ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ ព្រួយបារម្ភ ផ្លូវ​មួយ​ចំនួន ក្នុងស្រុក​រមាស​ហែក គ្មាន​គុណភាព

8 ខែ មុន

ខេត្តស្វាយរៀង ៖ មានការ​ដាក់​ដេញថ្លៃ​គម្រោង​កែ​លម្អ ផ្លូវ​ចំនួន​០២​ខ្សែ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ២០២៣ នៅ​ឃុំ​ក្រសាំង និង​ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក…

ខេត្តស្វាយរៀង ៖ មានការ​ដាក់​ដេញថ្លៃ​គម្រោង​កែ​លម្អ ផ្លូវ​ចំនួន​០២​ខ្សែ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ២០២៣ នៅ​ឃុំ​ក្រសាំង និង​ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ដោយ​មាន ក្រុមហ៊ុន​ច្រើន​ចូល​ដាក់​សំណើរ​ដេញថ្លៃ ដែល​គេ​ហៅ​ថា ជា​ការ​ដេញថ្លៃ​ប្រកាប់ប្រចាក់​គ្នា ទម្លាក់​តម្លៃ​ទាប​បំផុត មិន​ធ្លាប់​មាន គឺ​តម្លៃ​ទាប​រហូត​ដល់​ក្រោម ៤០​ភាគរយ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ក៏​ដូច​អ្នកជំនាញ ព្រួយបារម្ភ​ថា ផ្លូវ​គ្មាន​គុណភាព សូម​ឲ្យ​ម្ចាស់​គម្រោង និង​មន្ត្រី​លទ្ធកម្ម មេត្តា​ចុះ​ពិនិត្យ​គ្រប់​ដំណើរការ​អនុវត្ត​គម្រោង​ផង ។

គម្រោង​ទី​១ ៖ ឃុំ​អណ្តូង​ត្របែក ដាក់​ដេញថ្លៃ​គម្រោង​កិច្ចសន្យា កែ​លម្អ​ផ្លូវ​ដី​ក្រាល​ថ្ម​បំបែក ប្រវែង​១,៩០៣​ម៉ែត្រ ទទឹង​៦​ម៉ែត្រ និង​សាងសង់​លូ​មូល​ភ្លោះ មុខកាត់​១​ម៉ែត្រ ប្រវែង​១០​ម៉ែត្រ ១​កន្លែង និង​សាងសង់​លូ​មូល​ទោល មុខកាត់​១​ម៉ែត្រ ប្រវែង​០៦​ម៉ែត្រ មួយ​កន្លែង និង​សាងសង់​លូ​មូល​ទោល មុខកាត់​០,៨០​ម៉ែត្រ ចំនួន​០២​កន្លែង ប្រវែង​៦​ម៉ែត្រ និង​ស្លាក​សញ្ញា​គម្រោង​ចំនួន​០១ ។

តម្លៃ​ទឹកប្រាក់​គម្រោង​ទី​១​នេះ តម្លៃ​ប៉ាន់ស្មាន ១៧៥,៣៨៥,០០០​រៀល​។ ហើយ​មាន​ក្រុមហ៊ុន​ចូល​ដាក់​សំណើរ​ដេញថ្លៃ ចំនួន​០៧​ក្រុមហ៊ុន​។ លទ្ធផល បាន​ទៅ​លើ​ក្រុមហ៊ុន កែវ សុភ​ក្ត័ ដែល​អ្នក​ចូល​ដេញថ្លៃ ឈ្មោះ កែវ សុភ​ក្ត័ ប្រធាន​ក្រុមហ៊ុន ដាក់​តម្លៃ​ទាប​ត្រឹម ៣៣,៧៤៣,១៩០​រៀល (​គឺ​តម្លៃ​ទាប​បំផុត ក្រោម​៤០​ភាគរយ​) ។

ចំណែក​ក្រុមប្រឹក្សា​ឃុំ​អណ្តូង​ត្របែក ម្ចាស់​គម្រោង បាន​លើក​ឡើង​ថា តម្លៃ​ទាប​អាច​ទទួលយក​បាន ក្រុមហ៊ុន​ដេញថ្លៃ​ទាប​៣៣,៧៤៣,១៩០​រៀល សាងសង់​ផ្លូវ​ដី​ក្រាល​ថ្ម​បំបែក ប្រវែង​១,៩០៣​ម៉ែត្រ ដូច្នេះ​គឺ​នៅ​សល់​ប្រាក់​ចំនួន ១៤១,៦៤១,៨១០​រៀល អាច​ចុះ​កិច្ចសន្យា​បន្ថែម សាងសង់​បន្ត បាន​ផ្លូវ​ដី​ក្រាល​ថ្ម​បំបែក ប្រមាណ​០៤​ខ្សែ​ទៀត ស្មើ​៧,៦១២​ម៉ែត្រ ចំណេញ​ផ្លូវ ជូន​ប្រជាពលរដ្ឋ ។

គម្រោង​ទី​២ ៖ ឃុំ​ក្រសាំង គម្រោង​កែ​លម្អ​ផ្លូវ​ដី​ក្រាល​បេតុង​អា​មេ ១​ខ្សែ ប្រវែង ៣៨៣​ម៉ែត្រ ទទឹង​៥​ម៉ែត្រ កម្រាស់​០,១៥​ម៉ែត្រ​និង​ចាក់​បំពេញ​ដី តាម​ផ្លូវ​បេតុង សងខាង​កម្រាស់ ០,១៥​ម៉ែត្រ និង​សាងសង់​លូ​មូល​ទោល មុខកាត់​០,៦០​ម៉ែត្រ ចំនួន​០២​កន្លែង និង​ធ្វើ​ស្លាក​សញ្ញា​១ កន្លែង​។

តម្លៃ​ទឹកប្រាក់​គម្រោង​ទី​២​នេះ តម្លៃ​ប៉ាន់ស្មាន ២៣៨,៣៧១,០០០​រៀល ។ មាន​ក្រុមហ៊ុន​ដាក់​សំណើរ​ដេញថ្លៃ​០៩​ក្រុមហ៊ុន​។ លទ្ធផល ៖ បាន​ទៅ​លើ​ក្រុមហ៊ុន វ៉ា​ន វី ដាក់​តម្លៃ ៨៣,៩៧៧,០០០​រៀល តម្លៃ​ទាប​អាច​ទទួលយក​បាន (​តម្លៃ​ទាប​ក្រោម​៤០​ភាគរយ​) ។

អ្នកជំនាញ​លើក​ឡើង​ថា ការ​ដាក់​តម្លៃ​ទាប​រហូត​ក្រោម​៤០​ភាគរយ​ខាងលើ​នេះ មាន​ហា​នី​ភ័យ​ខ្ពស់​ណាស់ គឺ​ព្រួយបារម្ភ ផ្លូវ​គ្មាន​គុណភាព ធ្វើ​ខាង​មុខ ខូច​ខាងក្រោយ ធ្វើ​ខាងក្រោយ ខូច​ខាង​មុខ ។

ប្រភព​មហាជន ក៏​បាន​លើក​ឡើង​ថា កន្លង​មក​ពិនិត្យ​ឃើញ​ថា ក្រុមហ៊ុន ដែល​ដាក់​ដេញថ្លៃ​ទាប​ក្រោម​៤០​ភាគរយ ទាំង​អស់នេះ ពួក​គេ​គឺ​កេង ដែក​ទំហំ ១០​លី នៅ​ត្រឹម​ទំហំ ០៨​លី មុន​នឹង​ចាក់​ក្រាល​បេតុង គម្រោង​តម្រូវ​ឲ្យ​ក្រាល​ថ្ម ទ្រាប់​បាត តែ​ក្រុមហ៊ុន​ចាក់​បេតុង​ផ្ទាល់​ដី​ជាដើម និង​មិន​គ្រប់​ម៉ែត្រ​ទៀត​ផង កម្រាស់​ក៏​មិន​គ្រប់​តាម​ស្តង់ដា នៃ​កិច្ចសន្យា ផងដែរ ។

ប្រជាពលរដ្ឋ ក៏​សូម​សំណូមពរ ដល់​ម្ចាស់​គម្រោង និង​មន្ត្រី​លទ្ធកម្ម អ្នកជំនាញ​បច្ចេកទេស​មេត្តា ចុះ​ពិនិត្យ​គ្រប់​ដំណើរការ​អនុវត្ត​គម្រោង​ជា​ប្រចាំ​ផង ដើម្បី​ធានា​នូវ​ការ​អនុវត្ត​កិច្ចសន្យា គម្រោង​ឲ្យ​បាន​ត្រឹមត្រូវ តាម​ស្តង់ដា​បច្ចេកទេស ទើប​ផ្លូវ​មានគុណ​ភាព​យូរអង្វែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ