ខេត្តកំពង់ឆ្នាំង ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់រងរបួសបែកក្បាលដេរ៧ថ្នេរដោយសារតែសត្វស្វានៅលើដើមស្វាយធំៗក្នុងសាលាខេត្តអង្រួនបណ្តាលឱ្យបាក់មែកធ្លាក់មកលើក្បាល។ បុរសរងគ្រោះឈ្មោះយិន សារិត អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។ ទាក់ទិននឹងគ្រោះថ្នាក់ដ៏កម្រនេះត្រូវបានដឹងថា កាលពីវេលាម៉ោង៩ និង២០នាទីព្រឹក ថ្ងៃទី១១ ឧសភា ខណៈពេលបុរសនោះកំពុងជិះម៉ូតូកាត់មុខសាលាខេត្តគាប់ជួនស្វាដែលរស់នៅលើដើមស្វាយអង្រួនមែកបណ្តាលឱ្យបាក់ធ្លាក់មកត្រូវក្បាល។
តាមការរៀបរាប់របស់បុរសរងគ្រោះបាននិយាយថា គាត់បានជិះម៉ូតូតែម្នាក់ឯង មកដល់មុខសាលាខេត្តស្រាប់តែមានមែកស្វាយយ៉ាងធំទំហំប្រហែល២,៥០តឹកប្រវែងប្រហែល៤តឹកធ្លាក់មកចំក្បាលគាត់ ធ្វើឱ្យគាត់ខំទប់ខ្លួនស្ទើរមិនជាប់ វិះតែដួល ។ លុះពេលគាត់ក្រឡេកទៅលើឃើញសត្វស្វាធំមួយក្បាលកំពុងតែអង្រួនមែកស្វាយនៅជាប់នឹងមែកស្វាយដែលបាក់ធ្លាក់។ ភ្លាមនោះដោយឈាមហូរខ្លាំងពេកគាត់មិនអាចបើកម៉ូតូបានក៏ត្រូវអ្នករត់ម៉ូតូឌុបដូចគ្នាជួយដឹកគាត់ទៅមន្ទីរពេទ្យដេរអស់៧ថ្នេរ។ សូមបញ្ជាក់ថា មែកស្វាយដែលបាក់ធ្លាក់នោះ គឺជាមែកពុកផុយទៅហើយ រួមផ្សំនឹងសត្វស្វារពិសហក់ជាន់អង្រួនថែមទៀតទើបបាក់ធ្លាក់ត្រូវមនុស្សបែបនេះ។
តាមព័ត៌មានផ្សេងមួយទៀតទាក់ទងនឹងការបាក់មែកស្វាយនេះដែរឱ្យដឹងថា បុរសម្នាក់ឈ្មោះអ៊ុន ដារឿន អាយុ៦០ឆ្នាំ រស់នៅភូមិទឹកល្អក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១០ ឧសភា បានរបូតដៃធ្លាក់ពីលើចុងស្វាយស្លាប់ ខណៈដែលរូបគាត់ឡើងបេះផ្លែស្វាយក្នុងភូមិចាស់ចម្ងាយពីផ្ទះប្រហែល១០០ម៉ែត្រ។
មន្ត្រីប៉ូលិសប៉ុស្តិ៍ក្រាំងលាវបាននិយាយថា បុរសរូបនោះពេលរបូតដៃធ្លាក់ពីលើចុងស្វាយគឺធ្លាក់ចំអង្កត់ឈើមុតចំបំពង់ក។ លុះពេលដឹកយកទៅដល់ផ្ទះក៏ស្លាប់ទៅ ព្រោះរបួសធ្ងន់ធ្ងរពេក។ បុរសរងគ្រោះត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ អ្នកភូមិនិយាយថា អ្នកស្លាប់នេះមានអាយុ៦០ឆ្នាំទៅហើយនៅតែហ៊ានឡើងដើមស្វាយទៀត ៕
ចែករំលែកព័តមាននេះ