រាជធានីភ្នំពេញ ៖ ស្ត្រីអាជីវករលក់គ្រឿងអលង្ការមាស-ប្លាទីននៅផ្សារអូឡាំពិក២នាក់ម្តាយ-កូនត្រូវចោរប្រដាប់អាវុធខ្លី២នាក់តាមភ្ជង់ប្លន់កញ្ឆក់យកកាបូបគ្រឿងអលង្ការចំនួន២កាបូបទៅបាត់ ដោយបាញ់ផ្ញុចដីគំរាម១គ្រាប់ទៀតផង ខណៈស្ត្រីអាជីវករ២នាក់ម្តាយ-កូនរូបនេះចេញពីហាងអ៊ុតសក់មួយកន្លែង ហៀបនឹងឡើងរថយន្តរបស់គាត់ជិះចេញទៅកាន់លំនៅឋានទៅហើយ ។
ហេតុការណ៍តាមប្លន់ឥតញញើតនេះកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១២ ឧសភា ២០១១ លើកំណាត់ផ្លូវ២៨៦ កែងផ្លូវ២០១ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។ ស្ត្រីអាជីវករនេះឈ្មោះឡោ ស្រីមុំ អាយុ៥៤ឆ្នាំ កូនស្រីរបស់គាត់ឈ្មោះឡាយ ចិន្តា អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះបុរីសុភមង្គលជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។ អ្នកទាំង២លក់គ្រឿងអលង្ការមាស-ប្លាទីននៅផ្សារអូឡាំពិកបានឱ្យដឹងថា នៅវេលាមុនកើតហេតុបន្តិច រូបគាត់បានប្រមូលគ្រឿងអលង្ការទុកដាក់ក្នុងកាបូប គឺកាបូបចំនួន៣ រួចហើយឡើងរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ជិះចេញទៅកាន់ហាងអ៊ុតសក់មួយ ដើម្បីធ្វើសក់…រួចរាល់ ហើយរូបគាត់ក៏ចេញពីហាងអ៊ុតសក់វិញ លុះហៀបបើកទ្វារឡើងរថយន្ត ស្រាប់តែមានយុវជន២នាក់ជិះម៉ូតូម៉ាកឌ្រីម C125 ស៊េរីទំនើប មកឈប់កៀកពួកគាត់ដាក់កាំភ្លើងភ្ជង់ញ៉ាច់តែម្តង និងគំរាមឱ្យប្រគល់កាបូប គ្រឿងអលង្ការឱ្យពួកគេ ។
ស្ត្រីអាជីវករបញ្ជាក់ថា ដំបូងឡើយរូបគាត់មិនព្រមប្រគល់កាបូបគ្រឿងអលង្ការឱ្យពួកចោរនោះទេ ក៏មានការប្រតាយប្រតប់គ្នាបន្តិច…ពេលនោះពួកចោរបានបាញ់ផ្ញុចដីមួយគ្រាប់ធ្វើឱ្យពួកគាត់ភ័យ ក៏លែងហ៊ានតដៃ បន្ទាប់មកពួកចោរក៏កញ្ឆក់យកកាបូបចំនួន២ជិះម៉ូតូគេចខ្លួនបាត់តែម្តង ក្រោមការតក់ស្លុតរបស់ម្ចាស់ទ្រព្យ និងអ្នកដំណើរអ៊ូអរ។ កាបូបគ្រឿងអលង្ការដែលចោរប្លន់យកទៅនោះ គឺរបស់ស្ត្រីជាម្តាយ១ និងរបស់ស្ត្រីជាកូន១…កាបូបរបស់ស្ត្រីជាម្តាយមានប្រាក់ដុល្លារ និងគ្រឿងអលង្ការក្រវិល ខ្សែដៃ ខ្សែ.ក សរុបប្រមាណ៣ម៉ឺនដុល្លារ ចំណែកកាបូបរបស់ស្ត្រីជាកូនមានប្រាក់ដុល្លារ និងគ្រឿងអលង្ការសរុបប្រមាណ១ម៉ឺនដុល្លារ សរុបទាំងអស់ប្រមាណ៤ម៉ឺនដុល្លារ ៕
ចែករំលែកព័តមាននេះ