ភ្នំពេញ៖ នៅយប់ថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣ នេះ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងការសម្រេចដោះលែងទណ្ឌិត សំប៊ុន យ៉ានី ឱ្យមានសេរីភាពវិញ។ មូលហេតុ ដោយសារតែអ្នកស្រី សំប៊ុន យ៉ានី ដែលមានរឿងក្តី ដោយសារតែលួចលុយជំនួយរបស់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា គឺជាមនុស្សចាស់ជរា មានអាយុ ៦៦ឆ្នាំ និងមានជំងឺប្រចាំកាយ ហើយការសម្រេចផ្តន្ទាទោសទណ្ឌិតរូបនេះ ក៏ធ្វើឡើងដោយការព្យួរទោស។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលើទណ្ឌិត ឆ្មោះ សំប៊ុន យ៉ានី ភេទស្រី ដើម្បីបង្ខំដល់រូបកាយទារសំណងទៅដើមបណ្តឹងរដ្ឋប្បវេណី ដែលជាមណ្ឌលព័ត៌មានស្ត្រីកម្ពុជា។ រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៧ និង៣០នាទី កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិតឈ្មោះ សំប៊ុន យ៉ានី ភេទស្រី នៅសង្កាត់ដង្កោ រាជធានីភ្នំពេញ ដើម្បីបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។
សេចក្តីប្រកាស បន្តថា ក្រោយពីបានធ្វើការសាកសួរទណ្ឌិត និងបន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ ដោយយកចិត្តទុកដាក់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិនិត្យឃើញថា៖
១-ការសម្រេចផ្តន្ទាទោសដោយតុលាការគ្រប់ជាន់ថ្នាក់ នៅក្នុងករណីនេះ ជាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ដោយការព្យួរទោស ដោយយោងតាមមាត្រា ១០៧ នៃក្រមព្រហ្មទណ្ឌ។ ដូចនេះ ទណ្ឌិត នឹងមិនត្រូវអនុវត្តទោសរបស់ខ្លួន នៅពន្ធនាគារឡើយ លើកលែងតែបំពានលក្ខខណ្ឌ ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌ សម្រាប់ការដកហូតការព្យួរទោស។
២-ទណ្ឌិត ជាស្ត្រីមានជំងឺប្រចាំកាយ និងមានវ័យចាស់ជរា អាយុ ៦៦ឆ្នាំ គិតត្រឹមថ្ងៃចាប់ខ្លួន ដោយយោងតាមមាត្រា ៥៣១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ការបង្ខំដល់រូបកាយ មិនអាចធ្វើទៅលើស្ត្រី ដែលមានអាយុចាប់ពី ៦៥ឆ្នាំ ឡើងទៅ។
ផ្នែកលើមូលដ្ឋានខាងលើ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងទណ្ឌិតឈ្មោះ សំប៊ុន យ៉ានី ភេទស្រី ឱ្យមានសេរីភាពឡើងវិញ។
អ្នកស្រី សំប៊ុន យ៉ានី ជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។ ក្នុងអំឡុងពេលនេះ អ្នកស្រី សំប៊ុន យ៉ានី ត្រូវបានរកឃើញថា បានលួចយកប្រាក់អស់ជាង ២០ម៉ឺនដុល្លារ។
ក្នុងរឿងរ៉ាវលួចលុយរបស់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជានេះ ត្រូវបានប្តឹងផ្តល់នៅតុលាការ ហើយទីបំផុតតុលាការកំពូល បានចេញសាលដីកាស្ថាពរ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ និងដីកាបង្គាប់ឱ្យចាប់ខ្លួន ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។ ប៉ុន្តែនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ទើបសមត្ថកិច្ច ចាប់ខ្លួនបានអ្នកស្រី សំប៊ុន យ៉ានី។
ចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស អ្នកស្រី សំប៊ុន យ៉ានី ដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ ពីបទរំលោភលើសេចក្តីទុកចិត្ត។ ប៉ុន្តែទោសត្រូវបានព្យួរ តែត្រូវសងលុយ ដែលបានលួចដល់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាវិញ។
អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានប្តឹងជំទាស់នឹងការសម្រេចរបស់តុលាការសាលាដំបូងខាងលើ ហើយនៅតុលាការសាលាឧទ្ធរណ៍ បានសម្រេចផ្តន្ទាទោស អ្នកស្រី សំប៊ុន យ៉ានី ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងសងលុយជាង ២០ម៉ឺនដុល្លារ ដែលបានលួចពីអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ដោយគ្មានពាក្យថា «ព្យួរទោសឡើយ» និងសងថ្លៃសេវាច្បាប់ ១ម៉ឺនដុល្លារ។
មេធាវីរបស់អ្នកស្រី សំប៊ុន យ៉ានី មិនយល់ស្របនឹងការសម្រេចរបស់តុលាការសាលាឧទ្ធរណ៍ ក៏បានប្ដឹងសារទុក្ខ ទៅតុលាការកំពូល។ តុលាការកំពូល បានសម្រេចតម្កល់សាលក្រមរបស់សាលាឧទ្ធរណ៍ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ទុកជាបានការដដែល៕


ចែករំលែកព័តមាននេះ