រាជធានីភ្នំពេញ ៖ កម្មកររោងចក្រកាត់ដេរមិថុនា រាប់ពាន់នាក់បានយល់ព្រមបើកប្រាក់ឧបត្ថម្ភចំនួន២០ដុល្លារសម្រាប់កម្មករម្នាក់ៗដែលតំណាងរោងចក្រតម្រូវឱ្យប៉ុណ្ណឹង ខណៈពួកគេ (កម្មករ) ព្យាយាមធ្វើការតវ៉ាអស់រយៈពេលជិត២ខែមកហើយ ប៉ុន្តែមិនទទួលបានលទ្ធផលជាទីគាប់ចិត្តទៅតាមច្បាប់ការងារសោះ ។ សកម្មភាពបើកប្រាក់ឧបត្ថម្ភយ៉ាងផុសផុលនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៣ ឧសភា ២០១១ នៅក្នុងបរិវេណរោងចក្រមិថុនាដែលបន្សល់គ្រោងឆ្អឹងអគារខ្មៅរោល និងស្នាមបាក់បែកជាមួយតំណាងរោងចក្រច្រើននាក់បានបើកបញ្ជីស្នាមទូទាត់ជាមួយកម្មករយ៉ាងមមាញឹក ។
ការយល់ព្រមបើកប្រាក់ឧបត្ថម្ភនេះត្រូវបានតំណាងកម្មករឱ្យដឹងថា ប្រាក់២០ដុល្លារនេះគឺសម្រាប់បុគ្គលិកដែលបម្រើការក្នុងរោងចក្ររយៈពេល១ឆ្នាំ ហើយសម្រាប់អ្នកធ្វើការច្រើនឆ្នាំ ត្រូវគុណទៅតាមនោះទៀត ទើបកម្មករយល់ព្រម ។ តំណាងកម្មករនិយាយទៀតថា បើធ្វើការតវ៉ាទាមទារប្រាក់ឱ្យលើសនេះទៀត ក៏មិនដឹងថា ពេលណាបានសម្រេចដែរ វានាំតែខាតពេលវេលាប៉ុណ្ណោះ ដូច្នេះមានតែយកប្រាក់២០ដុល្លារគុណទៅតាមឆ្នាំនេះទេ ។
សូមបញ្ជាក់រឿងរ៉ាវនេះឡើងវិញថា កន្លងមក កម្មកររោងចក្រកាត់ដេរមិថុនាប្រមាណ៣ពាន់នាក់ កាលវេលាម៉ោង៩ព្រឹកថ្ងៃអាទិត្យ ទី៨ ឧសភា ២០១១ បានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាជាបន្តទៀត នៅមុខរោងចក្រមិថុនារបស់ខ្លួនដោយប្រើអំពើហិង្សាយ៉ាងគំហុកទៅវិញទៅមកជាមួយសមត្ថកិច្ចប៉ូលិស ប៉េអឹម…ពួកកម្មករលើកតុកៅអី និងឧបករណ៍ធំៗមួយចំនួនទៅដាក់កណ្តាលផ្លូវសហព័ន្ធរុស្ស៊ីដើម្បីបិទការធ្វើដំណើរ បង្កឱ្យស្ទះចរាចរណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង…មិនតែប៉ុណ្ណោះ ពួកកម្មករបានប្រើដុំថ្ម ដបស្រាបៀរ ដំបងឈើគប់ទៅលើប៉ូលិស ប៉េអឹម ដោយសារតែខឹងសមត្ថកិច្ចទាំងនោះរារាំងពួកគេជាជាងជួយដោះស្រាយបញ្ហា ។
ការតវ៉ាដ៏ជ្រួលច្រាល់នេះ ប្រយោជន៍ដើម្បីទាមទារឱ្យថៅកែរោងចក្រដោះស្រាយប្រាក់អតីតភាពការងារ និងប្រាក់បំណាច់ឆ្នាំ បន្ទាប់ពីរោងចក្រមិថុនា ដែលមានកម្ពស់៤ជាន់ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានផ្អាកដំណើរការដោយសារអគ្គីភ័យបំផ្លាញទាំងស្រុងកាលពីរសៀលថ្ងៃទី៣០ មីនា ២០១១ រួចមក ។ ប្រហែល១ម៉ោង ទើបសមត្ថកិច្ចបំបែកហ្វូងកុបករទាំងនោះឱ្យរសាត់ខ្ចាត់ខ្ចាយ និងបើកផ្លូវសហព័ន្ធរុស្ស៊ីឱ្យយានយន្តគ្រប់ប្រភេទដំណើរការឡើងវិញ ។
គួររំឭកថា កាលពីថ្ងៃទី៦ ឧសភា ២០១១ ក្រុមកម្មកររោងចក្រមិថុនាប្រមាណ២ពាន់នាក់បានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាផងដែរ នៅមុខរោងចក្រនេះ និងបានបន្តនៅធ្វើការតវ៉ានៅមុខរោងចក្រវ៉ាយរ៉ូឡែត ដែលជាសាខារបស់រោងចក្រមិថុនា មានទីតាំងស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ដើម្បីបញ្ឈប់ចង្វាក់ផលិតតកម្ម និងអំពាវនាវឱ្យកម្មករវ៉ាយរ៉ូឡែតចូលរួមក្នុងការទាមទារនេះ។ ការធ្វើដំណើរទៅកាន់រោងចក្រវ៉ាយរ៉ូឡែត គឺពួកកម្មករធ្វើដំណើរជិះម៉ូតូកង់៣, ម៉ូតូឌុប, ម៉ូតូរ៉ឺម៉ក, កង់ និងខ្លះដើរដោយថ្មើរជើង…ពួកគេមិនអាចដើរផ្តុំគ្នាដង្ហែជាក្បួនទៅកាន់រោងចក្រនោះបានទេ ព្រោះប៉ូលិស-ប៉េអឹមបំបែក។ ក្នុងការតវ៉ានេះកម្មករបានលើករូបថតសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកជំទាវបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន និងបដាដែលមានខ្លឹមសារថា សូមឱ្យសម្តេចជួយរកយុត្តិធម៌ជាដើម ។ គួរបញ្ជាក់ថា បាតុកម្មរបស់កម្មកររោងចក្រមិថុនានេះ បានកើតឡើងបន្ទាប់ពីកម្មករមិនទទួលយកការដោះស្រាយរបស់តំណាងរោងចក្រនូវទឹកប្រាក់ចំនួន២០ដុល្លារ សម្រាប់កម្មករម្នាក់ៗជាថ្នូរទៅនឹងការបញ្ឈប់ការងារ និងបញ្ឈប់ការទាមទារប្រាក់ផ្សេងៗទៀតនោះ ។
កាលពីព្រឹកថ្ងៃទី៥ ឧសភា ២០១១ កម្មករ កម្មការិនីរោងចក្រកាត់ដេរមិថុនាដដែលនេះប្រមាណ១.០០០នាក់ក្នុងចំណោមជាង៤.០០០នាក់ ដែលខ្លះជិះរឺុម៉កកង់បី និងខ្លះជិះម៉ូតូឌុប បាននាំគ្នាធ្វើដំណើរទៅកាន់រោងចក្រកាត់ដេរប៊ឺរីអឹភែរឹល មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវអូដឹម-កប់ស្រូវ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌដង្កោ ដើម្បីទាមទារឱ្យថៅកែដោះស្រាយប្រាក់អតីតភាពការងារដល់ពួកគេ។ រោងចក្រនេះគឺជាសាខារបស់រោងចក្រមិថុនាដែលត្រូវអន្តរាយខ្ទេចខ្ទីដោយអគ្គីភ័យកន្លងមក។ ក្រុមកម្មករបានឱ្យដឹងថា ពួកគេធ្វើការទាមទារនេះមានរយៈពេល១ខែហើយដើម្បីឱ្យថៅកែដោះស្រាយប្រាក់អតីតភាពការងារ និងប្រាក់បំណាច់ឆ្នាំ ឱ្យពួកគេទៅតាមច្បាប់ការងារក្រោយពេលរោងចក្រនោះត្រូវអគ្គីភ័យឆាបឆេះកាលពីជាង១ខែមុននោះ។ ដោយសារពុំមានដំណោះស្រាយពីថៅកែរោងចក្រទើបពួកគេធ្វើការតវ៉ាចាប់តាំងពីថ្ងៃទី៦ ខែមេសា រហូតមក ដល់ពេលនេះ៕
ចែករំលែកព័តមាននេះ