ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ូ​តាន កាត់​បន្ថយថ្លៃ​សេវា​ទេសចរណ៍​ប្រចាំ​ថ្ងៃ​ពាក់កណ្តាល ដើម្បី​ទាក់ទាញ​ភ្ញៀវ​កាន់តែ​ច្រើន

8 ខែ មុន

ប៊ូ​តាន ៖ រាជាណាចក្រ​ហិ​ម៉ា​ឡៃ​យ៉ា​ន នៃ​ប្រទេស​ប៊ូ​តាន (Bhutan) បាន​កាត់​បន្ថយ​ពាក់កណ្តាល នៃ​ថ្លៃ​

ប៊ូ​តាន ៖ រាជាណាចក្រ​ហិ​ម៉ា​ឡៃ​យ៉ា​ន នៃ​ប្រទេស​ប៊ូ​តាន (Bhutan) បាន​កាត់​បន្ថយ​ពាក់កណ្តាល នៃ​ថ្លៃ​សេវាកម្ម​ប្រចាំ​ថ្ងៃ ដែល​ខ្លួន​គិត​ពី​ភ្ញៀវ​ទេសចរ នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ជំរុញ​វិស័យ​ទេស​ចរណ៍ ដែល​នៅ​តែ​ជួប​ការ​លំបាក​ក្នុង​ការ​ងើបឡើង​វិញ ពោល​គឺ​១​ឆ្នាំ​បន្ទាប់​ពី​ការ​បិទ​បញ្ចប់ នៃ​ការ​រឹត​បន្តឹង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៣ កន្លង​ទៅ​។

ប៊ូ​តាន បាន​ដំឡើង​ថ្លៃ​សេវា​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ពី ៦៥​ដុល្លារ​ដល់ ២០០​ដុល្លារ​សម្រាប់​ភ្ញៀវ​ម្នាក់​ក្នុង​មួយ​យប់​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ រដ្ឋាភិបាល​បាន​ប្រកាស​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​២៥ ខែសីហា កន្លង​ទៅ ថា ចំនួន​ថ្លៃ​សេវាកម្ម​ថ្មី ១០០​ដុល្លារ​ក្នុង​មួយ​យប់​នឹង​ចូល​ជា​ធរមាន ចាប់ពី​ខែកញ្ញា ហើយ​និង​មាន​រយៈពេល​៤​ឆ្នាំ​។ សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា នេះ​គឺ​ដើម្បី​មើល​ពី​តួនាទី​សំខាន់ នៃ​វិស័យ​ទេសចរណ៍​ក្នុង​ការ​បង្កើត​ការងារ ទទួល​បានការ​ផ្លាស់​ប្តូរ​ពី​បរទេស និង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ទាំងមូល​។

ស្ថិត​នៅ​ដាច់​ពី​គេ​ជា​ច្រើន​ជំនាន់ ប្រទេស​ប៊ូ​តាន​បាន​បើក​ទទួលភ្ញៀវ​ទេសចរ​នៅ​ឆ្នាំ ១៩៧៤ នៅ​ពេល​ដែល​មាន​ភ្ញៀវ​ត្រឹម ៣០០​នាក់​ប៉ុណ្ណោះ​។ ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​ថា ចំនួន​នេះ​បាន​កើនឡើង​ដល់​ប្រមាណ ៣១៥,៦០០ នៅ​ក្នុង​ឆ្នាំ ២០១៩ ដែល​កើនឡើង ១៥.១% បើ​ធៀប​នឹង​ឆ្នាំ ២០១៨​។
លោក Dorji Dhradhul អគ្គនាយក​នៃ​នាយកដ្ឋាន​ទេសចរណ៍​បាន​និយាយ​ថា ការ​កាត់​បន្ថយថ្លៃ​សេវា​ពាក់កណ្តាល អាច​ជំរុញ​ការ​មក​ដល់​នៅ​ក្នុង​រយៈពេល​ទេសចរណ៍​ឈាន​ដល់​កម្រិត​កំពូល នៃ​ខែកញ្ញា​ដល់​ខែធ្នូ ដែល​រួម​មាន​ព្រឹត្តិការណ៍​សាសនា និង​វប្បធម៌​ជា​ច្រើន នៅ​ក្នុង​ប្រទេស​មាន​ប្រជាជន​សរុប​ជាង ៧៨៨,០០០​នាក់ ដែល​ភាគច្រើន​ជា​ពុទ្ធសាសនិក​។

កាលពី​ខែមិថុនា​កន្លង​ទៅ រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​ច្បាប់​លើ​រយៈពេល​ស្នាក់​នៅ និង​ថ្លៃ​សេវា​សម្រាប់​ភ្ញៀវ​ទេសចរ ប៉ុន្តែ​ចំនួន​ភ្ញៀវ​ទេសចរ មិន​បាន​កើនឡើង​ដូច​ការ​រំពឹង​ទុក​នោះ​។ លោក Dhradhul បាន​បន្ថែម​ថា ភ្ញៀវ​ទេសចរ​ជាង ៥៦,០០០​នាក់ បាន​មក​លេង​ប្រទេស​ប៊ូ​តាន ចាប់តាំងពី​ខែមករា ប៉ុន្តែ​ប្រហែល ៤២,០០០​នាក់ គឺជា​ជនជាតិ​ឥណ្ឌា ដែល​ត្រូវ​បង់ថ្លៃ​ត្រឹមតែ ១,២០០​រូពី​ឥណ្ឌា ឬ ១៤,៥​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។

ប្រជាជន​ប៊ូ​តាន​ប្រហែល ៥០,០០០​នាក់ ត្រូវ​បាន​ជួល​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ដែល​រក​ចំណូល​បាន​ប្រហែល ៨៤​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ក្នុង​រយៈពេល ៣​ឆ្នាំ មុន​ពេល​ផ្ទុះ​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ដែល​គិត​ជា​រូបិយប័ណ្ណ​បរទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ