ខេត្តកណ្តាល ៖ ជាងរៀនជួសជុលម៉ូតូម្នាក់សាកល្បងបើកម៉ូតូសណ្តោងរ៉ឺម៉កបានរេទៅបុករថយន្តកូរ៉េដែលនៅចំពីមុខយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្តកិនធ្លាយពោះវៀន និងបាក់.ក ស្លាប់នៅកន្លែងកើតហេតុលើផ្លូវជាតិលេខ១១០ ក្នុងភូមិស្វាយប្រទាល ឃុំស្វាយប្រទាល ស្រុកស្អាងកាលពីវេលាម៉ោង២ និង២០នាទីរសៀលថ្ងៃទី១១ ឧសភា ។
ជនរងគ្រោះក្នុងឧប្បត្តិហេតុនោះឈ្មោះឈាវ ម៉េង ភេទប្រុស អាយុ១៨ឆ្នាំ ជាជាងរៀនជួសជុលម៉ូតូនៅភូមិ-ឃុំកើតហេតុ ។ ចំណែកអ្នកបើកបររថយន្តកូរ៉េពណ៌.ស១,៥តោននោះឈ្មោះម៉ី សុភាព ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិលេខ៧ ឃុំពោធិ៍បាន ស្រុកកោះធំ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះឈ្មោះឈាវ ម៉េង បើកសាកម៉ូតូសណ្តោងរ៉ឺម៉កលើផ្លូវជាតិលេខ១១០ ពីជើងទៅត្បូង ចំណែករថយន្តកូរ៉េបើកបរក្នុងទិសដៅបញ្ច្រាសគ្នាក្នុងល្បឿនលឿន ពេលមកដល់កន្លែងកើតហេតុរ៉ឺម៉កបានរេចង្កូតងាកមកខាងឆ្វេង ពេលនោះអ្នកបើកបររថយន្តកូរ៉េជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំពីមុខពេញទំហឹងបណ្តាលឱ្យអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កបោកធ្លាក់ពីលើម៉ូតូបាក់.ក ហើយរថយន្តក៏បានកិនពីលើពោះបែកធ្លាយពោះវៀនចេញមកក្រៅ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបំផុត ។ ដោយសារតែរថយន្តនៅមានល្បឿនលឿននៅឡើយ ក៏បានជ្រុលទៅបុកដើមចេក និងដើមឈើផ្សេងទៀតរលំដួលបណ្តាលឱ្យអ្នកបើកបររងរបួស ស្រាល និងខូចខាតរថយន្តផ្នែកខាងមុខ ចំណែកម៉ូតូសណ្តោងរ៉ឺម៉កខូចខាតស្ទើរទាំងស្រុង ។
ប្រភពបន្តថា ឈ្មោះណាវ ម៉េង ជា ជាងរៀនជួសជុលម៉ូតូបានយកម៉ូតូសណ្តោងរ៉ឺម៉ក ដែលគេយកមកជួលជុលបើកសាក ដោយសារតែមិនចេះបើកបរម៉ូតូសណ្តោងរ៉ឺម៉កស្ទាត់ ក៏បានរេចង្កូតជួបគ្រោះអាក្រក់បែបនេះទៅ ។ ក្រោយពេលកើតហេតុតៃកុងរថយន្ត និងរថយន្តត្រូវបានប៉ូលិសចរាចរណ៍នាំមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ