី (Mohammed al-Ghamdi) នឹងត្រូវប្រហារជីវិតដោយវិធីណាទេ។ ប៉ុន្តែបើតាមការចំណាំកាលពីពេលកន្លងមក, ទម្រង់នៃការប្រហារជីវិតដែលនិយមប្រើជាងគេគឺការកាត់ក្បាល។ ក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់រាជទាយាទមហាម៉ាត់ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman), ប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើកំណែទម្រង់ដ៏ធំមួយដែលព្រះអង្គឱ្យឈ្មោះថាទស្សនវិស័យឆ្នាំ២០៣០។
ព្រះអង្គចង់ធ្វើឱ្យប្រទេសនេះក្លាយជាតំបន់គោលដៅទេសចរណ៍ និងធុរកិច្ចលំដាប់ពិភពលោក។ ប៉ុន្តែទន្ទឹមនឹងនោះ, អាជ្ញាធរក៏បានប្រើប្រាស់ធម៌ក្ដៅសម្បើមណាស់ដែរ។ កាលពីឆ្នាំ២០២២, ស្ត្រី២នាក់ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៣៤ឆ្នាំ និង៤៥ឆ្នាំពីបទបង្ហោះសាររិះគន់រដ្ឋាភិបាលតាមបណ្ដាញសង្គម។ ទោះបីពួកគេជាប់ពន្ធនាគារយូរបែបនេះ, ប៉ុន្តែយ៉ាងហោចណាស់ក៏នៅគ្រាន់បើជាងប្រហារជីវិត៕
ប្រភព៖ AFP
https://www.thaipbsworld.com/saudi-critic-sentenced-to-death-for-social-media-posts-sources/
ចែករំលែកព័តមាននេះ