ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ថៃ​ចា.ប់​ខ្លួ.ន​នារី​ម្នាក់​ពី​បទ​រៀប​ល្បិ.ច​ឆ​បោ.ក​ «ដាក់​លុយ​វិនិយោគ​បាន​ការ​ប្រាក់​ខ្ពស់»

3 ខែ មុន

នារី​ម្នាក់​នៅ​ប្រទេស​ថៃ​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន​ហើយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ពាក់​ព័ន្ធ​នឹង​ការ​​ឆ​បោក​​នៅ​ក្នុង​គម្រោង​ពីរ៉ាមីត​ស្គីម (pyramid scheme)​ ឬ​​​ដាក់​លុយ​វិនិយោគ​បាន​ការ​ប្រាក់​ខ្ពស់​។ គម្រោង​បោក​របស់​នារី​ជន​ជាតិ​ថៃ​ខាង​លើ​នេះ​​ប៉ះ​ពាល់​ជន​រង​គ្រោះ​​ជាង​១​រយ​នាក់​​ដែល​ជឿ​តាម​​ការ​អូស​ទាញ​ឱ្យ​​ចូល​រួម​នៅ​ក្នុង​វិនិយោគ​​មាន​តែ​ឈ្មោះ ឬ​វិនិយោគ​ខ្យល់​។ ​ទំហំ​ទឹក​ប្រាក់​សរុប​ដែល​ពួក​គេ​ខាត​បង់​មាន​ជាង​​៩​លាន​បាត​ ឬ​ស្មើ​នឹង​ជាង​២​សែន ៥​ម៉ឺន​ដុល្លារ​។ សមត្ថ​កិច្ច​ប្រាប់​ថា​​​​នារី​​ជា​ជន​សង្ស័យ​មាន​ឈ្មោះ​កនិដ្ឋា…

នារី​ម្នាក់​នៅ​ប្រទេស​ថៃ​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន​ហើយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ពាក់​ព័ន្ធ​នឹង​ការ​​ឆ​បោក​​នៅ​ក្នុង​គម្រោង​ពីរ៉ាមីត​ស្គីម (pyramid scheme)​ ឬ​​​ដាក់​លុយ​វិនិយោគ​បាន​ការ​ប្រាក់​ខ្ពស់​។ គម្រោង​បោក​របស់​នារី​ជន​ជាតិ​ថៃ​ខាង​លើ​នេះ​​ប៉ះ​ពាល់​ជន​រង​គ្រោះ​​ជាង​១​រយ​នាក់​​ដែល​ជឿ​តាម​​ការ​អូស​ទាញ​ឱ្យ​​ចូល​រួម​នៅ​ក្នុង​វិនិយោគ​​មាន​តែ​ឈ្មោះ ឬ​វិនិយោគ​ខ្យល់​។ ​ទំហំ​ទឹក​ប្រាក់​សរុប​ដែល​ពួក​គេ​ខាត​បង់​មាន​ជាង​​៩​លាន​បាត​ ឬ​ស្មើ​នឹង​ជាង​២​សែន ៥​ម៉ឺន​ដុល្លារ​។

សមត្ថ​កិច្ច​ប្រាប់​ថា​​​​នារី​​ជា​ជន​សង្ស័យ​មាន​ឈ្មោះ​កនិដ្ឋា សែន​ខុក​សុង (Kanittha Senkhoksung) អាយុ​៣៤​ឆ្នាំ​​ ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ផ្ទះ​មួយ​កន្លែង​​នៃ​​​​ខេត្ត​នគរ​រាជ​សីមា​។ ​​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​មាន​ដីការ​​របស់​​តុលាការ​ចុះ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៣​។ ​នារី​រូប​​នេះ​ត្រូវ​ព្រះ​រាជ​អាជ្ញា​ចោទ​ប្រកាន់​រួច​ហើយ​ពី​បទ​ឆ​បោក​ (fraud)។ ​បទ​ចោទ​ប្រកាន់​នោះសរ​សេរ​រៀប​រាប់​ថា​នារី​រូប​នេះ​​ប្រើ​វិធី​ឃោសនា​អូស​ទាញ​ឱ្យ​ប្រជា​ពល​រដ្ឋ​ដាក់​លុយ​វិនិយោគ​បាន​ការ​ប្រាក់​ខ្ពស់​ជាង​ការ​ប្រាក់​ដែល​កំណត់​ដោយ​ច្បាប់​។ នារី​រូប​នេះ​បង្ហោះ​ព័ត៌មាន​ប្រឌិត​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំ​ព្យូទ័រ​។

នៅ​ពេល​ចាប់​ខ្លួន​នោះ, សមត្ថ​កិច្ច​រឹប​អូស​បាន​ទូរស័ព្ទ​​បី​​គ្រឿង​ និង​សៀវភៅ​ធនាគារ​១​ចំនួន​។ ទន្ទឹម​នឹង​នោះ, សមត្ថ​កិច្ច​​ចុះ​ឆែក​ឆេរ​ផ្ទះ​១​​​ទៀត​ដែល​ជា​កម្ម​សិទ្ធិ​របស់​​គ្រួសារ​នារី​នោះ​នៅ​ក្នុង​ខេត្ត​នគរ​រាជ​សីមា​ដដែល​ និង​រក​ឃើញ​វត្ថុ​តាង​១​ចំនួន​។ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លទ្ធផល​ស៊ើប​អង្កេត​បង្ហាញ​ថា​នារី​រូប​នេះ​ធ្លាប់​បាន​បង្ហោះ​តាម​ហ្វេស​ប៊ុក​កាល​​ពី​ឆ្នាំ​២០២២​។

កាល​នោះ, ​នារី​រូប​នេះ​ប្រើ​វិធី​អូស​ទាញ​មនុស្ស​ឱ្យ​ចូល​ទៅ​ក្នុង​អន្ទាក់​របស់​ខ្លួន​នៅ​ក្នុង​គម្រោង​ឆ​បោក​ពីរ៉ាមីត​ស្គីម (pyramid scheme)។ នារីរូប​នេះ​ប្រើ​វិធី​ឆ​បោក​ជន​រង​គ្រោះ​ដោយ​សន្យា​​ពួក​គេ​​ប្រញាប់​ដាក់​លុយ​វិនិយោគ​ជា​មួយ​គម្រោង​របស់​នាង​។ ពួក​គេ​មិន​បាច់​ខ្វល់​ខ្វាយ​អ្វី​ទាំង​អស់​ គឺ​រង់​ចាំ​តែ​បើក​ការ​ប្រាក់​​រហូត​ដល់​​​​​៥០%​។ កាល​ពី​ពេល​ដាក់​ប្រាក់​​​​ដំបូងៗ​​​, ​ជន​រង​គ្រោះ​​ពិត​ជា​ទទួល​បាន​​ការ​ប្រាក់​ត្រឡប់​មក​វិញ​​មែន​។ ​ប៉ុន្តែ​បន្តិច​​​ក្រោយ​មក​, មេ​​ឆបោក​រូប​នេះ​​បិទ​​​ប្រព័ន្ធ​ទំនាក់​ទំនង​ទាំង​អស់​​។​

ហេតុ​អ្វី​បាន​ល្បិច​ឆ​បោក​តាម​ពី​រ៉ាមីត​ស្គីម នៅ​តែ​​កើត​មាន​?
មូល​ហេតុ​ធំ​បំផុត​​ដែល​នាំ​ឱ្យ​មនុស្ស​ងាយ​នឹង​រង​គ្រោះ​នៅ​ក្នុង​ល្បិច​ឆបោក​ពីរ៉ាមីត​ស្គីម ហើយ​ល្បិច​នេះ​នៅ​តែ​​អាច​បោក​មនុស្ស​បាន​ដោយ​សារ​ការ​រំភើប​ខ្លាំង​នឹង​ប្រាក់​ចំណេញ​ដោយ​ងាយ​ស្រួល​​។​ មនុស្ស​យើង​ចង់​ក្លាយ​ជា​អ្នក​មាន​ឆាប់​, ចង់​បាន​ប្រាក់​ចំណេញ​លឿន​។ ចំណុច​នេះ​ហើយ​ដែល​ងាយ​ស្រួល​ឱ្យ​ពួក​គាត់​ធ្លាក់​ចូល​ទៅ​ក្នុ​ងល្បិច​ឆ​បោក​ប្រភេទ​ពីរ៉ាមីត​ស្គីម​។​

អ្នក​ដែល​ដាក់​លុយ​ពី​ដំបូង​ៗ​អាច​ទទួល​បាន​ការ​ប្រាក់​ខ្លះ​ត្រឡប់​មក​វិញ​។​ ប៉ុន្តែ​​​​​វា​​ជា​លុយ​របស់​ពួក​គាត់​ជា​ដដែល​ទេ​​។ គ្រាន់​តែ​ឆ្លាស់​គ្នា​កាន់​។ ​មេ​ឆ​បោក​យក​លុយ​អ្នក​ថ្មី​ទៅ​បង្វិល​ឱ្យ​អ្នក​ចាស់​។ នៅ​ពេល​គ្មាន​​​អ្នក​ថ្មី​ៗ​​ដាក់​លុយ​វិនិយោគ​នៅ​ក្នុង​គម្រោង​ខ្យល់​នេះ​ អ្នក​ចាស់​ក៏​លែង​បាន​ទទួល​ភាគ​លាភ​​ជា​បន្ត​ទៀត​។​ ​ប្រភព​ចំណូល​របស់​ពួក​គេ​គឺ​ឱ្យ​កូន​ក្រុម​ ឬ​ហៅ​ម៉្យាង​ទៀត​​ថា​កូន​កញ្ច្រែង​ក៏​បាន​ដែរ​ដើរ​អូស​ទាញ​មនុស្ស​ត​គ្នា​។ ជួន​កាល​អូស​ទាញ​ដោយ​ទាំង​បង​ប្អូន ​​ឬ​ក្រុ​ម​គ្រួសារ​ខ្លួន​ឯង​ក៏​មាន​។​​

ក្នុង​​ករណី​ខ្លះ ​ជន​រង​គ្រោះ​​​ក៏​មិន​មែន​ល្ងង់​ដល់​ថ្នាក់​អត់​ដឹង​ថា​គេ​បោក​ ឬ​ចូល​ស៊ង​គេ​នោះ​ទេ​។ ​ប៉ុន្តែ​ដើម្បី​ស្រង់​ដើម​​ដែល​បាន​​បង់​ទៅ​ឱ្យ​គេ​នោះ ពួក​គេ​ត្រូវ​តែ​បន្ត​អូស​ទាញ​អ្នក​ដទៃ​ឱ្យ​ចូល​ស៊ង​នៅ​ក្នុង​គម្រោង​ឆ​បោក​នេះ​ដែរ​។ បើ​អ្នក​ណា​ដឹង​ថា​ខ្លួន​ឯង​បាន​ចូល​ស៊ង​របស់​គេ​ហើយ​​​ ​ហើយ​​​​សុខ​ចិត្ត​ដក​ខ្លួន​ថយ​​​​ត្រឹម​ហ្នឹង​មិន​អី​ទេ​។ ប៉ុន្តែ​មនុស្ស​យើង​ភាគ​ច្រើន​​មិន​អាច​បញ្ឈប់​ត្រឹម​ហ្នឹង​ទេ​។ មនុស្ស​យើង​ត្រូវ​ការ​ស្រង់​ដើម​។ នេះ​ជា​កត្តា​ចិត្ត​សាស្ត្រ​ដែល​មេ​​ធំៗ​នៅ​ក្នុង​​គម្រោង​ឆ​បោក​​​ដឹង​រួច​ជា​ស្រេច​ទៅ​ហើយ​។​

សួរ​ថា​តើ​គម្រោង​ឆ​បោក​របៀប​បណ្ដាញ​បែប​ហ្នឹង​ពេល​ណា​ដួល​រលំ​? ដួល​រលំ​នៅ​ពេល​អស់​ប្រាក់​ចំណូល​។ មាន​ន័យ​ថា​នៅ​ពេល​​គម្រោង​នេះលែង​អាច​អូស​ទាញ​អ្នក​ថ្មី​ឱ្យ​ចូល​ស៊ង​ និង​លែង​ទទួលបាន​ប្រាក់​ចំណូល​បន្ថែម​​​ពី​​អ្នក​ដែល​គេ​អាច​នឹង​​​ចូល​ស៊ង​ ពេល​នោះ​​គម្រោង​នេះ​នឹង​ដួល​រលំ​។ មេ​ធំៗ​របស់​គម្រោង​ឆ​បោក​នឹង​កាត់​រំសាយ​គម្រោង​នេះ​ដោយ​ខ្លួន​ឯង​ ព្រោះ​ពួក​គេ​មិន​អាច​​បន្ត​ចំណាយ​លុយ​ថ្លៃ​ការ​ប្រាក់​ដ៏​ខ្ពស់​ប្រចាំ​ខែ​ឱ្យ​អ្នក​ដាក់​លុយ​មុន​ៗ​បាន​ទេ​។​ គ្មាន​ចំណូល​ ​​​មាន​តែ​ចំណាយ​ រឿង​អី​មិន​ដួល​​រលំ​​?​

ប្រភព៖ Bangkok Post និង​ Forbes
https://www.bangkokpost.com/thailand/general/2635205/woman-caught-operating-pyramid-scheme
https://www.forbes.com/advisor/investing/pyramid-scheme/#:~:text=A%20pyramid%20scheme%20is%20an,distinctions%20among%20these%20three%20structures

ទិដ្ឋ​ភាព​នៅ​ចាប់​ខ្លួន​នារី​ឆបោក​ (រូប​ពាក់​ម៉ាស់​ពណ៌​ខ្មៅ)
ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យ​បណ្ដឹង​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ