ខេត្តព្រះសីហនុ ៖ ដោយមានការសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញការិយាល័យ(ក១) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿ.ងញៀ.ន បានធ្វើការស្រាវជ្រាវ និងចាប់ខ្លួនមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀ.នចំនួន០៣នាក់ ជាជនជាតិចិន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៣០នាទីល្ងាច នៅចំណុចជិតភូមិ៤ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

តាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យខាងលើរួមមាន ៖ ១-ឈ្មោះ RAO XUE ZHONG ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិចិន មុខរបរមិនពិតប្រាកដ, ២- ឈ្មោះ TANG HOU EN ភេទប្រុស អាយុ៤១ឆ្នាំ ជាជនជាតិចិន មុខរបរមិនពិតប្រាកដ និង៣- ឈ្មោះ JIA CHUN LI ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិចិន មុខរបរមិនពិតប្រាកដ។ ចំណែកវត្ថុតាងដែលចាប់យកបាន រួមមាន ៖ ១- ម្សៅម៉ត់ពណ៌ស សរុបរួមសារធាតុញៀ.នទម្ងន់ ៤៨១,២៨ ក្រាម, ២- ល្បាយពណ៌ត្នោត សរុបរួមសារធាតុញៀ.ន ទម្ងន់ ២៦,៣៥ ក្រាម និង៣- ល្បាយពណ៌ក្រហម សរុបរួមសារធាតុញៀ.ន ទម្ងន់ ១១៦0,៧៧ ក្រាម។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕

ចែករំលែកព័តមាននេះ